វៀតណាម និងស្វីស ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសស្វីស នាថ្ងៃទី ២៨ ខែមករា នៅទីក្រុងប៊ែន លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយលោក Guy Parmelin ប្រធានាធិបតីស្វីស និងលោក Pierre-André Page ប្រធានសភាជាន់ទាបស្វីស។
នៅក្នុងជំនួបទាំងឡាយ ថ្នាក់ដឹកនាំស្វីស និងលោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានពិភាក្សាអំពីវិធានការជាក់លាក់មួយចំនួន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។
    |
 |
|
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី ជួបសម្តែងការគួរសមជាមួយលោក Guy Parmelin ប្រធានាធិបតីស្វីស (រូបថត៖ baochinhphu.vn) |
ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ការអនុវត្តក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព និងជំរុញការបង្កើតក្រុមសមាជិកសភាមិត្តភាព ស្វីស-វៀតណាម ដោយសភាស្វីស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសភា។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលស្វីសជាសមាជិកសំខាន់ ក្នុងឆ្នាំ ២០២៦ ដើម្បីបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្វីស ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាពិសេសក្នុងការកសាងស្ថាប័ន ការចែករំលែកបទពិសោធន៍ប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មបៃតង ថាមពលកកើតឡើងវិញ ជាដើម ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់របស់វៀតណាម៕
បកប្រែដោយ Huyen Trang