លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងហ្វីលីពីនក្នុងឱកាសអញ្ជើញមកជូនសារតាំង
កប.អនឡាញ - នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងឱកាសអញ្ជើញមកជូនសារតាំង។
ដោយសំដែងការស្វាគមន៍លោក Adam Mulawarman Tugio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម លោក Luong Cuong ប្រធានរដ្ឋវៀតណាមបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងឥណ្ឌូនេស៊ីកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា។
លោក Adam Mulawarman Tugio បានអបអរសាទរវៀតណាមដែលបានរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយជោគជ័យ តាមរយៈនោះបានកំណត់ទិសដៅយុទ្ធសាស្ត្រដើម្បីជួយវៀតណាមឆ្ពោះទៅរកគោលដៅខួបលើកទី ១០០។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Adam Mulawarman Tugio ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី |
ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានប្រសិទ្ធភាព លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានស្នើភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន បង្កើនការសម្របសម្រួល ពង្រឹងសាមគ្គីភាពនិងតួនាទីមជ្ឈភាពរបស់អាស៊ានដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ព្រមទាំងសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
* ទទួលជួបលោក Francisco Noel R. Fernandez III ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានស្វាគមន៍លោកឯកអគ្គរដ្ឋទូតមកទទួលបេសកកម្មការទូតនៅវៀតណាម ព្រមទាំងសម្តែងការជឿជាក់ថា ជាមួយនឹងបទពិសោធន៍ជាច្រើន លោកឯកអគ្គរដ្ឋទូតនឹងដើរតួជាស្ពាន រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងហ្វីលីពីនឈានដល់កម្រិតកំពស់ថ្មីមួយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងពិភពលោក។
លោកប្រធានរដ្ឋវៀតណាម បានសម្តែងនូវសេចក្តីរីករាយដែលឃើញថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង ទំនុកចិត្តខាងនយោបាយ និងការយោគយល់គ្នាទៅវិញទៅមកត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកំពុងអភិវឌ្ឍយ៉ាងខ្លាំង។
លោកប្រធានរដ្ឋវៀតណាម បានស្នើភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញការតភ្ជាប់សេដ្ឋកិច្ច សម្រួលដល់ការនាំចូលនិងនាំចេញទំនិញដែលភាគីទាំងពីរមានសក្តានុពលនិងប្រៀបខ្លាំង ដោយខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិក នាពេលឆាប់ៗនេះ។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Francisco Noel R. Fernandez III ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម |
ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅក្នុងអង្គការ និងវេទិកាក្នុងតំបន់ និងអន្តរជាតិ លោកប្រធានរដ្ឋវៀតណាម បានសម្តែងការជឿជាក់ និងបញ្ជាក់ថានឹងគាំទ្រហ្វីលីពីនបំពេញតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២៦ ដោយជោគជ័យ ព្រមទាំងបន្តជំរុញអាស៊ានរក្សាតួនាទីមជ្ឈភាព និងសំឡេងរួមលើបញ្ហាយុទ្ធសាស្ត្រនៅក្នុងតំបន់។
ដោយសម្តែងកិត្តិយសដែលបានបំពេញបេសកកម្មការទូតនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Francisco Noel R. Fernandez III មានបំណងចង់ចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅឆ្នាំ ២០២៦ ស្របពេលដែលប្រទេសហ្វីលីពីននិងវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ លោកឯកអគ្គរដ្ឋទូត Francisco Noel R. Fernandez III ឲ្យដឹងថា ឆ្នាំ ២០២៦ នៅពេលទទួលតួនាទីជាប្រធានអាស៊ាន ហ្វីលីពីនសង្ឃឹមថា វៀតណាមមានការចូលរួមចំណែកជាច្រើនចំពោះរបៀបវារៈ ដោយហេតុនេះ អាចបញ្ចប់តួនាទីដោយជោគជ័យនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងប្លុកកាន់តែមានប្រសិទ្ធភាពនិងអភិវឌ្ឍន៍៕
ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនដែលបានចុះហត្ថលេខា លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ៕
បកប្រែដោយ Pham Diep