នាថ្ងៃទី១២ ខែមករា នៅទីក្រុងហូជីមិញ នាយកដ្ឋានជម្រុញទេសចរណ៍ម៉ាឡេស៊ីប្រចាំប្រទេសវៀតណាម សហការជាមួយនាយកដ្ឋានទេសចរណ៍រដ្ឋ Sabah បានរៀបចំសិក្ខាសាលាស្តីពីគោលដៅទេសចរណ៍ និងការធ្វើអាជីវកម្ម Sabah។ សកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញ Visit Malaysia 2026 និងការរៀបចំសម្រាប់ឆ្នាំទេសចរណ៍ Sabah ឆ្នាំ២០២៧។
សិក្ខាសាលានេះបានភ្ជាប់ក្រុមហ៊ុនទេសចរណ៍ចំនួន ១៨ មកពីរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីដោយផ្ទាល់ជាមួយដៃគូទេសចរណ៍វៀតណាមចំនួន ៦៥ តាមរយៈជំនួបពិភាក្សារវាងក្រុមហ៊ុននានា (B2B) ដែលជួយសម្រួលដល់ការជួបជុំ ពិភាក្សា និងពង្រីកឱកាសសហប្រតិបត្តិការទ្វេភាគី។ ប្រទេសម៉ាឡេស៊ីរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីផ្សារវៀតណាម ដែលធ្វើឱ្យ Sabah ក្លាយជាគោលដៅមួយសម្រាប់ភ្ញៀវទេសចរវៀតណាម តាមរយៈផលិតផលទេសចរណ៍ប្រកបដោយចីរភាព សមស្រប និងជាយុទ្ធសាស្ត្រ។ គុណសម្បត្តិនៃការតភ្ជាប់ផ្លូវអាកាសនៅតែជាកត្តាជំរុញដ៏សំខាន់មួយ ដោយបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ AirAsia កំពុងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហូជីមិញ និងទីក្រុងកូតាគីណាបាលូ ជាមួយនឹងជើងហោះហើរចំនួន ៣ ក្នុងមួយសប្តាហ៍។
លោកស្រី Christina Kong ប្រធានសមាគមនវានុវត្តន៍ និងអភិវឌ្ឍន៍ទេសចរណ៍ Sabah (SETIA) បានមានប្រសាសន៍ថា “យើងមានកោះលំដាប់ពិភពលោក ភ្នំ Kinabalu ដ៏អស្ចារ្យ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប សត្វព្រៃ និងជាពិសេសកោះសមុទ្រដ៏សម្បូរបែបនៅ Sabah – ជាកន្លែងដែលអ្នកអាចទៅមុជទឹកនៅឆ្នេរ Sipadan ដ៏ល្បីល្បាញលើពិភពលោក។ យើងមានកញ្ចប់ផលិតផលដែលសមស្របសម្រាប់ភ្ញៀវទេសចវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនទាន់ជ្រៀតចូលទីផ្សារវៀតណាមបានយ៉ាងស៊ីជម្រៅនៅឡើយទេ។ តាមរយៈកម្មវិធីនេះ យើងសង្ឃឹមថានឹងនាំមកនូវព័ត៌មានបន្ថែមដល់ភ្ញៀវទេសចរវៀតណាមអំពីផលិតផលទេសចរណ៍របស់ Sabah”។
បកប្រែដោយ Duy Hoan
Type the code from the image