ជម្រុញទំនាក់ទំនងវៀតណាម-គុយបាឲ្យអភិវឌ្ឍយ៉ាងរឹងមាំ និងប្រកបដោយចីរភាព
កប.អនឡាញ - លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីពង្រឹងសាមគ្គីភាពប្រពៃណី ពង្រីក និងលើកកំពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយគុយបា។
នាថ្ងៃទី ២៦ ខែមករា លោក To Lam អគ្គលេខាបក្ស បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Miguel Diaz-Canel លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា។
    |
 |
|
លោក To Lam អគ្គលេខាបក្ស To Lam ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Miguel Diaz-Canel លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា (រូបថត៖ vnanet.vn) |
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោក To Lam អគ្គលេខាបក្ស បានថ្លែងថា មហាសន្និបាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបញ្ជាក់ថា «កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ» ដែលភ្ជាប់ជាមួយនឹងការការពារជាតិ និងសន្តិសុខ គឺជាកិច្ចការដ៏សំខាន់ និងជាប្រចាំ ខណៈពេលដែលអនុវត្តយ៉ាងជាប់លាប់គោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ។ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងមិត្តភាពពិសេស និងជាគំរូជាមួយគុយបា ហើយត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីពង្រឹងសាមគ្គីភាពជាប្រពៃណី ពង្រីក និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់នីមួយៗ និងពិភពលោក។ វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទពិសោធន៍ជាមួយគុយបាក្នុងដំណើរការផ្លាស់ប្តូរថ្មី និងការកសាងសង្គមនិយម។
លោក Miguel Diaz-Canel លេខាទីមួយ និងជាប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនគុយបា ផ្តល់អាទិភាពចម្បងដល់ទំនាក់ទំនងជាមួយវៀតណាម ហើយប្តេជ្ញាពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ដោយផ្អែកលើការទទួលមរតកនៃទំនាក់ទំនងដ៏មានតម្លៃ ក៏ដូចជាសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក To Lam អគ្គលេខាបក្ស និងលោក Miguel Diaz-Canel លេខាទីមួយ និងជាប្រធានរដ្ឋ បានឯកភាពគ្នាដឹកនាំក្រសួង និងស្ថាប័ន នៃភាគីទាំងពីរ ឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តយន្តការ ផែនការ និងកម្មវិធីសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព លើគ្រប់បណ្តាញ គ្រប់កម្រិត គ្រប់វិស័យ ដោយជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍយ៉ាងជាក់ស្តែង និងប្រកបដោយចីរភាព៕
បកប្រែដោយ Duy Hoan