មតិសាធារណៈអន្តរជាតិអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ការផ្លាស់ប្តូរគោលនយោបាយដ៏លេចធ្លោ
កប.អនឡាញ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាមហាសន្និបាតដ៏សំខាន់បំផុតមួយរបស់វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយអាចនាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយដ៏លេចធ្លោមួយចំនួន។
នេះគឺជាការវាយតម្លៃរបស់ក្រុមប្រឹក្សាទំនាក់ទំនងការបរទេស (CFR) ដែលជាអង្គការប្រឹក្សា និងបោះពុម្ពផ្សាយឯករាជ្យ ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយការបរទេស។ យោងតាម CFR ក្នុងអំឡុងពេលមហាសន្និបាតលើកទី១៤ របស់បក្ស ថ្នាក់ដឹកនាំវៀតណាមត្រូវតែសម្រេចចិត្តលើវិសាលភាព និងល្បឿននៃការបើកសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម លើកឡើងវិធានការដើម្បីតាមទាន់ប្រទេសដែលមានចំណូលខ្ពស់នៅក្នុងតំបន់យ៉ាងឆាប់រហ័ស និងធ្វើការសម្រេចចិត្តដើម្បីធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចពិភពលោក។
    |
 |
|
ថ្នាក់ដឹកនាំនៃក្រសួងការបរទេសទទួលជួបគណៈប្រតិភូអ្នកសារព័ត៌មានបរទេសដែលចូលរួមយកព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vnanet.vn) |
យោងតាម CFR នៅចុងបញ្ចប់នៃអាណត្តិមហាសន្និបាតលើកទី ១៣ របស់បក្ស វៀតណាមបានអនុវត្តបដិវត្តន៍ច្របាច់បញ្ចូលក្បាលម៉ាស៊ីន កាត់បន្ថយក្របខ័ណ្ឌ ការរួមបញ្ចូលគ្នារវាងខេត្ត និងទីក្រុង អនុវត្តប្រព័ន្ធអាជ្ញាធរមូលដ្ឋានពីរកម្រិត ការកាត់បន្ថយចំនួនខេត្ត និងទីក្រុងជិតពាក់កណ្តាលពី ៦៣ មកត្រឹម ៣៤ និងការកាត់បន្ថយចំនួនស្ថាប័នមានឋានៈស្មើក្រសួងយ៉ាងច្រើន "តាមរយៈការរួមបញ្ចូលគ្នា និងការរំលាយជាបន្តបន្ទាប់"។ CFR ដកស្រង់របាយការណ៍មួយពីវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (ISEAS) នៅប្រទេសសិង្ហបុរី ដែលវាយតម្លៃថាដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញភាគច្រើនត្រូវបានអនុវត្តដោយមានគោលបំណង "កែប្រែលើបញ្ហាមូលដ្ឋាននិយម និងពង្រឹងសាមគ្គីភាពជាតិតាមរយៈការសម្រេចចិត្តប្រមូលផ្តុំ និងការអនុវត្តគោលនយោបាយបង្រួបបង្រួម"។ លើសពីនេះ វៀតណាមបានចេញសេចក្តីសម្រេចលេខ ៦៨-NQ/TW ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យឯកជនតាមរយៈការផ្តល់អាទិភាពលើពន្ធ និងការកាត់បន្ថយនីតិវិធីរដ្ឋបាល។ CFR បានកត់សម្គាល់ថា "ស្ថាប័នគ្រប់គ្រងត្រូវបានស្នើឱ្យទទួលយកហានិភ័យកាន់តែច្រើននៅពេលអនុម័តលើគម្រោង" ដោយវាយតម្លៃថា វៀតណាមឥឡូវនេះជាខឿនសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមពីពន្ធគយ និងខ្សែសង្វាក់ផ្គត់ផ្គង់ចុះខ្សោយនៅអាស៊ី ក៏ដូចជាអស្ថិរភាពសេដ្ឋកិច្ចសកលទូទៅក៏ដោយ។
"លោក To Lam អគ្គលេខាបក្ស ផ្តោតលើប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តល់សិទ្ធិដល់វិស័យឯកជន និងនាំឱ្យវៀតណាមចេញផុតពីគំរូកំណើនដែលផ្អែកលើកម្លាំងពលកម្មទាប ការនាំចេញ និងការវិនិយោគបរទេស។ គំរូនោះបានផ្លាស់ប្តូរប្រទេសវៀតណាមទៅជាមជ្ឈមណ្ឌលផលិតកម្ម ជួយប្រជាជនរាប់លាននាក់រួចផុតពីភាពក្រីក្រ និងជំរុញកំណើននៃវណ្ណៈកណ្តាល"។ នេះគឺជាការវាយតម្លៃរបស់វិទ្យុសាធារណៈជាតិ (NPR) - អង្គការផ្សព្វផ្សាយសាធារណៈរបស់សហរដ្ឋអាមេរិកដែលមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ទោះជាយ៉ាងណាក៏ដោយ NPR បានកត់សម្គាល់ថា វៀតណាមប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ រួមទាំងតម្រូវការសម្រាប់កំណែទម្រង់កាន់តែស៊ីជម្រៅ ប្រជាជនវ័យចំណាស់ ការប្រែប្រួលអាកាសធាតុ និងសម្ពាធពីអតិរេកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ល។
យោងតាមអង្គការនេះ វៀតណាមបានកំណត់គោលដៅដ៏មានមហិច្ឆតាមួយក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ១០% ឡើងទៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយដាក់វិស័យឯកជនជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន។ ទាំងនេះគឺជាការផ្លាស់ប្តូរសំខាន់ៗដែលអាចមានផលប៉ះពាល់វិជ្ជមានទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ អ្នកតាក់តែងគោលនយោបាយវៀតណាមកំពុងកែសម្រួលគំរូកំណើន ដើម្បីផ្តល់អាទិភាពដល់តួនាទីនាំមុខគេរបស់សហគ្រាសឯកជន និងផ្តោតលើឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការធ្វើទំនើបកម្មផលិតកម្ម និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលយ៉ាងទូលំទូលាយ។ សារព័ត៌មាន NPR បានដកស្រង់សម្តីលោក Richard McClellan ស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់ RMAC Advisory បានឲ្យដឹងថា “អ្វីដែលលេចធ្លោនៅក្នុងវដ្តនេះមិនត្រឹមតែជាទិសដៅអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាអារម្មណ៍នៃភាពបន្ទាន់ទៀតផង”។ លោក McClellan បានបញ្ជាក់ថា ឱកាសមិនតែងតែកើតឡើងទេ ហើយវៀតណាមត្រូវតែដឹងពីរបៀបចាប់យកឱកាសទាំងនោះដើម្បីអភិវឌ្ឍ។
យោងតាមសារព័ត៌មាន NPR ឯកសារគោលនយោបាយដែលបានអនុម័តនៅក្នុងមហាសន្និបាតនេះចាត់ទុកវិស័យឯកជនថាជា “កម្លាំងជំរុញដ៏សំខាន់បំផុត” មួយនៃសេដ្ឋកិច្ច ព្រមទាំងសង្កត់ធ្ងន់លើតួនាទីនៃការទូត និងការធ្វើសមាហរណកម្មអន្តរជាតិដាក់ស្មើនឹងការពារជាតិ និងសន្តិសុខ ហើយបញ្ជាក់ពីការពឹងផ្អែកលើពាណិជ្ជកម្មសកល ការវិនិយោគ និងភូមិសាស្ត្រនយោបាយ។ កម្មវិធីនយោបាយថ្មីរបស់បក្សក៏លើកកម្ពស់ការការពារបរិស្ថានទៅជាភារកិច្ចស្នូលរួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។
សារព័ត៌មាន ABC របស់អូស្ត្រាលីបានដកស្រង់សម្តីលោក Craig Martin ប្រធានក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Dynam Capital អង្គភាពគ្រប់គ្រងមូលនិធិ Vietnam Holding ដោយចាត់ទុកគោលដៅកំណើនពីរខ្ទង់ក្នុងអំឡុងពេលមហាសន្និបាតលើកទី ១៤ របស់បក្ស ថាជាគោលដៅដ៏មាន “មហិច្ឆតា” ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអស់។ ប្រធានក្រុមហ៊ុន Dynam Capital បានវាយតម្លៃខ្ពស់ចំពោះ “ភាពជិតស្និទ្ធសម្រាប់អាជីវកម្ម” របស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសន្និដ្ឋានថា បើទោះបីជាមានបញ្ហាប្រឈមជាច្រើននៅខាងមុខក៏ដោយក៏សញ្ញាសុទិដ្ឋិនិយមពីគោលការណ៍ គោលនយោបាយប្រតិបត្តិសេដ្ឋកិច្ច និងស្ថិរភាពរឹងមាំនៃប្រព័ន្ធនយោបាយវៀតណាម នឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិន៕
បកប្រែដោយ Huyen Trang