បង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងស្អិតរមួតរវាងវៀតណាម និងគុយបា
កប.អនឡាញ - នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលលោក Bruno Rodríguez Parrilla បេសកជនពិសេសរបស់បក្សកុម្មុយនិស្ដគុយបា និងរដ្ឋគុយបា សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសគុយបា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ។
ក្នុងបរិយាកាសដែលពោរពេញដោយមនោសញ្ចេតនា លោក Luong Cuong ប្រធានរដ្ឋវៀតណាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកជនពិសេសដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់គុយបាមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមបន្ទាប់ពីមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាមបញ្ចប់ដោយជោគជ័យ ដែលជា បង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងស្អិតរមួត ការជឿទុកចិត្តរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាមទទួលលោក Bruno Rodríguez Parrilla |
ក្នុងជំនួបនេះ បេសកជនពិសេសបានពាំនាំសារពីលោក Miguel Díaz-Canel លេខាទីមួយ និងជាប្រធានរដ្ឋគុយបា និងថ្នាក់ដឹកនាំជាន់ខ្ពស់គុយបា ដោយអបអរសាទរជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងសមិទ្ធផលរបស់វៀតណាមនាពេលថ្មីៗនេះ។
លោកប្រធានរដ្ឋវៀតណាម បញ្ជាក់ថា ទំនាក់ទំនងវៀតណាម-គុយបា គឺជាទ្រព្យសម្បត្តិមិនអាចកាត់តម្លៃបានទេ ជានិមិត្តរូបនៃសម័យកាល ដែលត្រូវបានឆ្លងកាត់ផ្សែងភ្លើងសង្គ្រាម និងការប្រែប្រួលនៃប្រវត្តិសាស្ត្រ។ លោកប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថានភាពសកលលោកដ៏ស្មុគស្មាញនាបច្ចុប្បន្ន ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេស និងសាមគ្គីភាពរវាងវៀតណាម និងគុយបាមិនត្រឹមតែជាការទទួលខុសត្រូវរបស់បក្ស និងរដ្ឋនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរទៀតផង។
ដោយចែករំលែកការលំបាក និងបញ្ហាប្រឈមនានាដែលគុយបាកំពុងជួបប្រទះ លោកប្រធានរដ្ឋវៀតណាមបានអះអាងថា វៀតណាមមិនដែលភ្លេចការគាំទ្ររបស់គុយបាក្នុងគ្រាលំបាកកាលពីមុនឡើយ ហើយនឹងចែករំលែកបទពិសោធន៍ និងជួយគុយបាដែលអាចធ្វើទៅបាន។ ព្រមទាំងជំរុញទំនាក់ទំនងសហប្រតិបត្ដិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងចីរភាពលើគ្រប់វិស័យ លើកកម្ពស់ប្រៀបខ្លាំងរបស់ភាគីទាំងពីរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។
លោក Bruno Rodríguez Parrilla បានបញ្ជាក់ថា គុយបាតែងតែផ្ដោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញការទូតប្រជាជន តភ្ជាប់មូលដ្ឋាននិងបង្កើនការផ្លាស់ប្តូរវប្បធម៌ ដើម្បីធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងគុយបា ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ព្រមទាំងមានបំណងចង់បន្តផ្លាស់ប្តូរបទពិសោធន៍ជាមួយវៀតណាមលើគ្រប់វិស័យដើម្បីការអភិវឌ្ឍនៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក។
ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសគម្រោងសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យកសិកម្ម ថាមពលកកើតឡើងវិញ និងជីវបច្ចេកវិទ្យា ដោយបង្កើតយន្តការអំណោយផលនិងគាំទ្រដល់អាជីវកម្មវៀតណាមចូលមកវិនិយោគនៅក្នុងប្រទេសគុយបា តាមរយៈនោះ ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចអភិវឌ្ឍន៍ឲ្យសក្ខិសមទៅនឹងទំនាក់ទំនងនយោបាយពិសេស ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីផងដែរ៕
បកប្រែដោយ Pham Diep