ក្នុងឱកាសនេះ លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។
អ្នកយកព័ត៌មាន៖ សូមលោកអាចចែករំលែកនូវចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម?
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស៖ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងគេរបស់លោក To Lam ក្នុងឋានៈជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមអាណត្ដិទី១៤ ដែលបង្ហាញយ៉ាងច្បាស់ពីការយកចិត្ដទុកដាក់យ៉ាងខ្លាំង និងអាទិភាពរបស់វៀតណាមក្នុងការអភិវឌ្ឍ និងពូនជ្រំទំនាក់ទំនងជាមួយប្រទេសជិតខាង។
ដំណើរទស្សនកិច្ចនេះក៏មានអត្ថន័យពិសេស និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយមានការចូលរួមពីលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតនៃបក្ស និងរដ្ឋវៀតណាម។ នេះគឺជាសារនយោបាយយ៉ាងខ្លាំងក្លាមួយដែលបង្ហាញពីកម្រិតជឿទុកចិត្តពិសេសដើម្បីការអភិវឌ្ឍដ៏រុងរឿងរបស់ប្រទេសវៀតណាម ឡាវ និងកម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមនៅក្នុងតំបន់និងពិភពលោក។
ជាពិសេសសម្រាប់ប្រទេសឡាវបងប្អូន ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស បានធ្វើឡើងត្រឹមតែ ១០ ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងលោកជំទាវ ទៅកាន់ប្រទេសវៀតណាមក្នុងខែមករា ឆ្នាំ ២០២៦ នាពេលថ្មីៗនេះ ដើម្បីអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។
នេះក៏ជាដំណើរទស្សនកិច្ចដំបូងគេរបស់ថ្នាក់ដឹកនាំបរទេសទៅកាន់ប្រទេសឡាវ បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ។ ប្រការនេះបញ្ជាក់យ៉ាងមុតមាំអំពីប្រពៃណី សាមគ្គីភាពពិសេស និងស្អិតរមួតរវាងវៀតណាមនិងឡាវ ព្រមទាំងបង្ហាញសារដ៏រឹងមាំអំពីចំណងមិត្តភាពជាយុទ្ធសាស្ត្រ ទំនុកចិត្តខាងនយោបាយនិងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កម្ពុជា លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកំពូលទ្វេភាគីជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP)។ នៅកម្ពុជាផងដែរ លោក To Lam អគ្គលេខាបក្ស រួមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកំពូលត្រីភាគីនៃបក្សទាំងបី។ នេះជាសកម្មភាពបញ្ជាក់ពីប្រពៃណី ទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងបក្សទាំងបី ដែលជាមូលដ្ឋានដ៏សំខាន់និងរឹងមាំសម្រាប់បក្សទាំងបី បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ពង្រឹងទំនុកចិត្តខាងនយោបាយ និងឯកភាពគ្នាលើការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីឲ្យដឹងអំពីលទ្ធផលជាក់លាក់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវក៏ដូចជាការអនុវត្តលទ្ធផលទាំងនេះ?
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស៖ ដោយមានអត្ថន័យពិសេសនូវពេលវេលាដូចដែលបានពោលខាងលើ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវរបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានបក្ស រដ្ឋ និងប្រជាជនឡាវ វាយតម្លៃខ្ពស់ចំពោះអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ ដែលបង្ហាញយ៉ាងច្បាស់ពីការយកចិត្ដទុកដាក់យ៉ាងខ្លាំងរបស់វៀតណាម និងអាទិភាពចំបងចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក To Lam អគ្គលេខាបក្ស បានមានជំនួបពិភាក្សាយ៉ាងទូលំទូលាយជាមួយថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋឡាវ។ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយខ្ពស់ និងស្អិតរមួតរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាជាយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដោយបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពជាងមុន ឆ្លើយតបការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រី ចែករំលែកនូវលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា?
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកម្ពុជារបស់លោក To Lam អគ្គលេខាបក្ស សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ទន្ទឹមនឹងកិច្ចប្រជុំកំពូលទ្វេភាគីរវាងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយថ្នាក់ដឹកនាំកំពូលនៃកម្ពុជា។ ថ្នាក់ដឹកនាំកម្ពុជាទាំងអស់បានសម្តែងការយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម និងការសម្រេចចិត្តដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាម។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានចែករំលែកនូវទស្សនៈនិងឯកភាពគ្នាលើគោលការណ៍ និងការតម្រង់ទិសធំៗសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលមួយនៃការអភិវឌ្ឍថ្មី ជាមួយសេចក្តីថ្លែងការណ៍រួម និងឯកសារសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។ លទ្ធផលនៃដំណើរទស្សនកិច្ចអាចសង្ខេបនៅចំណុចសំខាន់ៗដូចខាងក្រោម៖
ទីមួយ គឺថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការគោរពគ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅវិញទៅមក ដោយផ្តល់អាទិភាពចម្បងដល់ទំនាក់ទំនងទ្វេភាគីវៀតណាម-កម្ពុជា ចែករំលែកនូវទស្សនៈរួមអំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណីដែលមិនអាចបំបែកបំបាក់បានឡើយ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងបរិបទដែលស្ថានភាពតំបន់ និងអន្តរជាតិមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងទំនុកចិត្តខាងនយោបាយ ដោយចាត់ទុកនេះជាកត្តាស្នូល និងដើរតួនាទីជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី។
ទីពីរគឺភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនប្រសិទ្ធភាព និងបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននិងអាជីវកម្មនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានដាក់ចេញវិធានការជាច្រើនដើម្បីកែលម្អបរិយាកាសវិនិយោគនិងការធ្វើអាជីវកម្ម និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិក។ ជាពិសេសគឺភាគីទាំងពីរបានឯកភាពគ្នាបន្តផ្លាស់ប្តូរក្នុងការស្រាវជ្រាវរួមលើយន្តការសេដ្ឋកិច្ចថ្មី ដើម្បីតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ទីបី គឺភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកវិស័យការពារជាតិ និងសន្តិសុខជាសសរស្តម្ភដ៏រឹងមាំក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា ដោយប្តេជ្ញារក្សាខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ រួមទាំងការកសាងសមត្ថភាពនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមអ៊ីនធឺណិត និងការជួញដូរគ្រឿងញៀន។ ភាគីទាំងពីរក៏បានសម្រេចមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាងដើម្បីបំផ្លាញប្រទេសម្ខាងទៀតឡើយ។
ទីបួនគឺថ្នាក់ដឹកនាំប្រទេសទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ដោយបង្កើនការពិគ្រោះយោបល់រវាងទីភ្នាក់ងាររបស់បក្ស និងចាត់ទុកការអនុវត្តជាក់ស្តែងជារង្វាស់សំខាន់នៃការប្ដេជ្ញាចិត្ដនយោបាយ និងកម្រិតនៃការជឿទុកចិត្តរវាងភាគីទាំងពីរ។
ចំណុចមួយដ៏សំខាន់ថា កិច្ចព្រមព្រៀងដែលសម្រេចបានរវាងវៀតណាមនិងកម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនេះមិនត្រឹមតែមានអត្ថន័យនយោបាយសំខាន់សម្រាប់បក្សទាំងពីរ និងរដ្ឋទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពសុខដុមរមនាជាមួយនឹងកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីរវាងបក្សទាំងបីវៀតណាម កម្ពុជា និងឡាវ។ អាស្រ័យហេតុនេះ ជំនួបកំពូលថ្នាក់ដឹកបក្សទាំងបីបានឯកភាពគ្នាលើខ្លឹមសារជាច្រើននូវការតំរង់ទិសនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាក់ស្ដែងគឺការឯកភាពក្នុងការពង្រីកការតភ្ជាប់រវាងប្រទេសទាំងបីលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គមនាគមន៍ និងដឹកជញ្ជូន ថាមពល កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងតភ្ជាប់ប្រជាជននៃប្រទេសទាំងបី ជាពិសេសតភ្ជាប់យុវជនដើម្បីឱ្យយុវជនជំនាន់ក្រោយបន្តរក្សា និងលើកកម្ពស់សាមគ្គីភាព និងតម្លៃប្រវត្តិសាស្ត្រដ៏ស្ថិតស្ថិររវាងបក្សទាំងបី និងរដ្ឋទាំងបី។ ជំនួបកំពូលរវាងបក្សទាំងបីដែលមានការចូលរួមពីប្រមុខរដ្ឋាភិបាល និងសភានៃប្រទេសទាំងបី បានបង្ហាញសារដ៏រឹងមាំមួយថា លទ្ធផលដែលសម្រេចបានគឺជាការឯកភាពគ្នាខ្ពស់នៃប្រព័ន្ធនយោបាយនៃប្រទេសទាំងបី ដោយបញ្ជាក់ពីការយកចិត្ដទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងបក្សទាំងបី រដ្ឋទាំងបី ដូចជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយ។
ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាមទៅកាន់ប្រទេសឡាវ និងកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដែលបង្ហាញពីការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសឡាវ និងកម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនង អ្នកជិតខាង មិត្តភាពជាប្រពៃណីដល់កម្រិតខ្ពស់ថ្មីមួយ ឆ្លើយតបគោលដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយៗក្នុងបរិបទថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!
បកប្រែដោយ Pham Diep