វៀតណាម និងសហភាពអឺរ៉ុប តម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កប.អនឡាញ - បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា នាថ្ងៃទី២៩ ខែមករា លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានធ្វើជាសហអធិបតីនៃសន្និសីទកាសែត ដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់មួយ ដោយសារវៀតណាមទើបតែរៀបចំមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ជាមួយនឹងការតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់វៀតណាម និងសហភាពអឺរ៉ុបក្នុងដំណាក់កាលថ្មី។
លោក Luong Cuong ប្រធានរដ្ឋ ក៏បានឲ្យដឹងបន្ថែមទៀតថា ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងជាក់លាក់លើទិសដៅ និងវិធានការដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុបនាពេលខាងមុខផងដែរ។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ និងលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ធ្វើជាសហអធិបតីនៃសន្និសីទកាសែត |
ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តជាកម្លាំងចលករដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ហើយសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរក្សា និងពង្រឹងពាណិជ្ជកម្មសេរី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជ្រៀតចូល ការពង្រីកទីផ្សារ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព ហើយជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់។
វៀតណាមបានស្នើឱ្យសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសមុទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព និងដក “កាតលឿង” IUU លើជលផលវៀតណាមឱ្យបានឆាប់។
លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា វៀតណាមស្វាគមន៍សាជីវកម្ម និងសហគ្រាសសហភាពអឺរ៉ុប ពង្រីកការវិនិយោគនៅក្នុងវិស័យថ្មីៗ និងសំខាន់ៗដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ ការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មថាមពល និងការអនុវត្តភាពជាដៃគូសម្រាប់ការធ្វើបរិវត្តកម្មថាមពលយុត្តិធម៌ (JETP) ប្រកបដោយប្រសិទ្ធភាព។
រីឯលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា បន្ទាប់ពី ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងសហភាពអឺរ៉ុប-វៀតណាម បានឈានដល់ដំណាក់កាលសំខាន់ថ្មីមួយ ខណៈពេលដែលភាគីទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបង្ហាញយ៉ាងពេញលេញអំពីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន ក៏ដូចជាការរំពឹងទុកសម្រាប់ការអភិវឌ្ឍនាពេលអនាគតលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មឌីជីថល សន្តិសុខ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសង្កត់ធ្ងន់ថា "ថ្ងៃនេះ យើងបានឈានដល់របត់ដ៏សំខាន់មួយ។ យើងបានតម្លើងទំនាក់ទំនងឡើងកម្រិតខ្ពស់បំផុត ដែលជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការតម្លើងនេះបង្ហាញយ៉ាងពេញលេញអំពីភាពស៊ីជម្រៅ និងទូលំទូលាយនៃទំនាក់ទំនងសហប្រតិបត្តិការរបស់យើងរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាការរំពឹងទុករបស់យើងសម្រាប់ការអភិវឌ្ឍនាពេលអនាគត នៅក្នុងវិស័យពាណិជ្ជកម្ម ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល សន្តិសុខ និងការជួបប្រាស្រ័យររវាងប្រជាជន និងប្រជាជន"៕
បកប្រែដោយ Huyen Trang