លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកំពូលត្រីភាគីរវាងអ្នកដឹកនាំកំពូលនៃបក្សទាំងបីវៀតណាម កម្ពុជា និងឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម រួមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកំពូលត្រីភាគីរវាងអ្នកដឹកនាំកំពូលនៃបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ។ អញ្ជើញចូលរួមក៏មាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាកម្ពុជាផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ក្នុងបរិយាកាសមិត្តភាព អ្នកដឹកនាំកំពូលនៃបក្សទាំងបីបានបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទដែលបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវបានរៀបចំមហាសន្និបាតរបស់បក្សដោយជោគជ័យ ព្រមទាំងគណបក្សប្រជាជនកម្ពុជាកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយរបស់បក្សក្នុងការកសាង និងការពារមាតុភូមិសម្រាប់ដំណាក់កាល ២០២៣-២០២៨ ដែលបង្កើតជាមូលដ្ឋានសំខាន់សម្រាប់បក្សទាំងបីពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រ ពង្រឹងទំនុកចិត្តខាងនយោបាយ និងឯកភាពគ្នាលើតម្រង់ទិសធំៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងរដ្ឋទាំងបីក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ក្រឡេកមើលរយៈពេលមួយឆ្នាំកន្លងមក មេដឹកនាំទាំងបីបានឯកភាពថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីសម្រេចបានសមិទ្ធផលវិជ្ជមានជាច្រើន និងកាន់តែបានពង្រឹងនិងពង្រីក។ ទំនាក់ទំនងនយោបាយនិងការទូតបន្តដើរតួនាទីស្នូល និងតម្រង់ទិសទូទៅសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខបន្តដើរតួនាទីជាសរសរស្តម្ភដ៏សំខាន់ និងអនុវត្តមានប្រសិទ្ធភាព។
    |
 |
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ vnanet.vn) |
ប្រទេសទាំងបីបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី និងលំហាត់សមរួមគ្នាស្តីពីការជួយសង្គ្រោះមហន្ដរាយនៅប្រទេសឡាវដោយជោគជ័យ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានមានការវិវឌ្ឍន៍យ៉ាងវិជ្ជមាន វៀតណាមសម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុប ៨.០២%; កម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៦.៣%; ឡាវត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៤.២%។ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងការឃោសនាស្តីពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងបីត្រូវបានពង្រឹងយ៉ាងខ្លាំង។
ក្នុងបរិបទដែលស្ថានភាពសកលលោកនិងតំបន់មានការវិវឌ្ឍស្មុគស្មាញ ឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។ ដោយវាយតម្លៃពីផលប៉ះពាល់នៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមមហាអំណាច ការលំបាកផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី មេដឹកនាំទាំងបីបានឯកភាពគ្នាបន្តពង្រឹងសាមគ្គីភាព រក្សាការពិគ្រោះយោបល់ជាប្រចាំ និងសហការយ៉ាងជិតស្និទ្ធដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនីមួយៗ ព្រមទាំងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីអភិវឌ្ឍ។
ដោយផ្អែកលើមូលដ្ឋាននោះ អ្នកដឹកនាំទាំងបីបានឯកភាពគ្នាបន្តរក្សាប្រចាំនូវយន្តការកិច្ចប្រជុំកំពូលត្រីភាគីរវាងអ្នកដឹកនាំកំពូលនៃបក្សទាំងបី រដ្ឋាភិបាលទាំងបី រដ្ឋសភាទាំងបី រដ្ឋមន្ត្រីការពារជាតិទាំងបី រដ្ឋមន្ត្រីក្រសួងនគរបាលទាំងបី រដ្ឋមន្ត្រីការបរទេសទាំងបី និងយន្តការត្រីភាគីផ្សេងជាច្រើនទៀត។ ប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាងដើម្បីបំផ្លាញប្រទេសម្ខាងទៀតឡើយ។ សម្របសម្រួលបានល្អក្នុងការគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងបី ជំរុញការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។
    |
 |
|
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលត្រីភាគី (រូបថត៖ vnanet.vn) |
អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងបីបានឯកភាពគ្នាក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាពនិងប្រកបដោយចីរភាព ដោយបង្កើតនូវរបកគំហើញក្នុងការភ្ជាប់យ៉ាងជិតស្និទ្ធនូវសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនិងចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្មារតីនៃការទាញយកអត្ថប្រយោជន៍ដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងបី ជាពិសេសក្នុងវិស័យច្បាប់ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍និងដឹកជញ្ជូន logistics ថាមពល ទូរគមនាគមន៍ និងទេសចរណ៍ កសាងខ្សែសង្វាក់ផលិតកម្ម-ប្រើប្រាស់។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្ដិការដែលបានចុះហត្ថលេខា ព្រមទាំងកែលម្អគោលនយោបាយ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មនៅតំបន់ព្រំដែន។ សម្រួលដល់លំហូរទំនិញ សេវាកម្ម និងវិនិយោគរវាងប្រទេសទាំងបី។ លើកទឹកចិត្ដ បង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងបីពង្រីកការវិនិយោគលើវិស័យមួយចំនួនដូចជា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល ថាមពលកកើតឡើងវិញ កសិកម្ម បច្ចេកវិទ្យាខ្ពស់ កែច្នៃ អភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ និងវិស័យផ្សេងៗទៀត។
ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស និងបំពេញតម្រូវការនៃដំណាក់កាលអភិវឌ្ឍន៍ថ្មី មេដឹកនាំទាំងបីបានបញ្ជាក់ពីការបន្ដបង្កើនការតភ្ជាប់អប់រំ និងការបណ្តុះបណ្តាល ដោយចាត់ទុកការអប់រំនិងបណ្តុះបណ្តាលជាស្ពានតភ្ជាប់យុវជនជំនាន់ក្រោយ បង្កើនការយល់ដឹង ការជឿទុកចិត្តនិងចំណងមិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរនិងប្រទេសទាំងបី។ បង្កើតលក្ខខណ្ឌអំណោយផលបំផុត រួមទាំងការផ្លាស់ថ្មីនូវកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាល ផ្ដល់អាហារូបករណ៍និងឥតគិតថ្លៃសិក្សាសម្រាប់និស្សិតមកសិក្សានៅប្រទេសពីរទៅសិក្សានៅប្រទេសម្ខាងទៀត ដោយចាត់ទុកថា នេះជាវិធានការដ៏សំខាន់មួយដើម្បីភ្ជាប់ការអប់រំ និងបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងចំណោមប្រទេសទាំងបី; សម្របសម្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ដើម្បីចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ។
    |
 |
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
មេដឹកនាំទាំងបីបានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការឲ្យមានប្រសិទ្ធភាព។ បង្កើនការឃោសនានិងអប់រំដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងបីអំពីប្រពៃណីនៃសាមគ្គីភាពពិសេស មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបី ព្រមទាំងបន្តលើកកម្ពស់តួនាទីស្នូលរបស់អង្គការមហាជន សមាគមមិត្តភាព និងមូលដ្ឋាននៅតំបន់ព្រំដែននៃប្រទេសទាំងបី។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីបានពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់។ កិច្ចប្រជុំកំពូលត្រីភាគីរវាងអ្នកដឹកនាំកំពូលនៃបក្សទាំងបីបានទទួលលទ្ធផលល្អប្រសើរ ដោយផ្លាស់ប្តូរលើគ្រប់វិស័យក្នុងបក្សទាំងបី និងរដ្ឋទាំងបី ហើយបានបញ្ជាក់ជាថ្មីម្តងទៀតនូវទំនាក់ទំនងរវាងបក្សទាំងបី និងរដ្ឋទាំងបី ប្រធានជននៃប្រទេសទាំងបីមានអត្ថន័យជាយុទ្ធសាស្ត្រ និងយូរអង្វែង។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ មេដឹកនាំទាំងបីបានឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលត្រីភាគីលើកទី ៥ រវាងអ្នកដឹកនាំកំពូលនៃបក្សទាំងបីឆ្នាំ ២០២៧ នៅប្រទេសឡាវ៕
បកប្រែដោយ Pham Diep