leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូប​ថត៖ vov.vn)

នៅក្នុងបរិយាកាសរីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខណៈដែលប្រទេសវៀតណាមទាំងមូលកំពុងមមាញឹករៀបចំទទួលអំណរបុណ្យចូលឆ្នាំប្រពៃណីជាតិនោះ នៅថ្ងៃទី១ ខែកុម្ភៈ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានរៀបចំកម្មវិធី «រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦» ដើម្បីចែករំលែកបរិយាកាសកក់ក្តៅ និងរីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយសហគមន៍វៀតណាមនៅខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយក៏ជាឱកាសសម្រាប់អាណិកជនវៀតណាមនៅកម្ពុជាភ្ជាប់ទំនាក់ទំនង រក្សាអត្តសញ្ញាណ និងពង្រឹងចំណងសាមគ្គីភាពបន្ថែមទៀត។

មានប្រសាសន៍នៅក្នុងពិធី លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានសង្កត់ធ្ងន់ថា កម្មវិធី "រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦" ជាឱកាសដើម្បីបងប្អូនអាណិកជនវៀតណាមនៅកម្ពុជា បានជួបជុំគ្នា ចែករំលែក និងបន្តពង្រីកតម្លៃប្រពៃណី លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព ឲ្យកាន់តែជិតស្និទ្ធថែមទៀត។

leftcenterrightdel
លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង មានប្រសាសន៍​ក្នុងពិធី (រូប​ថត៖ vnanet.vn)

យោងតាមលោក Tran Tuan Anh ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សហគមន៍វៀតណាមនៅខេត្តបាត់ដំបង និងខេត្តជិតខាង បានខិតខំប្រឹងប្រែងដើម្បីជំនះការលំបាក ធ្វើឱ្យជីវភាពរស់នៅមានស្ថិរភាព ចូលរួមយ៉ាងសកម្មក្នុងការងារ ការធ្វើអាជីវកម្ម ការសិក្សា និងធ្វើសមាហរណកម្មទៅក្នុងសង្គម។

បងប្អូនមិនត្រឹមតែថែរក្សាភាសា ទំនៀមទម្លាប់ និងប្រពៃណីវៀតណាមប៉ុណ្ណោះទេ ថែមទាំងគោរពច្បាប់ក្នុងប្រទេសសាមីផងដែរ ដោយរួមចំណែកដល់ការកសាងរូបភាពនៃសហគមន៍មួយដែលខិតខំប្រឹងប្រែង មានទទួលខុសត្រូវ និងរួបរួមសាមគ្គីគ្នា។

ដោយទទួលស្គាល់ និងកោតសរសើរដោយគោរពចំពោះស្មារតីនោះ លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា ការតស៊ូខិតខំប្រឹងប្រែង និងសាមគ្គីភាពរបស់បងប្អូន បាននិងកំពុងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសហគមន៍វៀតណាមមានការរីកចម្រើនខ្លាំងក្លា ហើយបានក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់សម្រាប់ចំណងមិត្តភាពវៀតណាម-កម្ពុជា៕

បកប្រែដោយ Duy Hoan