ក្នុងកិច្ចសន្ទនានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចែករំលែកជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីអំពីការសម្រេចចិត្តកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang ព្រមទាំងស្នើឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ផ្ដល់ផលប្រយោជន៍និងលើកកម្ពស់ឧត្ដមភាពរបស់គ្នាទៅវិញទៅមក តភ្ជាប់ និងបំពេញបន្ថែមគ្នាទៅវិញទៅមក រួមចំណែកទាក់ទាញធនធាននិងជំរុញការអភិវឌ្ឍរួមនៃតំបន់អាស៊ាន។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើសិង្ហបុរី គាំទ្រការផ្លាស់ប្តូរបទពិសោធន៍ និងពិគ្រោះយោបល់ដល់រដ្ឋាភិបាលវៀតណាម។ ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនិងធនាគារ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូទាត់ ការទូទាត់ឆ្លងដែន អត្តសញ្ញាណឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត ព្រមទាំងលើកទឹកចិត្ដធនាគារសិង្ហបុរី មូលនិធិវិនិយោគ និងក្រុមហ៊ុនបច្ចេកវិទ្យា​ហិរញ្ញវត្ថុឱ្យពង្រីកការវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី (រូបថត៖ baochinhphu.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរគ្រឿងញៀន អំពើឆបោក ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ លោក Pham Minh Chinh បានស្នើសិង្ហបុរីបន្តគាំទ្រវៀតណាមក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្រុមអ្នកដឹកនាំថ្នាក់យុទ្ធសាស្ត្រ និងបង្កើនអាហារូបករណ៍គ្រប់កម្រិតសម្រាប់វៀតណាម បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន សិក្សាស្រាវជ្រាវដើម្បីបើកជើងហោះហើរត្រង់បន្ថែមទៀតពីសិង្ហបុរីទៅកាន់ទីក្រុងធំៗរបស់វៀតណាម និងជំរុញទេសចរណ៍។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រឹងសាមគ្គីភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន ជាពិសេសក្នុងការដោះស្រាយរាល់បញ្ហាក្នុងតំបន់។

អបអរសាទរចំពោះវៀតណាមដែលបានបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បញ្ជាក់ថា សិង្ហបុរី បន្ដជាដៃគូដែលគួរឲ្យទុកចិត្ត គាំទ្រនិងជួយវៀតណាមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិប្រកបដោយប្រសិទ្ធភាពបំផុត។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានយល់ព្រមសហការយ៉ាងសកម្មលើថាមពលស្អាត ហើយបានឲ្យដឹងថា ក្រៅពីវិស័យពាណិជ្ជកម្ម ក៏ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមទាំងការពារជាតិ និងសន្តិសុខ។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់ពីការបន្ដគាំទ្រវៀតណាមក្នុងការអភិវឌ្ឍធនធានមនុស្ស លើកទឹកចិត្តសាកលវិទ្យាល័យសិង្ហបុរីឱ្យបង្កើនអាហារូបករណ៍ បង្កើនផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លោកក៏បានឯកភាពលើការសម្របសម្រួលដើម្បីពង្រឹងសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការកសាងអាស៊ានឱ្យកាន់តែរឹងមាំ និងរួបរួមគ្នា និងលើកកម្ពស់គំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងឆ្នាំ ២០២៧ នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ APEC និងសិង្ហបុរីទទួលតំណែងជាប្រធានអាស៊ាន។

លោក Lawrence Wong បានអះអាងថា សិង្ហបុរី ​នឹងបន្តសហការដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសិង្ហបុរីកាន់តែមានប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep