អង្គការយូណេស្កូជួយគាំទ្រប្រទេសវៀតណាម ក្នុងការការពារបេតិកភណ្ឌវប្បធម៌ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ
កប.អនឡាញ - បន្ទាប់ពីរងឥទ្ធិពលព្យុះធ្ងន់ធ្ងរជាបន្តបន្ទាប់នៅប្រទេសវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បានប្រកាសពីកញ្ចប់ជំនួយបន្ទាន់ក្នុងថវិកា ៧៤០,០០០ ដុល្លារអាមេរិក ដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងរក្សាសកម្មភាពអប់រំនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
សេចក្តីប្រកាសរបស់អង្គការយូណេស្កូបានបញ្ជាក់ថា ព្យុះ Wipha ព្យុះ Bualoi និងព្យុះ Matmo បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាម ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសរាប់រយនាក់ ផ្ទះរាប់រយរាប់ពាន់ខ្នងរងខូចខាត និងសាលារៀនជិត ១០,០០០ រងផលប៉ះពាល់។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ អង្គការយូណេស្កូកំពុងអនុវត្តវិធានការជួយគាំទ្រ ដោយសហការជាមួយដៃគូនានា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ ជួយកុមារ និងយុវជនក្នុងការសិក្សា។
    |
 |
|
ទីស្នាក់ការអង្គការយូណេស្កូនៅទីក្រុងប៉ារីស ប្រទេសបារាំង (រូបថត៖ vnanet.vn) |
ចែករំលែកអំពីកម្មវិធីគាំទ្រនេះ លោក Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ បានសង្កត់ធ្ងន់ថា គ្រោះមហន្តរាយធម្មជាតិបង្ហាញពីតម្រូវការបន្ទាន់ក្នុងការលើកកម្ពស់ភាពធន់នឹងហានិភ័យអាកាសធាតុ។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូរួមដំណើជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការការពារបេតិកភណ្ឌ ការអប់រំ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដោយផ្អែកលើចំណេះដឹង សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រែបញ្ហាប្រឈមទៅជាឱកាសដើម្បីកសាងសហគមន៍ដែលមានសុវត្ថិភាពជាងមុនក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិ។
នៅក្នុងវិស័យវប្បធម៌ ដោយសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងអាជ្ញាធរមូលដ្ឋាន អង្គការយូណេស្កូកំពុងវាយតម្លៃបច្ចេកទេស និងអនុវត្តវិធានការការពារបន្ទាន់នៅតំបន់បេតិកភណ្ឌពិភពលោកនៅទីក្រុង Hue និង Hoi An ក៏ដូចជារមណីយដ្ឋានវប្បធម៌ជាច្រើនទៀតដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់។
នៅក្នុងវិស័យអប់រំ នៅក្នុងខេត្ត Cao Bang និងខេត្ត Lang Son អង្គការយូណេស្កូកំពុងផ្តោតលើការគាំទ្រដល់ការស្តារឡើងវិញនូវកន្លែងសិក្សាដែលមានសុវត្ថិភាព ការផ្គត់ផ្គង់ឧបករណ៍សំខាន់ៗ និងការលើកទឹកចិត្តសិស្ស គ្រូបង្រៀន ដើម្បីជួយឲ្យសាលារៀនបន្តរៀបចំសកម្មភាពបង្រៀន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដោយមានមូលនិធិពីប្រទេសជប៉ុន អង្គការយូណេស្កូក៏ជម្រុញសកម្មភាពបង្ការ និងកាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយនៅក្នុងខេត្ត Nghe An។
ទន្ទឹមនឹងវិធានការពោលខាងលើ អង្គការយូណេស្កូបានឲ្យដឹងថា អង្គការកំពុងសហការយ៉ាងសកម្មជាមួយបណ្ដាប្រទេសជាសមាជិក និងដៃគូ ដើម្បីកៀរគរធនធានបន្ថែម តាមរយៈនោះ ជម្រុញកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងលើកកម្ពស់ភាពធន់នៅក្នុងវិស័យវប្បធម៌ និងអប់រំនៅក្នុងប្រទេសវៀតណាមនៅពេលខាងមុខ៕
បកប្រែដោយ Thuy Anh