យោងតាមកាសែត People's Daily ដែលជាស្ថាប័នរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនបីនៅអាស៊ីអាគ្នេយ៍របស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន។ ទន្ទឹមនឹងប្រទេសវៀតណាម លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ក៏អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា។ ទាក់ទិននឹងទំនាក់ទំនងរវាងចិន និងវៀតណាម កាសែត People's Daily បានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងជំរុញការកសាងសហគមន៍ចែករំលែកអនាគតរួមចិន-វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ កាសែត People's Daily ក៏បានដកស្រង់សម្តីលោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាពេលថ្មីៗនេះ ដែលឲ្យដឹងថា ចិននិងវៀតណាម កំពុងជំរុញកំណែទម្រង់ និងការផ្លាស់ប្ដូរថ្មីដែលស្របតាមលក្ខខណ្ឌនៃប្រទេសនិមួយៗ។ យោងតាមលោក Lin Jian ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគឺដើម្បីផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ)

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមេសា គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី ៤ របស់លោក Xi Jinping ក្នុងឋានៈជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងវៀតណាម (១៩៥០-២០២៥)។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានបញ្ជាក់ថា ប្រទេសជិតខាងសង្គមនិយមទាំងពីរបានបង្កើតទំនាក់ទំនងដ៏រឹងមាំ "ជាសមមិត្តផង ជាបងប្អូនផង"។ លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន បានចាត់ទុកចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងចិន និងវៀតណាម គឺជាគំរូដ៏រស់រវើក ដែលគប្បីពង្រឹង។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់មេដឹកនាំចិន គឺជាឱកាសសម្រាប់ភាគីទាំងពីររៀបចំផែនទីបង្ហាញផ្លូវនាពេលអនាគតសម្រាប់ទំនាក់ទំនងទ្វេភាគី។

ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានសរសេរអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងវៀតណាមផងដែរ។ នេះជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងវៀតណាមមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុស្តិ៍ទូរទស្សន៍ CGTN បានដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មចិនដែលឲ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមចាប់តាំងពីឆ្នាំ២០០៤ ខណៈដែលប្រទេសវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅក្នុងអាស៊ានចាប់តាំងពីឆ្នាំ២០១៦។ យោងតាមក្រសួងពាណិជ្ជកម្មចិន ប្រទេសចិនត្រៀមជាស្រេចសហការជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មានផ្សេងទៀតនៅជុំវិញពិភពលោកដូចជា កាសែត Prensa Latina (គុយបា) កាសែត Khmer Times (កម្ពុជា) កាសែត Tehran Times (អ៊ីរ៉ង់) កាសែត TASS និងកាសែត RIA Novosti (រុស្ស៊ី)... ក៏បានផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន។

យោងតាមកាសែត Channel News Asia របស់សិង្ហបុរី អ្នកវិភាគបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិននៅអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយតំបន់ និងលើកកម្ពស់តួនាទីជាដៃគូសេដ្ឋកិច្ចដែលអាចទុកចិត្តបានរបស់ទីក្រុងប៉េកាំង។

កាសែត China Daily បានសន្និដ្ឋានថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់សម្រាប់ទំនាក់ទំនងរវាងចិន និងវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត។ កាសែត China Daily បានចាត់ទុកថា ប្រទេសចិនមានបំណងចង់សហការជាមួយវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណី ក៏ដូចជាការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong