វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៦ ខែមករា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស បានទទួលជួបសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម អបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
លោក To Lam បានគោរពថ្លែងអំណរគុណដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងគណបក្សប្រជាជានកម្ពុជា ដែលបានផ្ញើសារអបអរសាទរជូនចំពោះភាពជោគជ័យនៃមហាសន្និបាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាមកកាន់ប្រទេសវៀតណាម ដើម្បីអបអរសាទរដោយផ្ទាល់ ដែលបង្ហាញពីចំណងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់កម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងជឿជាក់ថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេង និងទូលំទូលាយជាងមុន ដោយសម្រេចគោលដៅដែលបានកំណត់ដោយជោគជ័យ និងបង្កើនតួនាទី និងកិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស បញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយកម្ពុជា ក៏ដូចជាចំណងសាមគ្គីភាព និងមិត្តភាព ជិតស្និទ្ធរវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបាននាពេលថ្មីៗនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស ជាពិសេសកំណែទម្រង់រដ្ឋបាល ការអនុវត្តដោយជោគជ័យនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ ដែលនាំប្រទេសវៀតណាមទៅរកការអភិវឌ្ឍយ៉ាងទូលំទូលាយ កំណើនសេដ្ឋកិច្ចខ្ពស់ និងជីវភាពរស់នៅកាន់តែរីកចម្រើនរបស់ប្រជាជន។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំជាមួយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនិស្តវៀតណាម បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី១៤។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្កត់ធ្ងន់ថា ការរក្សាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងមិត្តភាពជាមួយវៀតណាមនៅគ្រប់កម្រិត គ្រប់បណ្តាញ ទាំងបក្ស រដ្ឋ និងអង្គការមហាជន គឺជាគោលនយោបាយជាប់លាប់ និងយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា។
ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏រឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពនៃទំនាក់ទំនងវៀតណាម-កម្ពុជាលើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគីទាំងពីរបានសម្តែងនូវទំនុកចិត្តថា នាពេលខាងមុខ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនឹងបន្តពង្រឹង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបញ្ជាក់ថា មិត្តភាពរវាងវៀតណាម-កម្ពុជា មានលក្ខណៈពិសេស និងមិនអាចកាត់ថ្លៃបាន ហើយត្រូវតែរក្សា ពង្រឹង និងអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ៕
បកប្រែដោយ Duy Hoan