នាថ្ងៃទី១៩ ខែកុម្ភៈ លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម បានជួបពិភាក្សាជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្រសួងការបរទេសអាមេរិក ក្នុងឱកាសចូលរួមក្នុងគណៈប្រតិភូដឹកនាំដោយលោក To Lam អគ្គលេខាបក្ស  អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាពស្ដីពីតំបន់ហ្គាហ្សា។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម ជួបពិភាក្សាជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក  (រូបថត៖ VOV)

លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា វៀតណាមឱ្យតម្លៃលើទំនាក់ទំនងប្រកបដោយស្ថិរភាព និងយូរអង្វែងជាមួយសហរដ្ឋអាមេរិក ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ លោក Le Hoai Trung បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលដើម្បីពង្រឹងទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ដោះស្រាយផលវិបាកនៃសង្គ្រាម និងលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទាក់ទងនឹងបញ្ហាអន្តរជាតិ លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចពង្រីកតួនាទី និងលក្ខខណ្ឌអំណោយផលរបស់ខ្លួន ដើម្បីសហការជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រប្រទេសវៀតណាមមួយដែលឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបញ្ចប់ការចរចាពន្ធបដិការក្នុងពេលឆាប់ៗនេះ ដោយបង្កើតក្របខ័ណ្ឌមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនេះ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ។ លោក Marco Rubio ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងវេទិកាតំបន់ និងពហុភាគីដូចជា អាស៊ាន G-20 និង APEC៕

បកប្រែដោយ Duy Hoan