លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។
ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមទៅកាន់ប្រទេសកម្ពុជា និងឡាវលើកនេះ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងគេរបស់លោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមអាណត្តិទី ១៤ ដែលមានអត្ថន័យខាងនយោបាយយ៉ាងជ្រាលជ្រៅ ដែលបង្ហាញយ៉ាងច្បាស់ពីការយកចិត្ដទុកដាក់យ៉ាងខ្លាំង និងអាទិភាពចម្បងរបស់វៀតណាមសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា និងវៀតណាម-ឡាវ ដោយហេតុនេះ បង្កើតកម្លាំងចលករថ្មី និងបើកដំណាក់កាលថ្មី នៃការអភិវឌ្ឍសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ព្រមទាំងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងបីផងដែរ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងជំនួប |
លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការជឿជាក់ថា ជោគជ័យនៃដំណើរទស្សនកិច្ចនេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែមានប្រសិទ្ធភាព រួមចំណែកដល់ការពង្រឹង និងរឹតបន្ដឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ព្រមទាំងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍនៅប្រទេសនីមួយៗ។
រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០២៥ ជាពិសេសគឺជោគជ័យនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីពីរ។
ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការសហការគ្នាក្នុងការគ្រប់គ្រងនិងការពារព្រំដែន ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ព្រមទាំងលើកកំពស់ការប្រុងប្រយ័ត្នចំពោះកម្លាំងអរិភាពដែលចង់បំផ្លិចបំផ្លាញ បំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ ព្រមទាំងជំរុញការចុះហត្ថលេខាលើការព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីការគ្រប់គ្រង ការពារស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា៕
បកប្រែដោយ Thanh Cong