ដោយជម្រាបជូនលោក Bruno Rodríguez Parrilla អំពីលទ្ធផលនៃមហាសន្និបាតលើកទី១៤ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា៖ មហាសន្និបាតមិនត្រឹមតែបុកសរូបដំណើរការកន្លងមកប៉ុណ្ណោះទេ ថែមទាំងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ប្រទេសរហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ នៅក្នុងទិសដៅគោលនយោបាយការបរទេសនោះ ទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី ជាពិសេសជាមួយប្រទេសគុយបា តែងតែជាអាទិភាពចម្បង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Bruno Rodríguez Parrilla  បេសកជនពិសេសនៃបក្សកុម្មុយនិស្តគុយបា និងរដ្ឋគុយបា សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា (រូបថត៖ vnanet.vn)

លោក Bruno Rodríguez បេសកជនពិសេស បានពាំនាំជាថ្មីម្តងទៀតនូវការអបអរសាទរយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់គុយបាជូនចំពោះបក្សកុម្មុយនិស្តវៀតណាម ចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤  ព្រមទាំងអបអរសាទរខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។

នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សា និងឯកភាពអំពីទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ក្នុងរយៈពេលខាងមុខ ស្របតាមបរិបទថ្មីរបស់ប្រទេសនីមួយៗ និងអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រក្សាយន្តការសហប្រតិបត្តិការជាប្រចាំ និងអាចបត់បែនបាន ផ្លាស់ប្តូរចំណេះដឹងទ្រឹស្តី និងចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីការកសាងបក្ស ការបណ្តុះបណ្តាលកម្មាភិបាល និងការគ្រប់គ្រងរដ្ឋ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់សម្រាប់ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ និងអនុវត្តគម្រោងសហប្រតិបត្តិការលើអង្ករប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកជួយគុយបាសម្រេចបាននូវភាពម្ចាស់ការផ្នែកស្បៀងអាហារបន្តិចម្តងៗ ព្រមទាំងលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាមវិនិយោគនៅគុយបា។ លោក Bruno Rodríguez បានបញ្ជាក់ថា បក្ស និងរដ្ឋគុយបាតែងតែផ្តល់អាទិភាពដល់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានសក្តានុពលដូចជា ថាមពលព្រះអាទិត្យ ការផលិតទំនិញប្រើប្រាស់ ទេសចរណ៍ និងឱសថ ដោយបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី និងអន្តរជាតិ។ លោកសង្កត់ធ្ងន់លើការអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីទំនាក់ទំនងប្រពៃណីវៀតណាម-គុយបា ដើម្បីបន្តអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពិសេសនេះ។

* នារសៀលថ្ងៃទី ២ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វៀតណាមបានទទួលជួបលោក Bruno Rodríguez Parrilla  បេសកជនពិសេសនៃបក្សកុម្មុយនិស្តគុយបា និងរដ្ឋគុយបា សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា។

ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកបេសកជនពិសេសគុយបាបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មត្រូវមានការផ្លាស់ប្តូរដ៏សំខាន់បន្ថែមទៀត ស្របតាមទំនាក់ទំនងនយោបាយដែលគួរឱ្យទុកចិត្ត ក៏ដូចជាសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី វៀតណាមបានទទួលជួបលោក Bruno Rodríguez Parrilla  បេសកជនពិសេសនៃបក្សកុម្មុយនិស្តគុយបា និងរដ្ឋគុយបា សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ អំពីការផ្លាស់ថ្មីក្នុងរយៈពេល ៤០ ឆ្នាំ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាមួយគុយបា។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍផលិតកម្មស្បៀងអាហារក្នុងស្រុកក្នុងដំណាក់កាលថ្មី ព្រមទាំងអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ និងផ្ទេរដំណើរការកសិកម្មទំនើប ផ្គត់ផ្គង់វត្ថុធាតុដើម និងគាំទ្រគ្រឿងចក្រកសិកម្ម ដោយជួយគុយបាសម្រេចបាននូវភាពម្ចាស់ការផ្នែកស្បៀងអាហារក្នុងស្រុកបន្តិចម្តងៗ ។

ភាគីទាំងពីរបានកំណត់ថា ការអភិវឌ្ឍថាមពលព្រះអាទិត្យគឺស្របតាមតម្រូវការបន្ទាន់របស់គុយបា។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញជាមួយគុយបា ដើម្បីបម្រើដល់ការផលិត និងជីវភាពរស់នៅរបស់ប្រជាជនគុយបា។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រៀបខ្លាំងឈានមុខគេលើពិភពលោករបស់គុយបាក្នុងវិស័យវេជ្ជសាស្ត្រ ព្រមទាំងស្នើឱ្យរដ្ឋាភិបាលគុយបាពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគរួមគ្នាក្នុងការផលិតវ៉ាក់សាំង ផលិតផលជីវសាស្ត្រវេជ្ជសាស្ត្រ និងថ្នាំឯកទេសជំនាន់ថ្មី ដើម្បីផ្គត់ផ្គង់ទីផ្សារប្រទេសទាំងពីរ និងសម្រាប់ការនាំចេញ។

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនតួនាទីរបស់យន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា និងយន្តការសហប្រតិបត្តិការថ្នាក់ក្រសួង និងស្ថាប័ននានា ពិនិត្យ និងតាមដានការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ជាប្រចាំ និងដោះស្រាយបញ្ហាថ្មីៗឱ្យបានឆាប់រហ័ស ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងដល់ប្រទេសទាំងពីរ ក្នុងស្មារតីនៃ "ការរួមដំណើរ និងការអភិវឌ្ឍទៅវិញទៅមក"។ លោកបេសកជនពិសេសគុយបាបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការតម្រង់ទិសការអភិវឌ្ឍទំនាក់ទំនង និងការដឹកនាំជាក់លាក់របស់លោកនាយករដ្ឋមន្ត្រី។ លោកបានបញ្ជាក់ថា លោកនឹងរាយការណ៍យ៉ាងពេញលេញទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋាភិបាលគុយបា និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នា។

* គួរបញ្ជាក់ថា នាថ្ងៃដដែល នៅទីស្នាក់ការមជ្ឈិមបក្ស លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាជាមួយលោក Bruno Rodríguez Parrilla  បេសកជនពិសេសនៃបក្សកុម្មុយនិស្តគុយបារដ្ឋគុយបា សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីការបរទេសគុយបា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម៕

បកប្រែដោយ Huyen Trang