រួមចំណែកដល់ការធ្វើឱ្យមានលក្ខណៈជាក់ស្តែងនៃ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ" រវាងវៀតណាម និងឡាវ
កប.អនឡាញ - នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និងភរិយា ទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងភរិយា អ្នកយកព័ត៌មានបានជួបសម្ភាសន៍ជាមួយ លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ ស្តីពីសារៈសំខាន់ និងអត្ថន័យនៃដំណើរទស្សនកិច្ចចំពោះទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវខ្លឹមសារនៃទំនាក់ទំនងវៀតណាម-ឡាវដល់កម្រិតថ្មីមួយ ទៅជាទំនាក់ទំនងនៃ "មិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្រ" ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសឡាវនៅដើមខែធ្នូ ឆ្នាំ២០២៥។
អ្នកយកព័ត៌មាន៖ លោកឯកអគ្គរដ្ឋទូត ជាទីគោរព ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ទៅកាន់ប្រទេសវៀតណាមបានធ្វើឡើងភ្លាមៗបន្ទាប់ពីបក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនិស្តវៀតណាម រៀបចំមហាសន្និបាតរៀងៗខ្លួនដោយជោគជ័យនោះ សូមលោកឲ្យដឹងថា តើដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងដូចម្តេចចំពោះទំនាក់ទំនងវៀតណាម-ឡាវ?
លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូត៖ ការដែលលោក ថងលូន ស៊ីស៊ូលីត អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានជ្រើសរើសប្រទេសវៀតណាម ជាប្រទេសដំបូងគេដើម្បីបំពេញទស្សនកិច្ចជាផ្លូវការភ្លាមៗ បន្ទាប់ពីមហាសន្និបាតដ៏ជោគជ័យរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនិស្តវៀតណាម មានអត្ថន័យខាងនយោបាយ និងការទូតយ៉ាងជ្រាលជ្រៅ។ ប្រការនេះបញ្ជាក់ពីកម្រិតខ្ពស់នៃការជឿទុកចិត្តខាងនយោបាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ក៏ដូចជារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីចំណងមិត្តភាពដ៏មហាមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ ដែលតែងតែត្រូវបានកំណត់ថាជាអាទិភាពយុទ្ធសាស្ត្រកំពូលនៅក្នុងគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរ។
នៅក្នុងបរិបទនៃស្ថានភាពសកល និងតំបន់ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងសន្តិសុខសកលនោះ ក្រោមការដឹកនាំរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវកំពុងអភិវឌ្ឍយ៉ាងល្អ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
    |
 |
|
លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ (រូបថត៖ vnanet.vn) |
ថ្មីៗនេះ នៅក្នុងមហាសន្និបាតរបស់បក្សនីមួយៗ បានដាក់ចេញគោលការណ៍ណែនាំ ការតម្រង់ទិស សេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ។ ដូច្នេះ ដំណើរទស្សនកិច្ចនេះបង្ហាញពីការរួមដំណើរ ការតភ្ជាប់ជាយុទ្ធសាស្ត្រ ការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរក្នុងការអនុវត្តដោយជោគជ័យនូវគោលដៅដែលបានកំណត់ដោយមហាសន្និបាត បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនូវបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍លើការកសាងបក្ស ការកសាងប្រព័ន្ធនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងខឿនសេដ្ឋកិច្ចប្រកបដោយឯករាជ្យ ស្វ័យភាព រក្សាការពារជាតិសន្តិសុខ ពង្រីកសមាហរណកម្មអន្តរជាតិ។
លើសពីនេះ ដំណើរទស្សនកិច្ចនេះបញ្ជាក់បន្ថែមទៀតអំពីការបន្តនូវមរតក និងការអភិវឌ្ឍនៃទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ដែលបានបង្កើតឡើង និងសាកល្បងក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាក្នុងបុព្វហេតុនៃការកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។ នេះគឺជាភស្តុតាងដ៏រស់រវើកនៃមនោសញ្ចេតនាដ៏ស្មោះត្រង់ និងរឹងមាំ រួមសុខរួមទុក្ខ ប្រកៀកស្មានឹងគ្នារវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជន នៃប្រទសទាំងពីរវៀតណាម និងឡាវ។
អ្នកយកព័ត៌មាន៖ តើការដែលលោក ថងលូន ស៊ីស៊ូលីត ក្នុងនាមជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី១២ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមភ្លាមៗបន្ទាប់ពីមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងដូចម្តេច?
លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូក៖ មហាសន្និបាតនៃប្រទេសនីមួយៗ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលកំណត់ទិសដៅនៃការអភិវឌ្ឍជាតិសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។ ការដែលលោក ថងលូន ស៊ីស៊ូលីត ក្នុងនាមជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី១២ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បង្ហាញថា ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ មិនត្រឹមតែមានបន្តនូវមរតកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាយុទ្ធសាស្ត្ររយៈពេលវែងផងដែរ ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍ និងអនាគតរបស់ប្រទេសនីមួយៗ។
ដំណើរទស្សនកិច្ចនេះ បង្ហាញយ៉ាងច្បាស់អំពីការតភ្ជាប់ពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ការរួមដំណើរក្នុងយុទ្ធសាស្ត្រ គោលដៅអភិវឌ្ឈន៍ ក៏ដូចជាមាគ៌ាឆ្ពោះទៅរកសង្គមនិយម ស្របតាមលក្ខខណ្ឌនៃប្រទេសនីមួយៗ។ នេះជាទំនាក់ទំនងត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃឧត្តមគតិបដិវត្តន៍រួម និងវាសនារួម ដែលត្រូវបានសាកល្បងតាមរយៈប្រវត្តិសាស្ត្រនៃការតស៊ូបដិវត្តន៍ និងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់ៗនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ និងបានក្លាយជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ ជាកម្លាំង និងជាកត្តាសំខាន់បំផុតដែលធានានូវភាពជោគជ័យនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសនីមួយៗ។
ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតនៃបក្ស និងរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមភ្លាមៗបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ក៏បានផ្ញើសារមួយដ៏ខ្លាំងក្លាអំពីការប្តេជ្ញាចិត្តក្នុងការរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ការចែករំលែកទស្សនៈ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំផែនការ និងអនុវត្តគោលនយោបាយសំខាន់ៗ។ នេះធានាថាទំនាក់ទំនងវៀតណាម-ឡាវបានក្លាយជាសសរស្តម្ភរឹងមាំសម្រាប់ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ ខណៈពេលដែលក៏រួមចំណែកជាវិជ្ជមានដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់ដ៏ពិសេស និងកម្រមាន នៃទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ ក្នុងពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយដ៏ខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងការការពារ ថែរក្សា និងពូនជ្រំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ ដើម្បីធានាថាទំនាក់ទំនងនេះនៅតែស្ថិតស្ថិរជារៀងរហូត៕
បកប្រែដោយ Duy Hoan