លោក Julien Guerrier ឯកអគ្គរដ្ឋទូត EU៖ សហភាពអឺរ៉ុបចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាម
កប.អនឡាញ - ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបញ្ជូនសារទៅកាន់ពិភពលោកថា សហភាពអឺរ៉ុបចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាម។
លោក Julien Guerrier បានឲ្យដឹងថា វៀតណាម និងសហភាពអឺរ៉ុបមានបំណងជម្រុញទំនាក់ទំនងភាពជាដៃគូទ្វេភាគីឡើងកម្រិតខ្ពស់ថ្មីដើម្បីបើក "យុគសម័យថ្មី" ក្នុងទំនាក់ទំនងទ្វេភាគី ដោយបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងបញ្ជាក់ពីតួនាទីត្រួសត្រាយ និងជាគំរូនៃទំនាក់ទំនងនេះ។
    |
 |
|
លោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសវៀតណាម (រូបថត៖ vnanet.vn) |
សហភាពអឺរ៉ុប និងវៀតណាមចង់ពង្រឹងសសរស្តម្ភចំនួនបីនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់គឺ៖ ពាណិជ្ជកម្ម; ការផ្លាស់ប្តូរបៃតង និងសន្តិភាព; និងសន្តិសុខ។ វៀតណាម និងសហភាពអឺរ៉ុបចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព សន្តិសុខនៃការធ្វើនាវាចរណ៍ ការគ្រប់គ្រងវិបត្តិ និងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ ទន្ទឹនឹងនោះ ភាគីទាំងពីរក៏ចង់អភិវឌ្ឍវិស័យថ្មីៗដូចជា ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ វិស័យបច្ចេកវិទ្យាខ្ពស់ដូចជា បន្ទះឈីប បញ្ញាសិប្បនិម្មិត (AI) និងធនធានសំខាន់ៗ។
ទាក់ទងនឹងការដក "កាតលឿង" ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) សម្រាប់ជលផលវៀតណាម លោក Julien Guerrier បានឲ្យដឹងថា វៀតណាមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងពង្រឹងក្របខ័ណ្ឌច្បាប់។ បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងវិភាគរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាពពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ហើយសង្ឃឹមថានឹងមានការត្រួតពិនិត្យនាពេលខាងមុខ ដើម្បីដក “កាតលឿង” សម្រាប់ជលផលរបស់វៀតណាម៕
បកប្រែដោយ Thuy Anh