១. អត្តសញ្ញាណវប្បធម៌ជាការរួមបញ្ជូលនៃតម្លៃ ជំនឿ ទំនៀមទម្លាប់ និមិត្តសញ្ញា និងសហគមន៍ដែលជួយបញ្ជាក់ពីភាពប្លែក និងការទទួលមរតកនៅក្នុងប្រវត្តិសាស្ត្រ។ អត្តសញ្ញាណវប្បធម៌មិនត្រឹមតែបង្ហាញពីស្ថាបត្យកម្ម ឬបេតិកភណ្ឌរូបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមមានរបៀបរស់នៅ និងការចងចាំរួមរបស់ប្រជាជន តាមរយៈនោះបង្កើតអត្តសញ្ញាណពិសេសសម្រាប់ទីក្រុងមួយ។
ទីក្រុងហាណូយមានឱកាសសំខាន់ៗដើម្បីធ្វើឲ្យអត្តសញ្ញាណវប្បធម៌ក្លាយជាធនធានសម្រាប់ការអភិវឌ្ឍ។ ក្នុងនាមជារដ្ឋធានី ទីក្រុងហាណូយជាតួនាទីពិសេសក្នុងវិស័យនយោបាយ និងរដ្ឋបាល ដែលអនុញ្ញាតឲ្យក្លាយជាមជ្ឈមណ្ឌលប្រមូលធនធានជាតិ និងអន្តរជាតិ។ ទីពីរ ប្រព័ន្ធបេតិកភណ្ឌដ៏សម្បូរបែប និងចម្រុះ ដែលពីបេតិកភណ្ឌរូបីនិងអរូបី ជាមូលដ្ឋានគ្រឹះដ៏មានតម្លៃដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងកសាងម៉ាកយីហោទីក្រុង។ ទីបី ការលេចធ្លោនៃសិល្បករវ័យក្មេង សហគ្រិនវប្បធម៌ និងក្រុមហ៊ុនចាប់ផ្តើមធ្វើអាជីវកម្មប្រកបដោយច្នៃប្រឌិត កំពុងរួមចំណែកបង្កើតឡើងវិញនូវ "លក្ខណៈពិសេសនៃទីក្រុងហាណូយ" នៅក្នុងបរិបទនៃសកលភាវូបនីយកម្ម។ កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានពង្រីក ជាពិសេសតាមរយៈការចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ ឬវេទិកាវប្បធម៌ទីក្រុងពិភពលោក ជួយឲ្យទីក្រុងហាណូយទទួលបានបទពិសោធន៍ ធនធាន និងឱកាសលើកកម្ពស់តួនាទីនៅលើផែនទីតំបន់។
ទីក្រុងហាណូយបង្ហាញពីដំណើរការស្មុគស្មាញមួយដែលអត្តសញ្ញាណវប្បធម៌ត្រូវបានរក្សា និងបង្កើតឡើងវិញនៃទំនើបកម្ម និងសកលភាវូបនីយកម្ម។
    |
 |
|
សិប្បករមកពីភូមិល្ខោនអាយ៉ងទឹក Dao Thuc (ឃុំ Thu Lam ទីក្រុងហាណូយ) សម្តែងនៅក្នុងពិធីបុណ្យ Thang Long - ហាណូយ ខែវិច្ឆិកា ឆ្នាំ២០២៥ |
២. នៅពេលដាក់ទីក្រុងហាណូយនៅក្នុងបរិបទនៃអាស៊ីអាគ្នេយ៍ ភាពស្រដៀងគ្នានៃដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័សត្រូវបានបង្ហាញ ប៉ុន្តែមានភាពខុសគ្នាក្នុងការប្រើប្រាស់អត្តសញ្ញាណវប្បធម៌ដើម្បីប្រើឲ្យការអភិវឌ្ឍ។
សិង្ហបុរីគឺជាឧទាហរណ៍ដ៏សំខាន់មួយនៃការប្រើប្រាស់វប្បធម៌ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម។ សិង្ហបុរីបានទទួលជោគជ័យក្នុងការអនុវត្តដោយព្រមៗគ្នានូវការអភិរក្ស នវានុវត្តន៍ និងការកសាងម៉ាកយីហោ។
ទីក្រុងបាងកកបានអនុវត្តវិធីសាស្រ្តផ្សេង។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋធានីថៃបានយកចិត្តទុកដាក់ជាពិសេសលើការកសាងបរិយាកាសសាធារណៈ។ សិល្បៈតាមដងផ្លូវ ផ្សាររាត្រី និងការសម្តែងនៅខាងក្រៅ បានទាក់ទាញអ្នកស្រុក និងអ្នកទេសចរ។ បទពិសោធន៍ពីទីក្រុងបាងកកបង្ហាញថា អត្តសញ្ញាណវប្បធម៌មិនត្រឹមតែត្រូវបានរក្សានៅក្នុងបេតិកភណ្ឌប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានបង្កើតឡើងវិញជាបន្តបន្ទាប់នៅក្នុងជីវិតសហសម័យផងដែរ។
ទីក្រុងហ្សាការតានៅប្រទេសឥណ្ឌូនេស៊ីមានបេតិកភណ្ឌទីក្រុងដ៏សំខាន់មួយនោះគឺ តំបន់ Kota Tua (ទីក្រុងបុរាណ)។ ជំនួសឲ្យការអភិរក្ស ទីក្រុងហ្សាការតាបានរួមបញ្ចូលតំបន់នេះទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ដោយរួមផ្សំនូវបេតិកភណ្ឌស្ថាបត្យកម្មជាមួយនឹងសកម្មភាពច្នៃប្រឌិតទំនើបៗដូចជាការតាំងពិព័រណ៍សិល្បៈ ពិធីបុណ្យតាមដងផ្លូវ និងព្រឹត្តិការណ៍សហគមន៍។ ករណីនេះផ្តល់ឲ្យទីក្រុងហាណូយនូវបទពិសោធន៍មួយអំពីភាពបត់បែន៖ គប្បីរួមបញ្ចូលការអភិរក្ស និងការអភិវឌ្ឍ ដើម្បីរក្សាការចងចាំផង និងបំពេញតម្រូវការអភិវឌ្ឍន៍ផង។
បច្ចុប្បន្ន ទីក្រុងហាណូយ មានបេតិកភណ្ឌដ៏សម្បូរបែបដូចជាប្រទេសសិង្ហបុរី និងមានបរិយាកាសដ៏មានសក្តានុពលដូចជាទីក្រុងបាងកក ហើយសហគមន៍ច្នៃប្រឌិតដូចទីក្រុងហ្សាកាតា ប៉ុន្តែមិនទាន់មានយន្តការដើម្បីភ្ជាប់កត្តាទាំងនេះដើម្បីកសាងយុទ្ធសាស្ត្រព្រមៗគ្នា។ ដូច្នេះ ការរៀនពីបទពិសោធន៍អន្តរជាតិគឺចាំបាច់សម្រាប់ទីក្រុងហាណូយដើម្បីពង្រីកអត្តសញ្ញាណវប្បធម៌របស់ខ្លួនដូចជាធនធានយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ។
    |
 |
|
ការសម្តែងសិល្បៈប្រពៃណីនៅវត្ត Kim Ngan (សង្កាត់ Hoan Kiem ក្រុងហាណូយ) |
៣. តាមរយៈដំណើរការស្រាវជ្រាវក្នុងរយៈយូរអង្វែង យើងលើកឡើងនូវអនុសាសន៍ជាច្រើន៖
ទីក្រុងហាណូយតម្រូវឲ្យមានផែនការរួមបញ្ចូលគ្នា ក្នុងនោះ វប្បធម៌មិនត្រឹមតែជាវិស័យគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសសរស្តម្ភមួយដែលរួមដំណើរជាមួយសេដ្ឋកិច្ច និងសង្គមផងដែរ។ យុទ្ធសាស្ត្រនេះត្រូវតែតភ្ជាប់ជាមួយនឹងផែនការទីក្រុង ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ទេសចរណ៍ប្រកបដោយចីរភាព និងការអភិរក្សបេតិកភណ្ឌ ហើយចាំបាច់មានផែនការធ្វើសកម្មភាពជាក់លាក់ ដែលមានគោលដៅច្បាស់លាស់។
ទីក្រុងហាណូយត្រូវលើកទឹកចិត្តដល់គំនិតផ្តួចផ្តើមសហគមន៍ លើកកម្ពស់សិទ្ធិចូលរួមរបស់ប្រជាជនក្នុងការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌ ព្រមទាំង បង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចអភិវឌ្ឍវប្បធម៌ និងច្នៃប្រឌិត។
ការតភ្ជាប់ការអភិរក្សបេតិកភណ្ឌជាមួយនឹងការច្នៃប្រឌិតគឺមានសារៈសំខាន់ណាស់។ តំបន់បេតិកភណ្ឌរូបីដូចជា ផ្លូវបុរាណ ផ្លូវរចនាតាមស្ថាបត្យកម្មបារាំង ឬភូមិសិប្បកម្មប្រពៃណីអាចក្លាយជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពច្នៃប្រឌិតសហសម័យ ចាប់ពីសិល្បៈ និងការរចនាដល់ឧស្សាហកម្មទេសចរណ៍ និងសេវាកម្ម។ នេះទាមទារឲ្យរដ្ឋបាលបង្កើតយន្តការគាំទ្រជាក់លាក់ ឧទាហរណ៍ ការលើកទឹកចិត្តសម្រាប់គម្រោងច្នៃប្រឌិតនៅក្នុងលំហបេតិកភណ្ឌ និងលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការរវាងសិល្បករ និងធុរកិច្ច ជាមួយសហគមន៍។
ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក៏គប្បីត្រូវបានជម្រុញយ៉ាងខ្លាំងនៅពេលខាងមុខផងដែរ។ កិច្ចសហប្រតិបត្តិការអន្តរជាតិមិនគ្រាន់តែជាការផ្លាស់ប្តូរសិក្សា ឬព្រឹត្តិការណ៍វប្បធម៌នោះទេ ប៉ុន្តែគួរតែត្រូវបានតភ្ជាប់ជាមួយការទាក់ទាញការវិនិយោគសម្រាប់គម្រោងច្នៃប្រឌិត ការកសាងម៉ាកយីហោទីក្រុងនៅក្នុងទីផ្សារសកល និងការបង្កើតខ្សែសង្វាក់តម្លៃវប្បធម៌-ច្នៃប្រឌិតប្រកបដោយចីរភាព។
ទីក្រុងច្នៃប្រឌិតមិនអាចត្រូវបានបង្កើតឡើងប្រសិនបើមានការខ្វះធនធានមនុស្សវប្បធម៌ដែលមានគុណភាពនោះទេ។ ទីក្រុងហាណូយត្រូវផ្តោតលើការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យសិល្បៈ ការគ្រប់គ្រងវប្បធម៌ និងការរចនាប្រកបដោយភាពច្នៃប្រឌិត ព្រមទាំង បង្កើតយន្តការដើម្បីធានាបាននូវការរួមចំណែករយៈពេលវែងជាមួយទីក្រុង។ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងធុរកិច្ចនានាគប្បីតភ្ជាប់ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយភាពច្នៃប្រឌិត ដែលចំណេះដឹង គំនិត និងបច្ចេកវិទ្យាត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។
ការប្រើអត្តសញ្ញាណវប្បធម៌ដូចជាធនធានសម្រាប់ការអភិវឌ្ឍមានសារៈសំខាន់រយៈពេលវែងលុះត្រាតែវាត្រូវបានតភ្ជាប់ជាមួយការគ្រប់គ្រងបរិស្ថាន និងសង្គមប្រកបដោយចីរភាព។ អាជ្ញាធរទីក្រុងហាណូយគប្បីតភ្ជាប់គោលនយោបាយវប្បធម៌ជាមួយនឹងគោលដៅការពារបរិស្ថាន យុត្តិធម៌សង្គម និងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនទីក្រុង។
ជាក់ស្តែង ប្រសិនបើទាញយកអត្ថប្រយោជន៍ពីអត្តសញ្ញាណវប្បធម៌ ទីក្រុងហាណូយមិនត្រឹមតែពង្រឹងតួនាទីជារដ្ឋធានីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីជាទីក្រុងច្នៃប្រឌិតឈានមុខគេនៅអាស៊ីអាគ្នេយ៍ ជាកន្លែងដែលអតីតកាល និងបច្ចុប្បន្នកាលរួមបញ្ចូលគ្នាដើម្បីបង្កើតអនាគតប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh