ដោយមានប្រធានបទ "តភ្ជាប់វិបុលភាព - ទទួលអំណរនិទាឃរដូវដ៏រុងរឿង" ពិព័រណ៍នេះចែកជាតំបន់ចំនួន ៨ រួមមាន៖ តំបន់សម្រាប់ខេត្តក្រុង ដោយមានទីក្រុងហូជីមិញដើរតួនាទីជាមជ្ឈមណ្ឌលនៃពិព័រណ៍; តំបន់ “និទាឃរដូវនៅស្រុកកំណើត - ផលិតផលពិសេសពីគ្រប់ទិសទី” “ផលិតផលកសិកម្មវៀតណាម - រីកសាយភាយពណ៌និទាឃរដូវ” “និទាឃរដូវដ៏រុងរឿង”; ការតាំងពិព័រណ៍ខ្សែសង្វាក់តម្លៃនៃឧស្សាហកម្មវាយនភណ្ឌ ស្បែកជើង គ្រឿងឈើនិងគ្រឿងសិប្បកម្មវិចិត្រសិល្បៈ; តំបន់ “បុណ្យចូលឆ្នាំថ្មីតេតសម្រាប់ការជួបជុំគ្នា” “គុណតម្លៃនៃវប្បធម៌វៀតណាម” និងតំបន់នៅកណ្ដាលវាល “រសជាតិនិទាឃរដូវ”។

leftcenterrightdel
ពិធីបើកពិព័រណ៍និទាឃរដូវលើកទីមួយ ឆ្នាំ២០២៦ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីបើក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា៖ “ពិព័រណ៍និទាឃរដូវលើកដំបូងនេះ បន្តស្ថាបនានិងកំណត់អត្តសញ្ញាណតែមួយគត់ ដែលជាពិព័រណ៍នៃអត្តសញ្ញាណ និងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខ ដែលជាចំណុចប្រសព្វដ៏អស្ចារ្យនៃវប្បធម៌ប្រពៃណី និងភាពច្នៃប្រឌិតសហសម័យ; ជាកន្លែងប្រមូលផ្ដុំនៃកម្មវិធី បរិយាកាសវប្បធម៌ ម្ហូបអាហារ និងបទពិសោធន៍ដ៏វិសេសវិសាល ដើម្បីបម្រើប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មីតេត។ ពិព័រណ៍នេះគឺផ្តោតលើប្រជាជន ដើម្បីសហគមន៍មួយទទួលបានផលិតផលដែលមានគុណភាពខ្ពស់ ជាកន្លែងប្រមូលផ្ដុំទំនិញដ៏ល្អបំផុតតាមលក្ខណៈវិនិច្ឆ័យ "ល្អបំផុតទាំង ៦ ចំណុច"៖ ប្រណិតបំផុត គុណភាពខ្ពស់បំផុត ច្រើនបំផុត សុវត្ថិភាពបំផុត ទំនើបបំផុត និងអនុគ្រោះបំផុត។ នេះជាកន្លែងដើម្បីរីកសាយភាយនិងជំរុញយ៉ាងខ្លាំងបំផុតនូវមោទនភាព "ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម"។

លោកនាយករដ្ឋមន្ត្រីមានការរំពឹងទុកថា ពិព័រណ៍នេះនឹងក្លាយជាវេទិកាផ្លាស់ប្តូរពាណិជ្ជកម្មទំនើប ដែលរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនឱកាសទិញទំនិញសម្រាប់ប្រជាជន និងគាំទ្រដល់សហគ្រាសវៀតណាម។ “និទាឃរដូវ គឺជារដូវនៃការរីកចម្រើន ជំនឿ និងក្តីសង្ឃឹមដ៏ល្អប្រសើរ។ ពិព័រណ៍និទាឃរដូវលើកដំបូងឆ្នាំ ២០២៦ គឺជា «គ្រាប់ពូជនៃវិបុលភាព» ដែលយើងសាបព្រួសនៅដើមឆ្នាំថ្មី ហើយប្រមូលផលបានយូរអង្វែងតាមរយៈចំណងសាមគ្គីភាព ការរួមកម្លាំងកាយចិត្តកសាងម៉ាកយីហោផលិតផលវៀតណាមក្នុងយុគសម័យថ្មី។ យើងមានបំណងនិងជំនឿជាក់ថា ជោគជ័យនៃពិព័រណ៍នឹងបង្កើតស្មារតី ជំរុញកម្លាំងចលករ បំផុសគំនិត ពង្រឹងជំនឿជាក់ និងរីកសាយភាយសេចក្តីប្រាថ្នា ដើម្បីឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អាចរីកចម្រើនយ៉ាងឆាប់រហ័ស ខ្លាំងក្លា និងរឹងមាំនៅក្នុងយុគសម័យថ្មី - យុគសម័យនៃការអភិវឌ្ឍប្រកបដោយភាពខ្លាំមាំមួន វិបុលភាព អរិយធម៌ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅរកសង្គមនិយម”៕

តាម vovworld.vn