ពេលវេលាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី
ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃខ្ពស់ចំពោះតួនាទីរបស់សហភាពអឺរ៉ុប និងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមគឺជាប្រទេសអាស៊ានដំបូងគេមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្ពស់បំផុត ហើយបញ្ជាក់ថា នេះជាពេលវេលាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគីដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្តខាងនយោបាយ និងការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ។
លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី កិច្ចសហប្រតិបត្តិការដែនសមុទ្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក To Lam អគ្គលេខាបក្ស បានស្នើសហភាពអឺរ៉ុប ជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍមុខរបរនេសាទប្រកបដោយចីរភាព ព្រមទាំងដក "កាតលឿង" នៃ IUU (ការនេសាទខុសច្បាប់ ដោយមិនមានការរាយការណ៍ និងមិនមានបទប្បញ្ញត្តិត្រឹមត្រូវ)។
    |
 |
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ជួបសវនាការជាមួយលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប (រូបថត៖ vnanet.vn) |
លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសង្កត់ធ្ងន់ថា សមិទ្ធផលដែលវៀតណាមសម្រេចបានមិនត្រឹមតែលើកកម្ពស់កិត្យានុភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ជាវិជ្ជមានដល់តំបន់ទៀតផង។ ជាមួយនឹងការលើកតម្កើងទំនាក់ទំនង លោកបានបញ្ជាក់ថា សហភាពអឺរ៉ុបចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យពាណិជ្ជកម្មសេរី ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សន្តិសុខ និងការពារជាតិ សេរីភាពនៃការធ្វើនាវាចរណ៍ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នីមួយៗ និងពិភពលោក។
លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងសហការយ៉ាងជិតស្និទ្ធក្នុងការកសាង និងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុបនិងវៀតណាមកាន់តែមានប្រសិទ្ធភាព រួមទាំងការបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ និងពង្រឹងការសម្របសម្រួលនៅវេទិកាពហុភាគី និងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា។
ពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់ មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តសហការគ្នាដើម្បីលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ពហុភាគីនិយម និងដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការសកល និងរបៀបវារៈអន្តរជាតិរួមនៃការឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី។
វៀតណាមឱ្យតម្លៃចំពោះតួនាទី និងកិត្យានុភាពសកលរបស់សហភាពអឺរ៉ុប
នារសៀលថ្ងៃទី ២៩ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសវនាការជាមួយលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃចំពោះតួនាទី និងកិត្យានុភាពសកលរបស់សហភាពអឺរ៉ុប និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ដែលជាដៃគូឈានមុខគេមួយរបស់វៀតណាមក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព កំណើនបៃតង សេដ្ឋកិច្ចរង្វង់ ការធ្វើបរិវត្ដកម្មឌីជីថល ថាមពលស្អាត និងពាណិជ្ជកម្មសេរី។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប (រូបថត៖ vnanet.vn) |
ទាក់ទងនឹងទិសដៅសម្រាប់ការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើភាគីទាំងពីរបន្តបង្កើនការសន្ទនាជាន់ខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងអនុវត្តសេចក្តីថ្លែងការណ៍រួមឱ្យបានឆាប់ ដោយហេតុនេះធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុបឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព ព្រមទាំងទាញយកអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេស រួមទាំងសហគ្រាសសហភាពអឺរ៉ុបផងដែរ។
លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងអាស៊ាន។ សហភាពអឺរ៉ុបមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ ប្តេជ្ញាចិត្ដបន្តរួមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក Antonio Costa បានស្នើភាគីទាំងពីរទាញយកអត្ថប្រយោជន៍ច្រើនបំផុតពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែមានប្រសិទ្ធភាព។
មេដឹកនាំទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធនូវការអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព ពន្លឿនការផ្តល់សច្ចាប័នលើ EVIPA និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល សេដ្ឋកិច្ចសមុទ្រ ថាមពលស្អាត និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។
ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកទឹកចិត្តនិងគាំទ្រដល់វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអាជីវកម្មរបស់វៀតណាម និងអឺរ៉ុប តភ្ជាប់កិច្ចសហប្រតិបត្ដិការ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងលើកកម្ពស់សមត្ថភាពសម្រាប់អាជីវកម្មវៀតណាមដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប។
ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប
នារសៀលថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយលោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប (រូបថត៖ vnanet.vn) |
ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាម ឲ្យដឹងថា ក្នុងបរិបទដែលពិភពលោកកំពុងមានបញ្ហាប្រឈមស្មុគស្មាញជាច្រើន ដូចជាអស្ថិរភាពភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចពិភពលោក ការដែលវៀតណាមនិងសហភាពអឺរ៉ុប តម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ការពារនិងជំរុញពាណិជ្ជកម្មសេរី និងយុត្តិធម៌ ដោយផ្អែកលើច្បាប់អន្តរជាតិ។ លោកប្រធានរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ការធ្វើពិពិធកម្មក្នុងទំនាក់ទំនង វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាមិត្ត ជាដៃគូដែលគួរឲ្យទុកចិត្ត និងមានទំនួលខុសត្រូវរបស់សហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ។
មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរបទពិសោធន៍នីតិបញ្ញត្តិរវាងរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុប គាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាតំបន់ និងពិភាពលោក ដើម្បីរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក រួមទាំងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត។
* គួររំលឹកថា នាព្រឹកថ្ងៃទី ២៩ ខែមករា លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលី និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ៕
បកប្រែដោយ Pham Diep