បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មបរទេសវិនិយោគនៅវៀតណាម
កប.អនឡាញ - នាល្ងាចថ្ងៃទី ៣០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម H&M ដែលជាម៉ាកសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។
នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះបំណងចង់បណ្តាក់ទុនវិនិយោគនៅវៀតណាមរបស់ SYRE និងលោកបានតម្រូវឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសាជីវកម្មលើរាល់ការងារជាក់លាក់។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មបរទេស រួមទាំងក្រុមហ៊ុន SYRE ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ដោយធានាការអនុលោមតាមច្បាប់វៀតណាម និងក្នុងស្មារតីនៃ "ផលប្រយោជន៍សុខដុមរមនា និងហានិភ័យរួម"។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
លោក Johan Ndisi ឯកអគ្គរដ្ឋទូត និងលោក Dennis Nobelius បានបញ្ជាក់ថា នឹងបន្តជំរុញសកម្មភាពសហប្រតិបត្តិការដូចដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង ដោយសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានា អនុវត្តគម្រោងនានាស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាម ស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប និងវៀតណាម-ស៊ុយអែត។
នាថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Hong Tianzhu ប្រធានសារជីវកម្ម Texhong របស់ចិន។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Hong Tianzhu ប្រធានសារជីវកម្ម Texhong (រូបថត៖ vnanet.vn) |
នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសាជីវកម្ម Texhong នាប៉ុន្មានឆ្នាំកន្លងមក បានពង្រីកការវិនិយោគនៅក្នុងខេត្ត Quang Ninh និង Dong Nai ព្រមទាំងសង្ឃឹមថា Texhong នឹងពង្រីកការវិនិយោគយ៉ាងស៊ីជម្រៅ ផលិតវត្ថុធាតុដើមសម្រាប់វៀតណាម រៀបចំកម្មវិធីបង្ហាញម៉ូដ និងពង្រីកមណ្ឌលឧស្សាហកម្ម Hai Ha (ខេត្ត Quang Ninh)។ ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-ចិន លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមនឹងបង្កើតបរិយាកាសអំណោយផលសម្រាប់សាជីវកម្ម Texhong និយោគនៅវៀតណាម ជាពិសេសការវិនិយោគស៊ីជម្រៅ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងផលិតកម្មបៃតង។
លោក Hong Tianzhu ប្រធានសាជីវកម្ម Texhong បានបញ្ជាក់ថា Texhong យកចិត្តទុកដាក់ចំពោះការវិនិយោគនៅវៀតណាមក្នុងវិស័យអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថាមពល បញ្ញាសិប្បនិម្មិត (AI) វាយនភណ្ឌ ការវិនិយោគលើមណ្ឌលឧស្សាហកម្មឆ្លងដែន... ព្រមទាំងសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងបន្តជួយគាំទ្រ Texhong ដើម្បីប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕
បកប្រែដោយ Huyen Trang