នាយករដ្ឋមន្ត្រីវៀតណាម ជួបប្រជុំទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
កប.អនឡាញ - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) និងជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ នៅថ្ងៃទី៦ ខែកុម្ភៈ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វៀតណាមបានជួបប្រជុំទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងរយៈពេលកន្លងមក និងពិភាក្សាលើវិធានការដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត។
ក្នុងបរិយាកាសស្និទ្ធស្នាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអបអរសាទររដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ និងបានសម្តែងទំនុកចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យជាច្រើននាពេលអនាគត។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបប្រជុំទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា |
នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ និងគណបក្សបី (ខែកុម្ភៈ ឆ្នាំ២០២៥) ដោយសម្របសម្រួលការអនុវត្តផែនការសហប្រតិបត្តិការដោយស្មារតីសកម្ម ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ទំនាក់ទំនងនយោបាយ និងការទូតត្រូវបានពង្រឹង និងលើកកម្ពស់ជាបន្តបន្ទាប់។ យន្តការសហប្រតិបត្តិការទ្វេភាគីនៅតែបន្តមានប្រសិទ្ធភាព។
កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកំពុងកាន់តែមានសារៈសំខាន់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកំពុងរីកចម្រើនយ៉ាងខ្លាំង ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ កើនឡើង ១១,៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។
កិច្ចសហប្រតិបត្តិការលើបញ្ហាព្រំដែន និងទឹកដីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល សុខាភិបាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនកំពុងត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំង។
ក្រៅពីទិដ្ឋភាពវិជ្ជមាននៃការបើកច្រកព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា ភាគីទាំងពីរត្រូវសម្របសម្រួលគ្នាឱ្យបានល្អក្នុងការគ្រប់គ្រង និងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ និងសកម្មភាពខុសច្បាប់។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែន» និង «កិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងច្រកទ្វារព្រំដែន» ឲ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន និងការគ្រប់គ្រងច្រកទ្វារព្រំដែន ដោយសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
ដោយផ្អែកលើសមិទ្ធផល និងលទ្ធផលនៃកិច្ចប្រជុំកំពូលថ្មីៗរបស់គណបក្សទាំងពីរ គណបក្សទាំងបី និងនាយករដ្ឋមន្ត្រីទាំងបី រដ្ឋាភិបាលទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងកម្រិតខ្ពស់ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងតាមរយៈគ្រប់បណ្តាញទាំងអស់ ការលើកកម្ពស់យន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងការអនុវត្តគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអរិភាពប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីបំផ្លាញប្រទេសមួយទៀត រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាឋានៈស្របច្បាប់ ដើម្បីឱ្យប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាអាចមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍដ៏រុងរឿងរបស់កម្ពុជា និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan