ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រការកសាងសមត្ថភាពសម្រាប់ប្រព័ន្ធធនាគារវៀតណាមក្នុងវិស័យហិរញ្ញវត្ថុបៃតង និងអាកាសធាតុ
កប.អនឡាញ - នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគាររដ្ឋវៀតណាម (SBV) បានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់សមត្ថភាពលើវិស័យធនាគារបៃតង ក្នុងក្របខ័ណ្ឌនៃជំនួយបច្ចេកទេស៖ ការលើកកម្ពស់ហិរញ្ញវត្ថុ និងផ្ដល់ហិរញ្ញប្បទានអាកាសធាតុ។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រតិភូជាង ៨០ នាក់ ដែលតំណាងឲ្យស្ថាប័ន ក្រសួង ធនាគារពាណិជ្ជកម្ម និងអង្គការអភិវឌ្ឍន៍។
នេះគឺជាផ្នែកមួយនៃកញ្ចប់គាំទ្រចំនួន ២ លានដុល្លារ ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈមូលនិធិជប៉ុនសម្រាប់វិបុលភាពនៅអាស៊ីប៉ាស៊ីហ្វិក (JFPR) ក្នុងបំណងគាំទ្រការកសាងសមត្ថភាពនៃប្រព័ន្ធធនាគារវៀតណាមក្នុងការពង្រីកហិរញ្ញប្បទានសម្រាប់សកម្មភាពបៃតង និងអាកាសធាតុ ដែលជាវិស័យសំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម។
សិក្ខាសាលានេះផ្តោតលើការបង្ហាញពីផែនការអនុវត្តគម្រោង និងចែករំលែកបទពិសោធន៍អន្តរជាតិ រួមជាមួយស្ថានភាពនៃហិរញ្ញវត្ថុបៃតងនៅក្នុងប្រទេសវៀតណាម។ ប្រតិភូទាំងឡាយបានទទួលចំណេះដឹងអំពីប្រធានបទសំខាន់ៗដូចជាការវាយតម្លៃហានិភ័យអាកាសធាតុ ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការកំណត់តម្លៃកាបូន និងតួនាទីរបស់អង្គការឥណទានក្នុងការអភិវឌ្ឍទីផ្សារកាបូន។ល។
លោក Watanabe អគ្គទីប្រឹក្សា និងជាប្រធានផ្នែកសេដ្ឋកិច្ចនៃស្ថានទូតជប៉ុនប្រចាំទីក្រុងហាណូយ បានសម្តែងនូវក្តីសង្ឃឹមថា គម្រោងនេះនឹងប្រើប្រាស់ប្រាក់ជំនួយប្រកបដោយប្រសិទ្ធភាព រួមចំណែកជាក់ស្តែងដល់កំណើនបៃតង និងបរិយាប័ន្ន របស់ប្រទេសវៀតណាម។ នេះស្របនឹងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិវឌ្ឍហិរញ្ញវត្ថុបៃតងតាមគោលដៅអន្តរជាតិ៕
បកប្រែដោយ Thuy Anh