លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូត He Wei និងស្ថានទូតចិនប្រចាំនៅវៀតណាមចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពង្រឹងការយោគយល់គ្នាទៅវិញទៅមកបន្ថែមទៀត និងបង្កើនទំនុកចិត្តនយោបាយតាមរយៈការរៀបចំប្រកបដោយប្រសិទ្ធភាពនៃការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ លើកកម្ពស់យន្តការសហប្រតិបត្តិការ លើកទឹកចិត្តក្រសួង ស្ថាប័ន និងមូលដ្ឋានឱ្យជម្រុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ អនុវត្តយ៉ាងសកម្មនូវសសរស្តម្ភសហប្រតិបត្តិការការពារជាតិសន្តិសុខ និងបង្កើនប្រសិទ្ធភាពនៃយន្តការការងារអន្តររដ្ឋាភិបាលនៅក្នុងវិស័យសំខាន់ៗ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក  He Wei ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសវៀតណាម

ទាក់ទងនឹងវិស័យសហប្រតិបត្តិការជាក់ស្តែង លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីដែលមានតុល្យភាព និងប្រកបដោយចីរភាពជាងមុន ហើយចង់ឲ្យប្រទេសចិនបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតសម្រាប់ការផ្តល់អាជ្ញាប័ណ្ណចំពោះផលិតផលកសិកម្ម ជលផលរបស់វៀតណាមដែលបំពេញតាមស្តង់ដារ និងជួយគាំទ្រដល់ការនាំចេញទំនិញវៀតណាមឆ្លងកាត់ប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត បង្កើនកិច្ចសហប្រតិបត្តិការលើការនាំចូលអគ្គិសនី លើកកម្ពស់កិច្ចសហប្រតិបត្តិការលើច្រកព្រំដែនឆ្លាតវៃ និងសកម្មភាពសេដ្ឋកិច្ចឆ្លងដែននៅតាមមូលដ្ឋានជាប់ព្រំដែន លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា រួមផ្សំជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកបទពិសោធន៍ក្នុងវិស័យជឿនលឿនថ្មីៗ។ ភាគីទាំងពីរសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកសាងផ្លូវរថភ្លើងស្តង់ដារចំនួនបី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតរបកគំហើញថ្មីជាក់ស្តែង ក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន ជាពិសេសរវាងតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងវិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងសុខាភិបាល; បង្កើនការផ្សព្វផ្សាយការឃោសនាអំពីទំនាក់ទំនងមិត្តភាពវៀតណាម-ចិន និងពង្រឹងមូលដ្ឋានគ្រឹះសង្គមរឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីទាំងពីរបន្តគ្រប់គ្រងព្រំដែនគោកប្រកបដោយប្រសិទ្ធភាព អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការទស្សនៈរួមកម្រិតខ្ពស់លើការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឱ្យកាន់តែប្រសើរឡើង ដោយផ្អែកលើការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ក៏ដូចជាការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិភាពស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

លោកឯកអគ្គរដ្ឋទូត He Wei បានបញ្ជាក់ថា បក្ស និងរដ្ឋចិនតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាម និងត្រៀមខ្លួនរួចជាស្រេសហការជាមួយវៀតណាម ដើម្បីពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ចែករំលែកបទពិសោធន៍ និងទ្រឹស្តីលើការកសាងបក្ស និងអភិបាលកិច្ចជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូជាការទូត ការពារជាតិ សន្តិសុខ ដោយហេតុនេះពង្រឹងទំនុកចិត្តនយោបាយកាន់តែខ្ពស់។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យទាំងឡាយប្រកបដោយមានប្រសិទ្ធភាពជាងមុន ពង្រីកឧត្តមភាពរបស់ភាគីនីមួយៗ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍថ្មី ជាពិសេស លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតកម្ម ការវិនិយោគដែលមានគុណភាពខ្ពស់ ហិរញ្ញវត្ថុនិងរូបិយវត្ថុដែលមានតុល្យភាព និងប្រកបដោយចីរភាព ពន្លឿនកិច្ចសហប្រតិបត្តិការផ្លូវដែក និងការតភ្ជាប់ផ្លូវគមនាគមន៍ជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរតាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ជាពិសេសរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវទស្សនៈរួមកម្រិតខ្ពស់ រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗ។

លោកឯកអគ្គរដ្ឋទូត Ha Wei បានបញ្ជាក់ថា ប្រទេសចិនឱ្យតម្លៃ និងត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាមក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកចម្រើនថែមទៀត៕

បកប្រែដោយ Duy Hoan