នៅក្នុងជំនួបនេះ លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ទាក់ទងនឹងទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោកប្រធានរដ្ឋបានឲ្យដឹងថា ភាគីទាំងពីរបន្តកំណត់ការតភ្ជាប់យុទ្ធសាស្ត្រក្នុងទំនាក់ទំនងនយោបាយ គឺជាសសរស្តម្ភ ដោយដើរតួនាទីតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងមូល។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ។ ភាគីទាំងពីរសម្របសម្រួលពន្លឿនវឌ្ឍនភាពនៃគម្រោងសហប្រតិបត្តិការសំខាន់ ដោះស្រាយការលំបាក និងឧបសគ្គ បង្កើតរបកគំហើញថ្មីៗក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពដើម្បីរំលឹកអនុស្សាវរីយ៍ ទិវាបុណ្យសំខាន់ៗនៃប្រទេសទាំងពីរយ៉ាងជាក់ស្តែង មានប្រសិទ្ធភាព និងស៊ីជម្រៅ; បង្កើនការផ្លាស់ប្តូរជំហរលើបញ្ហាយុទ្ធសាស្ត្រ សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ក្នុងនាមជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បន្ទាប់ពីជោគជ័យនៃមហាសន្និបាតរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនិស្តវៀតណាម។ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងជាងមុន ដោយបោះជំហានយ៉ាងរឹងមាំក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ និងអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៕

បកប្រែដោយ Huyen Trang