លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ដ​វៀត​ណាម និងអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលោក To Lam អគ្គលេខាបក្សដោយផ្ទាល់ដែលត្រូវបានមហាសន្និបាតបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងក្នុងអាណត្តិថ្មី។

ក្នុងនាមបក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ចំពោះយកចិត្តទុកដាក់ដល់ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាការអបអរសាទរយ៉ាងកក់ក្តៅបំផុតរបស់លោកប្រធានាធិបតីជូនចំពោះបក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាម និងលោកអគ្គលេខាបក្សដោយផ្ទាល់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុនិស្ដវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី (រូបថត៖ vnanet.vn)

លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុករុស្ស៊ីជាដៃគូដែលគួរឲ្យទុកចិត្ដ និងជាអាទិភាពចម្បងនៅអឺរ៉ុប ហើយចង់ពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។

លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់ថា រុស្ស៊ីយកចិត្តទុកដាក់ពិសេសចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីក្នុងរយៈពេល ៧៥ ឆ្នាំ ដែលបានកសាងនិងពូនជ្រំដោយថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។

លោកប្រធានាធិបតីរុស្ស៊ី បានអះអាងថា សហព័ន្ធរុស្ស៊ីនឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជនរុស្ស៊ី និងវៀតណាមក្នុងគោលបំណងធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក To Lam អគ្គលេខាបក្ស និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានឯកភាពគ្នាត្រៀមខ្លួនផ្លាស់ប្តូរប្រកបដោយស្ថាបនានិងបើកចំហក្នុងស្មារតីនៃការយោគយល់​គ្នា​ទៅវិញទៅមក ផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី និងវិស័យថ្មីដែលមានសក្តានុពល។

ក្នុងឱកាសនេះ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានអញ្ជើញលោក To Lam អគ្គលេខាបក្ស អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅពេលវេលាសមស្រប។ លោក To Lam អគ្គលេខាបក្ស បានទទួលយកការអញ្ជើញ និងអញ្ជើញលោក Vladimir Putin​ ប្រធានាធិបតីរុស្ស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅ​វៀត​ណាមនាពេលឆាប់ៗនេះ៕

បកប្រែដោយ Pham Diep