វៀតណាម-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយជាសសរស្តម្ភដ៏រឹងមាំ
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ខែមករា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែមករា តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។
នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានសម្តែងក្តីរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងដោយឥតឈប់ឈរ ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញខ្លាំង និងប្រកបដោយប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយទៅជាសរស្តម្ភដ៏រឹងមាំ សមស្របទៅនឹងកម្រិតទំនុកចិត្តនយោបាយពិសេសរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរឆ្ពោះទៅរកការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់៥-១០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលស្ថានភាពអន្តរជាតិ និងតំបន់មានការវិវឌ្ឍដ៏ស្មុគស្មាញជាបន្តបន្ទាប់ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ តាមនោះ រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។
នារសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម៕
បកប្រែដោយ Huyen Trang