លោក To Lam អគ្គលេខាបក្ស ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន
កប.អនឡាញ - នៅថ្ងៃទី ២៦ ខែមករា លោក To Lam អគ្គលេខាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន និងសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ចិនត្រូវបន្តជាសសរស្តម្ភដែលមានស្ថិរភាព យូរអង្វែង និងតភ្ជាប់ជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ។ បក្ស និងរដ្ឋវៀតណាមតែងតែត្រៀមខ្លួនជាស្រេចសហការជាមួយបក្ស និងរដ្ឋចិន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងសង្គមនិយមទាំងពីរ ក្រោមការដឹកនាំរបស់បក្ស ដោយរួមដំណើរ និងជួយគ្នាទៅវិញទៅមកលើមាគ៌ាឆ្ពោះទៅរកការសម្រេចបាននូវសេចក្តីប្រាថ្នា និងចក្ខុវិស័យអភិវឌ្ឍដែលបក្សទាំងពីរ និងប្រទេសទាំងពីរបានកំណត់។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យភាគីទាំងពីររួមគ្នាលើកកម្ពស់ទំនុកចិត្តនយោបាយដល់កម្រិតថ្មីមួយ ដើម្បីណែនាំយ៉ាងទូលំទូលាយចំពោះវិស័យសហប្រតិបត្តិការទាំងឡាយ បន្តពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំ និងអាចបត់បែនបាន លើកកម្ពស់តួនាទីស្នូលនៃវិស័យសំខាន់ៗ រួមទាំងការទូត ការពារជាតិ នរគបាល និងជម្រុញរបកគំហើញនិងការផ្លាស់ប្តូរសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យ លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន យកចិត្តទុកដាក់ក្នុងការដឹកនាំឲ្យពង្រីកការនាំចូលទំនិញវៀតណាម ជាពិសេសផលិតផលកសិកម្ម និងផលិតផលជលផល។ ភាគីទាំងពីរផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគដែលមានគុណភាពខ្ពស់ ដែលភ្ជាប់ទៅនឹងការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឱ្យក្លាយជាចំណុចលេចធ្លោថ្មីមួយ។
ចំណែកលោក ស៊ី ជីនពីង អគ្គលេខាបក្ស និងប្រធានរដ្ឋ បានថ្លែងថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចសហការជាមួយបក្ស និងរដ្ឋវៀតណាម ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ និងកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ឡើងដល់កម្រិតថ្មីមួយ។ លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងប្រធានរដ្ឋ បានថ្លែងថា ប្រទេសចិនយល់ស្របនឹងការវាយតម្លៃស្ថានភាពអន្តរជាតិ និងតំបន់ និងវិធានការដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពីរ ដែលបានលើកឡើងដោយលោក To Lam អគ្គលេខាបក្ស។ លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងប្រធានរដ្ឋ បញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមដើម្បីពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ ការជួបប្រាស្រ័យ ការចែករំលែកបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងបក្ស និងអភិបាលកិច្ចជាតិ រៀបចំប្រកបដោយប្រសិទ្ធភាពនូវយន្តការនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត ការពារជាតិ និងនគរបាល ហើយនិងត្រៀមខ្លួននាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ពីវៀតណាម និងបន្តលើកទឹកចិត្តសហគ្រាសចិនឱ្យវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោក ស៊ី ជីនពីង អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើបានល្អក្នុងការជួបប្រាស្រ័យយុវជន កិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន និងការផ្សព្វផ្សាយព័ត៌មានបញ្ជាក់ពីការដែលប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវៀតណាមក្នុងការសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម។
ភាគីទាំងពីរបានឯកភាពគ្នារក្សាការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី និងគ្រប់គ្រងការខ្វែងគំនិតគ្នាបានកាន់តែប្រសើរឡើង៕
បកប្រែដោយ Duy Hoan