ប្រទេសចិនយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយវៀតណាម
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាបេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស បានជួបពិភាក្សាជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន។
ក្នុងជំនួប លោក Wang Yi បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ លោក Wang Yi បានបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាស្នូល គាំទ្របក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស ក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ និងកសាងសង្គមនិយមដោយជោគជ័យ ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍរបស់វៀតណាម។
    |
 |
|
លោក Le Hoai Trung និងលោក Wang Yi (រូបថត៖ vnanet.vn) |
លោក Wang Yi បានបញ្ជាក់ថា បក្ស និងរដ្ឋចិន យកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយវៀតណាម និងជម្រុញការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
លោក Le Hoai Trung បានជម្រាបជូនអំពីលទ្ធផលដ៏សំខាន់ៗនៃមហាសន្និបាតលើកទី១៤ ជាពិសេសទស្សនៈថ្មីអំពីទ្រឹស្តី និងតថភាពជាក់ស្តែង របស់មហាសន្និបាតលើកទី១៤។
ភាគីទាំងពីរបានឯកភាពជម្រុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ ភាគីទាំងពីរបន្តផ្លាស់ប្តូរយោបល់លើវិធានការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនិងទស្សនៈរួមកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅ "ប្រាំមួយបន្ថែមទៀត"។
ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីឲ្យកាន់តែជិតស្និទ្ធ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Thuy Anh