ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងន័រវេសក្នុងវិស័យជាច្រើន
កប.អនឡាញ - នៅថ្ងៃទី១០ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Åsmund Aukrust រដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិន័រវេស។
ក្នុងជំនួបនោះ លោក Le Hoai Trung បានសម្តែងសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងវៀតណាម-ន័រវេស ក្នុងរយៈពេល ៥៥ ឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត ដោយបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយន័រវេស។ ភាគីទាំងពីរមានលក្ខខណ្ឌអំណោយផលដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ឆ្ពោះទៅរកការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។
    |
 |
|
លោក Le Hoai Trung និងលោក Åsmund Aukrust |
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន នាពេលខាងមុខ លោក Le Hoai Trung បានស្នើឲ្យភាគីទាំងពីរលើកកម្ពស់ទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្ដាញ ពង្រីកប្រៀបខ្លាំងរបស់ប្រទេសន័រវេស និងសក្តានុពលរបស់ប្រទេសទាំងពីរក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម កសិកម្ម ការអភិវឌ្ឍនេសាទប្រកបដោយចីរភាព បច្ចេកវិទ្យាខ្ពស់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងកំណើនបៃតងក្នុងគោលបំណងពង្រឹងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។
លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីបន្តកិច្ចសហប្រតិបត្តិការប្រពៃណីប្រកបដោយប្រសិទ្ធភាព ដូចជាការអប់រំ និងបណ្តុះបណ្តាល និងជំនួយអភិវឌ្ឍន៍ដើម្បីជួយវៀតណាមលើកកម្ពស់សមត្ថភាព ជំរុញសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោក Le Hoai Trung និងលោក Åsmund Aukrust បានសម្តែងសេចក្តីរីករាយចំពោះការអភិវឌ្ឍវិជ្ជមានក្នុងការចរចាស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របៃតងវៀតណាម-ន័រវែស ដោយយល់ព្រមជម្រុញកិច្ចចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសសមាជិក EFTA ជាមួយវៀតណាម ក្នុងគោលបំណងធ្វើពិពិធកម្មទីផ្សារ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ធុរកិច្ច និងប្រជាជននៃភាគីទាំងពីរ។
លោក Åsmund Aukrust បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងគោលនយោបាយការបរទេសសកម្មរបស់វៀតណាម ដោយចាត់ទុកវៀតណាមជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសន័រវែសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Åsmund Aukrust បានបញ្ជាក់ពីបំណងប្រាថ្នារបស់ប្រទេសន័រវេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យពាណិជ្ជកម្ម ការនេសាទប្រកបដោយចីរភាព ថាមពលបៃតង សេដ្ឋកិច្ចសមុទ្រ ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ព្រមទាំង បន្តសហការជាមួយវៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយម និងរួមចំណែកដោះស្រាយបញ្ហាប្រឈមសកល។
អំពីស្ថានភាពអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានព្រមព្រៀងគ្នាយ៉ាងសកម្មក្នុងការផ្លាស់ប្តូរ និងសហការក្នុងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន WTO និងអង្គការសហប្រជាជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Thuy Anh