វៀតណាមផ្តល់អាទិភាពដល់ការជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសចិន
កប.អនឡាញ - នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន ដើម្បីជម្រាបជូនអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាបេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស បានជួបជាមួយលោក ស៊ី ជីនពីង អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន។
ក្នុងនាមបក្សកុម្មុយនិស្តចិន និងរដ្ឋចិន លោក ស៊ី ជីនពីង បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ហើយផ្ញើសារអបអរសាទរជូនដល់លោក To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងឡើងវិញជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិថ្មី។ លោកបានសម្តែងនូវក្តីរីករាយ និងកោតសរសើរចំពោះលទ្ធផលនៃការសន្ទនាតាមទូរស័ព្ទជាមួយលោក To Lam អគ្គលេខាបក្ស បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បញ្ចប់ដោយជោគជ័យ។
    |
 |
|
លោក Le Hoai Trung ជួបជាមួយលោក ស៊ី ជីនពីង |
លោក ស៊ី ជីនពីង បានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់មហាស្និបាតលើកទី១៤ ការបង្កើតទិសដៅទ្រឹស្តីនៃដំណើរការផ្លាស់ប្ដូរថ្មី ដោយបើកសម័យកាលថ្មីនៃការអភិវឌ្ឍសម្រាប់ប្រជាជាតិវៀតណាម។ លោកបានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស ប្រជាជនវៀតណាមនឹងអនុវត្តល្អនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ កសាងសង្គមនិយមដោយជោគជ័យ ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេស និងសម្រេចបាននូវគោលដៅពីរ “រយៈពេល ១០០ ឆ្នាំ” ក្នុងឱកាសបង្កើតបក្ស និងបង្កើតប្រទេសជាតិ។
ដោយជម្រាបជូនលទ្ធផលសំខាន់ៗនៃមហាសន្និបាតលើកទី១៤ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា មហាសន្និបាតបានបំពេញបេសកកម្មប្រវត្តិសាស្ត្រដ៏ធំធេងរបស់ខ្លួន ដោយបូកសរុបលទ្ធផលនៃការផ្លាស់ប្ដូរថ្មីបន្ទាប់ពីរយៈពេល ៤០ ឆ្នាំរបស់បដិវត្តន៍វៀតណាម សម្រេចចិត្តលើបញ្ហាយុទ្ធសាស្ត្រសម្រាប់អនាគត និងវាសនារបស់ប្រជាជាតិវៀតណាមក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។ បក្ស រដ្ឋ និងប្រជាជនវៀតណាម ប្តេជ្ញាកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល តាមទិសដៅសង្គមនិយម។
លោក Le Hoai Trung បានបញ្ជាក់ពីជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម គឺតែងតែផ្តល់អាទិភាពដល់ការជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសចិន និងត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយប្រទេសចិនក្នុងដំណើរការអភិវឌ្ឍន៍ថ្មី តាមរយៈបង្កើនការផ្លាស់ប្ដូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងវៀតណាម-ចិន។
លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-វៀតណាមមានប្រពៃណីមិត្តភាពយូរអង្វែង ស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ។ ប្រទេសចិនតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយវៀតណាម។ លោក ស៊ី ជីនពីង សង្ឃឹមថា ភាគីទាំងពីរលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងខិតខំជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន និងវៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍ ដោយនាំមកនូវសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម លោក ស៊ី ជីនពីង បានជូនពរបក្ស រដ្ឋ និងប្រជាជនវៀតណាម និងលោក To Lam អគ្គលេខាបក្សឲ្យមានសុខភាពល្អ និងវិបុលភាព៕
បកប្រែដោយ Thuy Anh