លោក To Lam អគ្គលេខាបក្ស អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវ និងប្រធានរដ្ឋសភាឡាវ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ នារសៀលថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញជួបជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។
នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានឯកភាពខ្ពស់លើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខក្នុងវិស័យផ្សេងៗ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរយ៉ាងលឿន និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលក្នុងការបង្កើតផែនការ និងរៀបចំពិធីបុណ្យសំខាន់ៗ ជាពិសេសខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនៅឆ្នាំ២០២៧។ ភាគីទាំងពីរបន្តបង្កើនការចែករំលែកព័ត៌មាន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ តំបន់ និងយន្តការអនុតំបន់ ដើម្បីពង្រឹងសាមគ្គីភាព តួនាទីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរក្សាសំឡេងរួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្ររបស់តំបន់។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn) |
នារសៀលថ្ងៃដដែល នៅទីក្រុងវៀងចន្ទន៍ លោក To Lam អគ្គលេខាបក្ស បានអញ្ជើញជួបជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។
ភាគីទាំងពីរបានឯកភាព បង្កើនការឃ្លាំមើលលើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីប្រកបដោយប្រសិទ្ធភាព; បន្តការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំ ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃរដ្ឋសភាទាំងពីរ និងរវាងគណៈកម្មាធិការរដ្ឋសភា។ ភាគីទាំងពីរព្រមព្រៀងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូររវាងមូលដ្ឋាននានា។ វៀតណាមនិងឡាវអះអាងសារជាថ្មីនូវការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាតំបន់ និងអន្តរជាតិដោយបង្កើនការពិគ្រោះយោបល់ និងការសម្របសម្រួលគោលជំហរលើបញ្ហាអន្តរជាតិនិងតំបន់៕
បកប្រែដោយ Thanh Cong