លោកស្រី Khamphao Ernthavanh បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៤ បានប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់មួយ ដែលប្រទេសវៀតណាមឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី។ អាស្រ័យហេតុនោះ ប្រទេសវៀតណាមសម្រេចបានសមិទ្ធផលដ៏ធំធេង និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។

leftcenterrightdel
លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសវៀតណាម

ក្នុងវិស័យនយោបាយ ប្រទេសវៀតណាមបានរក្សាស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់មួយដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែង។ ប្រព័ន្ធនយោបាយកាន់តែមានប្រសិទ្ធភាព ហើយសមត្ថភាពដឹកនាំរបស់បក្ស និងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសវៀតណាមកំពុងកសាង និងធ្វើឲ្យរដ្ឋនីតិរដ្ឋសង្គមនិយមកាន់តែប្រសើរឡើង លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងវិន័យ និងជម្រុញការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងអំពើអបាយមុខផ្សេងៗទៀត។

ទាក់ទងនឹងការការពារជាតិ និងសន្តិសុខ វៀតណាមបានកសាងខឿនការពារជាតិដោយប្រជាជន និងសន្តិសុខដោយប្រជាជនដ៏រឹងមាំ ដោយការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ក្នុងបរិបទនៃការប្រែប្រួលគួរឲ្យកត់សម្គាល់ក្នុងតំបន់ និងពិភពលោក។ ចំពោះវិស័យសេដ្ឋកិច្ច ទំហំនៃសេដ្ឋកិច្ចវៀតណាមត្រូវបានពង្រីកយ៉ាងខ្លាំង ដោយស្ថិតក្នុងចំណោមខឿនសេដ្ឋកិច្ចមានអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោក។ ក្នុងវិស័យសង្គម អត្រាភាពក្រីក្រពហុវិមាត្ររបស់វៀតណាមបានថយចុះយ៉ាងខ្លាំង ហើយអង្គការសហប្រជាជាតិបានទទួលស្គាល់ប្រទេសវៀតណាមថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យបំផុតក្នុងការកាត់បន្ថយភាពក្រីក្រ។ ទិសដៅអភិវឌ្ឍន៍ដែលប្រកាន់យកប្រជាជនគឺជាមជ្ឈភាពត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងដំណើរការផ្លាស់ប្តូរថ្មីរបស់វៀតណាម។

ក្នុងទំនាក់ទំនងការបរទេស វៀតណាមបានបញ្ជាក់ពីតួនាទីកាន់តែមានសារៈសំខាន់នៅលើឆាកអន្តរជាតិ។ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជាច្រើននៅទូទាំងពិភពលោកដោយផ្អែកលើសមភាព ការគោរពគ្នាទៅវិញទៅមក និងការនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះ ប្រទេសជាច្រើនជាដៃគូគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានទទួលជោគជ័យក្នុងតួនាទីអន្តរជាតិសំខាន់ៗជាច្រើន ដូចជា៖ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានអាស៊ាន... និងចូលរួមយ៉ាងសកម្មក្នុងបណ្ដាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងផ្ដល់យោបល់ស្ថាបនា មានការទទួលខុសត្រូវលើបញ្ហាក្នុងតំបន់ និងសកលលោក ដូចជាសន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ... រួមចំណែកដល់ការជម្រុញការសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការ។ លោកស្រី Khamphao Ernthavanh បានបញ្ជាក់ថា សមិទ្ធផលទាំងនេះបញ្ជាក់បន្ថែមទៀតពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាស្មារតីសាមគ្គីភាពរបស់ប្រជាជាតិវៀតណាមទាំងមូល។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមក្នុងការឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ និងគោលដៅអភិវឌ្ឍន៍ដ៏រឹងមាំជាងមុន"។

leftcenterrightdel
លោកស្រី Khamphao Ernthavanh ចែករំលែកទស្សនៈរបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មានស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ជាមួយស្ថាប័នតំណាងការទូតនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាមនៅ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦

យោងតាមលោកស្រី Khamphao Ernthavanh វៀតណាមនាំជូនសហគមន៍អន្តរជាតិនូវគំរូអភិវឌ្ឍន៍ដែលរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងកំណើនសេដ្ឋកិច្ច ជាមួយស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម។ លោកស្រី Khamphao Ernthavanh សង្កត់ធ្ងន់ថា “ការផ្លាស់ប្តូរថ្មីដ៏ជោគជ័យនៅក្នុងប្រទេសវៀតណាមផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសឡាវផងដែរ។ បទពិសោធន៍ពីប្រទេសវៀតណាមបង្ហាញថា ដោយមានគោលនយោបាយត្រឹមត្រូវ ឆន្ទៈនយោបាយដ៏រឹងមាំ និងការគាំទ្រពីប្រជាជន ការអភិវឌ្ឍប្រកបដោយចីរភាពអាចសម្រេចបាន ស្របតាមលក្ខខណ្ឌជាក់លាក់របស់ប្រទេសនីមួយៗ”។

ដោយកោតសរសើរចំពោះសមិទ្ធផលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបាន លោកស្រី Khamphao Ernthavanh បានចាត់ទុកថា ជាមួយនឹងមូលដ្ឋានគ្រឹះដែលត្រូវបានកសាងក្នុងរយៈពេលជាង ៤០ ឆ្នាំនៃការផ្លាស់ប្តូរ ប្រទេសវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍដោយមានការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវ ការត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍អន្តរជាតិ។ លោកស្រី Khamphao Ernthavanh បានឲ្យដឹងទៀតថា “ជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ផ្តល់នូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់វៀតណាមឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយសម្រេចបាននូវគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប និងចំណូលមធ្យមខ្ពស់ ឆ្ពោះទៅចក្ខុវិស័យដល់ឆ្នាំ២០៤៥ និងបន្តរួមចំណែកជាវិជ្ជមានដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ ខ្ញុំសូមជូនពរឲ្យបក្សកុម្មុយនិស្តវៀតណាមបន្តរឹងមាំ។ ខ្ញុំសូមជូនពរឲ្យវៀតណាមមានវិបុលភាព សុភមង្គល និងមានតួនាទីកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ”៕

បកប្រែដោយ Thuy Anh