១. ក្នុងសារអបអរសាទរ លោក Miguel Díaz-Canel Bermúdez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា បានអបអរសាទរជូនចំពោះលោក To Lam ដែលបានជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមសាជាថ្មី និងជូនពរឱ្យលោក To Lam ទទួលបានជោគជ័យថ្មីៗជាច្រើនក្នុងតួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងសម្រេចគោលដៅដែលបានកំណត់ដោយមហាសន្និបាតលើកទី ១៤ របស់បក្ស។
លោក Miguel Díaz-Canel Bermúdez វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មី។ លោកជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក To Lam បក្ស និងប្រជាជនវៀតណាមនឹងបន្តកសាងសង្គមនិយម ឆ្ពោះទៅរកដំណាក់កាលអភិវឌ្ឍថ្មី វិបុលភាព បរិយាប័ន្ន និងចីរភាព។
ក្នុងឱកាសនេះ លោក Miguel Díaz-Canel Bermúdez ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោក To Lam ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពពិសេសរវាងគុយបា និងវៀតណាមលើគ្រប់វិស័យ។
    |
 |
|
លោក To Lam ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្ដវៀតណាមបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាមអាណត្ដិទី ១៤ (vnanet.vn) |
២. លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី អបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅបំផុតជូនចំពោះលោក To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមសាជាថ្មី ព្រមទាំងបញ្ជាក់ថា លទ្ធផលបោះឆ្នោតបានបញ្ជាក់ពីកិត្យានុភាពនយោបាយ និងការកត់សម្គាល់យ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់លោក To Lam ក្នុងការកសាង និងអនុវត្តទិសដៅយុទ្ធសាស្ត្ររបស់វៀតណាមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងការពារផលប្រយោជន៍របស់វៀតណាមនៅលើឆាកអន្តរជាតិ។
លោក Vladimir Putin បានបញ្ជាក់ថា រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដោយផ្ទាល់ខ្លួនរបស់លោក To Lam អគ្គលេខាបក្សក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ព្រមទាំងសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
៣. នៅក្នុងសារលិខិតផ្ញើជូនលោក To Lam លោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី បានសង្កត់ធ្ងន់លើការជឿទុកចិត្តរបស់បក្ខជនសម្រាប់លោក To Lam ដោយបង្ហាញពីការទទួលស្គាល់នូវការរួមចំណែករបស់លោកអគ្គលេខាបក្សចំពោះវិបុលភាពរបស់វៀតណាម និងការពង្រឹងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។ លោក Dmitry Medvedev ជឿជាក់ថា បទពិសោធន៍នយោបាយរបស់លោក To Lam អគ្គលេខាបក្សនឹងបន្តរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
៤. លោកស្រី Takaichi Sanae ប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន និងជានាយករដ្ឋមន្ត្រីជប៉ុន បានអបអរសាទរជូនចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ លោកស្រីបានអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាបក្សដែលបានជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមសាជាថ្មី ក្នុងមហាសន្និបាតអាណត្ដិនេះ។
ក្នុងឱកាសនេះ លោកស្រី Takaichi Sanae ជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មី នឹងបន្តលើកកម្ពស់តួនាទីភាពជាអ្នកដឹកនាំដ៏លេចធ្លោក្នុងការកសាង និងឆ្ពោះទៅយុគសម័យថ្មីនៃការអភិវឌ្ឍ មិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយរួមចំណែកវិជ្ជមានបន្ថែមទៀតដល់ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងវិបុលភាពរបស់សហគមន៍អន្តរជាតិ។
៥. លោក Ukhnaa Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងលោក To Lam ជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ព្រមទាំងលោក Ukhnaa Khurelsukh បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយលោក To Lam អគ្គលេខាបក្ស ដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងម៉ុងហ្គោលី និងវៀតណាមកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ស្របតាមបំណងប្រាថ្នា និងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
៦. លោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងលោក To Lam ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមសាជាថ្មី បានបញ្ជាក់ពីទំនុកចិត្តរបស់បក្ស និងប្រជាជនវៀតណាមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនាពេលខាងមុខ ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស។
៧. នៅក្នុងសារលិខិតអបអរសាទរ លោក Sergey Syrankov លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តបេឡារុស បានអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោក To Lam ក្នុងឱកាសជាប់ឆ្នោតសាជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដោយបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់បក្ខជនចំពោះការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស។ លោក Sergey Syrankov បានបញ្ជាក់ថា បក្ខជននៃគណបក្សកុម្មុយនិស្តបេឡារុសនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមរបស់បក្សកុម្មុយនិស្តវៀតណាមនៅក្នុងចលនាកុម្មុយនិស្តអន្តរជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសជឿនលឿនដែលនាំមកកម្រិតជីវភាពខ្ពស់សម្រាប់ប្រជាជន។
៨. លោក Daniel Ortega Saavedra ប្រធានាធិបតីនៃសាធារណរដ្ឋនីការ៉ាហ្គា និងលោកស្រី Rosario Murillo សហប្រធានាធិបតី ក្នុងនាមគណបក្សរណសិរ្សរំដោះជាតិ Sandino រដ្ឋាភិបាល និងប្រជាជននីការ៉ាហ្គា បានអបអរសាទរជូនចំពោះលោក To Lam ដែលបានជាប់ឆ្នោតសាជាថ្មីជាអគ្គលេខាបក្ស។ លោកប្រធានាធិបតី និងលោកស្រីសហប្រធានាធិបតី បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនឹងបន្ដធ្វើឲ្យប្រទេសអភិវឌ្ឍប្រកបដោយសន្តិភាព វិបុលភាព និងវឌ្ឍនភាព ព្រមទាំងបានបញ្ជាក់សាជាថ្មីលើការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង សាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep