វៀតណាមជារឿងរ៉ាវដ៏បំផុសគំនិត
កប.អនឡាញ - សមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបានបន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយមតិសាធារណៈអន្តរជាតិ។
លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បង្ហាញពីជំនឿជាក់ថា៖
បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីសំខាន់ក្នុងការធ្វើឱ្យសម្រេច
    |
 |
|
លោកសាស្ត្រាចារ្យ Carl Thayer (រូបថត៖ vnanet.vn) |
ក្នុងរយៈពេលជាង ៩០ ឆ្នាំកន្លងមកនេះ តួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានបង្ហាញក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការបង្រួបបង្រួមជាតិ ការកសាង ការការពារ និងការអភិវឌ្ឍប្រទេសវៀតណាម។ បើគ្មានទំនាក់ទំនងជិតស្និទ្ធរវាងបក្ស និងប្រជាជនទេ វៀតណាមមិនអាចសម្រេចបានជោគជ័យនៅបណ្ដាដំណាក់កាលប្រវត្តិសាស្ត្រចាប់ពីឆ្នាំ១៩៣០ ដល់បច្ចុប្បន្នទេ។ ឧទាហរណ៍ជាក់ស្តែងមួយនៃទំនាក់ទំនងជិតស្និទ្ធនេះគឺនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង វៀតណាមបានអនុវត្តដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងវិធានការឆ្លើយតបទៅនឹងជំងឺរាតត្បាតដោយសារទទួលបានការស្រុះគំនិតពីប្រជាជន។
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក។ ប្រសិនបើវៀតណាមរក្សាអត្រាកំណើនសេដ្ឋកិច្ច ៨.០២% ដូចនៅឆ្នាំ ២០២៥ ឬខ្ពស់ជាងនេះ ប្រទេសវៀតណាមនឹងសម្រេចបានគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ទំនើប និងមានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០។
ការវិនិយោគពីបរទេសនៅប្រទេសវៀតណាមនឹងបន្តកើនឡើងបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយសារវៀតណាមមានស្ថិរភាពនយោបាយ និងរក្សាកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ហើយមានឱកាសជាច្រើនដែលបង្កើតពីបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំប្រទេសវៀតណាមចាត់ទុកថា៖
ប្រទេសវៀតណាមសម្រេចបានការអភិវឌ្ឍដ៏អស្ចារ្យ
    |
 |
|
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំប្រទេសវៀតណាម |
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសវៀតណាមសម្រេចបានវឌ្ឍនភាពដ៏អស្ចារ្យ។ ពីការជួយឲ្យមនុស្សរាប់លាននាក់រួចផុតពីភាពក្រីក្រ និងការជំរុញការអភិវឌ្ឍឧស្សាហកម្ម ដល់ការពង្រីកសុខុមាលភាពសង្គម ប្រទេសវៀតណាមបានបង្ហាញពីភាពធន់ និងចក្ខុវិស័យដែលអាចសម្រេចបាន។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់លើសពី ៥០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ អត្រាភាពក្រីក្រទាបបំផុត ហើយស្ថិតក្នុងចំណោមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់។ នេះជាសមិទ្ធផលគួរឱ្យចាប់អារម្មណ៍របស់វៀតណាម។ ប៉ុន្តែ អ្វីដែលធ្វើឲ្យរឿងរ៉ាវរបស់វៀតណាមមិនមែនគ្រាន់តែជាតួលេខនោះទេ។ វាគឺជាការប្តេជ្ញាចិត្តធានាកំណើនដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង និងជាការប្តេជ្ញាចិត្តអភិវឌ្ឍប្រកបដោយចីរភាពដែលប្រកាន់យកប្រជាជនជាមជ្ឈភាព។ វាក៏ជាការប្ដេជ្ញាចិត្តឆ្លើយតបនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ដោយខិតខំដើម្បីអនាគតបៃតងជាងមុន។
ប្រទេសវៀតណាមបានកំណត់គោលដៅធំជាង ក្នុងជំពូកអភិវឌ្ឍន៍បន្ទាប់ - នោះគឺក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ និងសម្រេចឲ្យបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យត្រឹមនៅឆ្នាំ២០៥០។ នេះមិនមែនគ្រាន់តែជាបញ្ហាគោលនយោបាយនោះទេ ប៉ុន្តែជាចក្ខុវិស័យដែលធានាថាការអភិវឌ្ឍរបស់ប្រទេសវៀតណាមមានលក្ខណៈបរិយាប័ន្ន និងនិរន្តរភាព។ អង្គការសហប្រជាជាតិប្តេជ្ញាគាំទ្រប្រទេសវៀតណាមក្នុងដំណើរនេះតាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខសម្រាប់ដំណាក់កាល ២០២៧-២០៣១ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សេចក្តីប្រាថ្នាដែលមានប្រាក់ចំណូលខ្ពស់ និងគោលដៅអាកាសធាតុរបស់វៀតណាម។ យើងអាចធានាថារឿងរ៉ាវរបស់ប្រទេសវៀតណាមបន្តបំផុសគំនិតសម្រាប់ពិភពលោក មិនត្រឹមតែជាប្រទេសកំពុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសមួយដែលដឹកនាំដោយចក្ខុវិស័យ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាពផងដែរ។
លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសវៀតណាម ប្រធានគណៈប្រតិភូការទូតប្រចាំប្រទេសវៀតណាម វាយតំលៃខ្ពស់ចំពោះ
គោលការណ៍ជាយុទ្ធសាស្ត្ររបស់វៀតណាម
    |
 |
|
លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសវៀតណាម |
ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសវៀតណាម។ ខ្ញុំបានចូលរួមមហាសន្និបាតជាច្រើនរបស់បក្សកុម្មុយនិស្តវៀតណាម។ ចាប់តាំងពីការបង្រួបបង្រួមប្រទេសវៀតណាមនៅឆ្នាំ១៩៧៥ បក្សកុម្មុយនិស្តវៀតណាមបានរៀបចំមហាសន្និបាតជាច្រើន ដែលមហាសន្និបាតចំនួនបីក្នុងចំណោមបណ្ដាមហាសន្និបាតទាំងនោះមានសារៈសំខាន់ជាពិសេសនៅក្នុងការអភិវឌ្ឍប្រទេស។ ទាំងនេះគឺជាមហាសន្និបាតលើកទី៦ ដែលប្រព្រឹត្តទៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសង្គម ហើយប្រទេសត្រូវបានដាក់ទណ្ឌកម្ម; មហាសន្និបាតលើកទី៧ ដែលត្រូវបានរៀបចំឡើងក្នុងបរិបទនៃការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង; មហាសន្និបាតលើកទី១៤ ប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ចាប់ពីការគោរពច្បាប់អន្តរជាតិដល់ការប្រកួតប្រជែងសេដ្ឋកិច្ច។ល។ មហាសន្និបាតទាំងនេះបានកំណត់មាគ៌ាសមស្របសម្រាប់វៀតណាមក្នុងការការពារ និងអភិវឌ្ឍប្រទេស។ បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ប្រទេសវៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេង។ ខ្ញុំសូមអបអរសាទរដល់ប្រទេសវៀតណាម៕
បកប្រែដោយ Thuy Anh