ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបកំពុងអភិវឌ្ឍជាវិជ្ជមាន ជាក់ស្តែង និងទូលំទូលាយ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៩ ខែមករា នៅវិមានប្រធានរដ្ឋក្នុងទីក្រុងហាណូយ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋ។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Luong Cuong ប្រធានរដ្ឋ និងលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានជួបពិភាក្សាជាមួយគ្នា។
មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា លោក Luong Cuong ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីវៀតណាមបានរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ ដែលបង្ហាញពីទំនុកចិត្តនយោបាយកម្រិតខ្ពស់រវាងភាគីទាំងពីរ និងបង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញទំនងវៀតណាម-សហភាពអឺរ៉ុប បន្តអភិវឌ្ឍបន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៩០-២០២៥)។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ និងលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប |
លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា វៀតណាមតែងតែឱ្យតម្លៃដល់តួនាទី និងកិត្យានុភាពរបស់សហភាពអឺរ៉ុប ដែលជាដៃគូឈានមុខគេក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាម និងសហភាពអឺរ៉ុបចែករំលែកសារៈសំខាន់នៃការលើកកម្ពស់ពហុភាគីនិយម និងការគោរពច្បាប់ ស្របតាមគោលដៅនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។
លោក Luong Cuong ប្រធានរដ្ឋ បានមានប្រសាសន៍ថា៖ “ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប កំពុងអភិវឌ្ឍជាវិជ្ជមាន ជាក់ស្តែង និងទូលំទូលាយ។ ទំនុកចិត្តនយោបាយត្រូវបានពង្រឹង និងលើកកម្ពស់ជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសជាសមាជិក។ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាកម្លាំងចលករអភិវឌ្ឍចម្បងនៃទំនាក់ទំនង។ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនកំពុងអភិវឌ្ឍយ៉ាងទូលំទូលាយ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបាន និងកំពុងក្លាយជាសសរស្តម្ភសហប្រតិបត្តិការថ្មី ដែលជាយុទ្ធសាស្ត្រ រវាងវៀតណាម ជាមួយសហភាពអឺរ៉ុប និងប្រទេសជាសមាជិក”។
រីឯលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុប និងវៀតណាម គឺជាដៃគូដែលមានគំនិតដូចគ្នាក្នុងការគោរពប្រព័ន្ធពហុភាគី សណ្តាប់ធ្នាប់អន្តរជាតិដែលឈរលើច្បាប់ និងពាណិជ្ជកម្មសេរី។ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសម្តែងនូវទំនុកចិត្តថា នាពេលខាងមុខ សហភាពអឺរ៉ុប និងវៀតណាមនឹងសម្រេចបាននូវលទ្ធផលកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការជាង ៣៥ ឆ្នាំកន្លងមក ហើយពួតដៃគ្នាដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពនៅលើពិភពលោក៕
បកប្រែដោយ Huyen Trang