លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ៖ ពង្រឹងកំណែទម្រង់ និងកែលម្អប្រព័ន្ធច្បាប់ និងគោលនយោបាយ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឯកជន
កប.អនឡាញ - លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងទំនាក់ទំនងរវាងសហគ្រាសឯកជនគ្នាឯង និងរវាសហគ្រាសឯកជនជាមួយសហគ្រាសរដ្ឋ និងសហគ្រាសដែលមានការវិនិយោគទុនផ្ទាល់ពីបរទេស។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទីបួនរបស់គណៈកម្មាធិការដឹកនាំជាតិស្តីពីការអនុវត្តសេចក្តីសម្រេចលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (គណៈកម្មាធិការដឹកនាំ) ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែមករា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការដឹកនាំ បានស្នើឱ្យបង្កើនកំណែទម្រង់ កែលម្អប្រព័ន្ធច្បាប់ និងគោលនយោបាយ ធានានិងការពារសិទ្ធិកម្មសិទ្ធិ សិទ្ធិលើទ្រព្យសម្បត្តិ សិទ្ធិសេរីភាពក្នុងការធ្វើអាជីវកម្ម និងសិទ្ធិប្រកួតប្រជែងស្មើភាពគ្នា នៃសេដ្ឋកិច្ចឯកជន។ ក្នុងពេលជាមួយគ្នានេះ ជួយសម្រួលដល់សេដ្ឋកិច្ចឯកជនក្នុងការទទួលបានធនធាននានាដូចជាដីធ្លី ដើមទុន និងធនធានមនុស្សដែលមានគុណភាពខ្ពស់ លើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង និងការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងចីរភាពនៅក្នុងវិស័យឯកជន។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងទំនាក់ទំនងរវាងសហគ្រាសឯកជនគ្នាឯង សហគ្រាសឯកជនជាមួយសហគ្រាសរដ្ឋ និងសហគ្រាសមានការវិនិយោគទទុនផ្ទាល់ពីបរទេស (FDI) បង្កើត និងអភិវឌ្ឍសហគ្រាសធុនធំ និងមធ្យមយ៉ាងឆាប់រហ័ស និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនក្នុងទ្រង់ទ្រាយតំបន់ និងសកលលោក ជួយគាំទ្រមានប្រសិទ្ធភាពដល់អង្គភាពអាជីវកម្មខ្នាតតូច មីក្រូ និងអាជីវកម្មលក្ខណៈគ្រួសារ...
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការពិនិត្យឡើងវិញ និងវាយតម្លៃយ៉ាងហ្មត់ចត់នូវកម្មវិធី និងគម្រោងនានា សំដៅធ្វើស្ថាប័នីយកម្មនូវគោលការណ៍ណែនាំរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ជម្រុញការកែទម្រង់នីតិវិធីរដ្ឋបាល និងអនុវត្តគោលនយោបាយដើម្បីកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងកាត់បន្ថយការចំណាយសម្រាប់អង្គភាពអាជីវកម្ម ធានាសិទ្ធិសេរីភាពក្នុងការធ្វើអាជីវកម្ម និងការទទួលបានធនធានស្មើៗគ្នា ព្រមទាំងស្តាប់ និងដោះស្រាយការលំបាក និងឧបសគ្គដែលអង្គភាពអាជីវកម្មជួបប្រទះ៕
បកប្រែដោយ Duy Hoan