សហរដ្ឋអាមេរិកយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម
កប.អនឡាញ - នៅថ្ងៃទី១៣ ខែកុម្ភៈ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។
លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Michael George DeSombre និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងការបរទេសអាមេរិកក្នុងការជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកនាពេលកន្លងមកនេះ។ លោកបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់មួយរបស់ខ្លួន ដោយត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
លោក Michael George DeSombre បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងគាំទ្រប្រទេសវៀតណាមរឹងមាំ ឯករាជ្យ និងវិបុលភាព។ អាមេរិកចង់ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាមទាំងក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងបញ្ហាអន្តរជាតិ និងតំបន់។
លោក Michael George DeSombre ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបធ្វើការជាមួយស្ថាប័ន និងក្រសួងនានារបស់វៀតណាមក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ ហើយបញ្ជាក់ថា លោកនឹងបន្តរួមចំណែកក្នុងការជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកនាពេលខាងមុខ។
* នៅព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលលោក Michael George DeSombre។
ក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវបំណងប្រាថ្នាចង់ថា ប្រទេសទាំងពីរបន្តជម្រុញកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពច្បាប់អន្តរជាតិ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយ រួមចំណែកដល់ការរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការសន្ទនា និងការពិគ្រោះយោបល់ ការជំនះផលវិបាកនៃសង្គ្រាម ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានាកងទ័ពការពារព្រំដែន កងឆ្មាំសមុទ្រនៃកងទ័ពទាំងពីរ និងឧស្សាហកម្មការពារជាតិ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម។ វៀតណាមបន្តសហការយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម (MIA) ព្រមទាំងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើនការចែករំលែកព័ត៌មាន ឯកសារ និងវត្ថុអនុស្សាវរីយ៍ទាក់ទងនឹងកងទ័ពវៀតណាមដែលបានពលីជីវិត ឬបាត់ខ្លួនក្នុងសម័យសង្គ្រាម។
លោក Michael George DeSombre បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។ លោកបញ្ជាក់ពីការគាំទ្ររបស់ក្រសួងការបរទេសអាមេរិកចំពោះវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម និងកំណត់អត្តសញ្ញាណកងទ័ពដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម។
បកប្រែដោយ Thuy Anh