អនុវត្តយ៉ាងសកម្មនូវលទ្ធផលនៃជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣
កប.អនឡាញ - នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ដើម្បីអនុវត្តលទ្ធផលនៃជំនួបកំពូលថ្នាក់ដឹកនាំគណបក្សទាំង៣ វៀតណាម កម្ពុជា និងឡាវ ដែលទើបធ្វើឡើងមុននោះ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងបីបានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំ និងមានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនាពេលកន្លងមក ដែលរួមចំណែកដល់ការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម កម្ពុជានិងឡាវ។ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃមនោសញ្ចេតនាជិតស្និទ្ធ ការជឿទុកចិត្តខាងនយោបាយ និងសាមគ្គីភាពរវាងប្រទេសទាំងបី។
នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូររវាងយុវជន មេដឹកនាំវ័យក្មេងនិងបង្កើនការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយអំពីអត្ថន័យជាប្រវត្តិសាស្ត្រ និងតម្លៃដ៏ធំធេងនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបី។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងក្នុងជំនួប (រូបថត៖ vnanet.vn) |
នាយករដ្ឋមន្ត្រីទាំងបីបានបញ្ជាក់ពីការបន្ដបង្កើនការសហការក្នុងការធានាសន្តិសុខជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រក្សាជំនួបកម្រិតខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ជាពិសេសខេត្តដែលមានព្រំដែនជាប់គ្នា និងបង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ព្រមទាំងឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា បង្កើនការចែករំលែកព័ត៌មាន និងសហការយ៉ាងជិតស្និទ្ធរវាងក្រសួង និងស្ថាប័ននានា។
អំពីការការពារជាតិ និងសន្តិសុខ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារសន្តិសុខព្រំដែន ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់។ ប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសម្ខាងដើម្បីបំផ្លាញប្រទេសម្ខាងទៀតឡើយ និងរួមគ្នាកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងរីកចម្រើន។
អំពីសេដ្ឋកិច្ច ភាគីទាំងបីបានឯកភាពគ្នាបន្តអនុវត្តគោលនយោបាយ និងវិធានការនានាដើម្បីបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់ពាណិជ្ជកម្ម វិនិយោគ ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី ដោយផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ logistics និងច្រកទ្វារព្រំដែន ព្រមទាំងសម្រួលដល់ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍។ ជំរុញការតភ្ជាប់ខ្សែសង្វាក់តម្លៃ និងប្រៀបខ្លាំងនៃប្រទេសនីមួយៗ និងជំរុញទេសចរណ៍ ជាពិសេសគំនិតផ្តួចផ្តើម "ដំណើរមួយគោលដៅបី"។
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជាបានឯកភាពគ្នាជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមស្តីពីការកំណត់វិស័យសំខាន់ៗចំនួនប្រាំសម្រាប់រយៈពេលខាងមុខរួមមាន គមនាគមន៍និងដឹកជញ្ជូន ថាមពល អប់រំនិងបណ្តុះបណ្តាល ទេសចរណ៍ និងការតភ្ជាប់យុវជន ជាពិសេសគឺឃោសនាដល់យុវជនជំនាន់ក្រោយអំពីទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងបី។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vnanet.vn) |
ពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិ នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ រួមគ្នាជាមួយសមាជិកដទៃទៀតដើម្បិកសាងសហគមន៍អាស៊ានដ៏រឹងមាំនិងរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងការរក្សាសន្តិភាព ស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់។
នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធក្នុងការពង្រឹង និងកសាងទំនុកចិត្តក្នុងចំណោមប្រទេសមេគង្គ ដោយផ្តោតលើការអភិវឌ្ឍ ឆ្លើយតបទៅនឹងបញ្ហាប្រឈមមិនមែនប្រពៃណី និងហានិភ័យផ្សេងដែលអាចកើតមានឡើង ព្រមទាំងរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសមេគង្គ និងដៃគូអភិវឌ្ឍន៍៕
បកប្រែដោយ Pham Diep