វេទិកាភាពជាដៃគូសុខាភិបាលវៀតណាម-ស៊ុយអែត៖ ជំរុញកិច្ចសហប្រតិបត្តិការសុខាភិបាលក្នុងដំណាក់កាលថ្មីមួយ
កប.អនឡាញ - នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នៅទីក្រុងស្តុកហូម ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែត បានរៀបចំវេទិកាភាពជាដៃគូសុខាភិបាលវៀតណាម-ស៊ុយអែត។
មានប្រសាសន៍នៅក្នុងពិធីបើក លោក Tran Van Tuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ុយអែត បានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃវេទិកានេះ ក្នុងបរិបទនៃដើមឆ្នាំ ២០២៦ ដែលជាឱកាសដើម្បីក្រឡេកមើលទៅកិច្ចសហប្រតិបត្តិការសុខាភិបាលវៀតណាម-ស៊ុយអែតក្នុងរយៈពេលជាង ៥០ ឆ្នាំ និងបើកដំណាក់កាលសហប្រតិបត្តិការថ្មី ឆ្ពោះទៅរកភាពជាដៃគូសមភាព ជាក់ស្តែង និងអភិវឌ្ឍរួមគ្នា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសុខាភិបាលគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភប្រកបដោយនិរន្តរភាពបំផុតនៅក្នុងទំនាក់ទំនងទ្វេភាគី។
    |
 |
|
ទិដ្ឋភាពនៃវេទិកា (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែត) |
នៅក្នុងបរិបទដែលប្រព័ន្ធសុខាភិបាលសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន វេទិកានេះគឺជាឱកាសមួយសម្រាប់ភាគីនានាផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកទិសដៅសហប្រតិបត្តិការថ្មី។ តំណាងស៊ុយអែតបានបញ្ជាក់ថា សុខាភិបាលគឺជាវិស័យសហប្រតិបត្តិការពោរពេញទៅដោយតម្លៃមនុស្សធម៌ ដោយសង្កត់ធ្ងន់លើវិធីសាស្រ្តភាពជាដៃគូសមភាព ផ្លាស់ប្តូរពីការគាំទ្រទៅជាការបង្កើតរួមគ្នា និងវាយតម្លៃខ្ពស់ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងសុខាភិបាលសាធារណៈ ការគ្រប់គ្រងប្រព័ន្ធ នវានុវត្តន៍ វេជ្ជសាស្ត្រសម្រាលកូន និងការថែទាំសុខភាពមាតា និងកុមារ។
នៅក្នុងវគ្គប្រធានបទ អ្នកប្រាជ្ញ និងអ្នកជំនាញមកពីប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ជាច្រើនក្នុងការស្រាវជ្រាវ និងការអនុវត្តគ្លីនិក ដោយសង្កត់ធ្ងន់លើតួនាទីនៃការភ្ជាប់ការស្រាវជ្រាវជាមួយនឹងការព្យាបាល ការធ្វើឱ្យនីតិវិធីមានលក្ខណៈស្តង់ដារ និងការបណ្តុះបណ្តាលអ្នកជំនាញដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាព។
តំណាងក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសុខាភិបាលវៀតណាម-ស៊ុយអែត ស្របតាមទិសដៅអភិវឌ្ឍន៍នៃប្រព័ន្ធថែទាំសុខាភិបាលរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ វេទិកានេះត្រូវបានគេរំពឹងថា នឹងលើកកម្ពស់គំនិតផ្តួចផ្តើមសហប្រតិបត្តិការជាក់ស្តែង រួមចំណែកលើកកម្ពស់គុណភាពនៃការថែទាំសុខភាព និងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត៕
បកប្រែដោយ Huyen Trang