បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឡាវ
កប.អនឡាញ - ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមករា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។
ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ក្នុងបរិបទដែលវៀតណាម និងឡាវកំពុងអនុវត្តយ៉ាងសកម្មនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ហើយកំពុងត្រៀមរៀបចំមហាសន្និបាតបក្ខភាគនៅគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតទូទាំងប្រទេសនៃបក្សនីមួយៗនៅដើមឆ្នាំ២០២៦។ នេះជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាម ហើយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏ជាថ្នាក់ដឹកនាំបរទេសដំបូងគេដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនៅឆ្នាំ២០២៥ បង្ហាញពីសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។
ក្នុងនាមជាប្រទេសជិតខាង វៀតណាមនិងឡាវបានបង្កើត និងពូនជ្រំទំនាក់ទំនងជិតស្និទ្ធក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ក្រោយមកគឺបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ទំនាក់ទំនងនោះកាន់តែអភិវឌ្ឍ ហើយត្រូវបានលើកកម្ពស់ក្លាយទៅជាទំនាក់ទំនងពិសេស បង្កើតកម្លាំងចលករសម្រាប់ប្រជាជនវៀតណាមនិងប្រជាជនឡាវជំនះរាល់ការលំបាក បញ្ហាប្រឈម និងវាយបរាជ័យសត្រូវទាំងអស់។ ជ័យជំនះដ៏លេចធ្លោរបស់សម្ព័ន្ធមិត្តប្រយុទ្ធនាអតីតកាលបានក្លាយទៅជានិមិត្តរូបនៃសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ (រូបថត៖ vov.vn) |
សព្វថ្ងៃនេះ ក្នុងបរិបទនៃស្ថានការណ៍ពិភពលោក និងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ ដោយឈរលើមូលដ្ឋាននៃការលើកកំពស់ស្មារតីឯករាជ្យ ខ្លួនទីពឹងខ្លួន កិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍រួម ភាគីទាំងពីរតែងតែផ្តល់អាទិភាព ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ ដើម្បីសន្តិភាព និងស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
នាពេលកន្លងមក ដោយអនុវត្តតាមការដឹកនាំរបស់ការិយាល័យនយោបាយទាំងពីរ រួមជាមួយនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រដ្ឋ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ នាំមកនូវសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ តាមនោះ ទំនាក់ទំនងនយោបាយកាន់តែមានជំនឿជាក់ និងជិតស្និទ្ធ ដើរតួនាទីជាស្នូល និងតំរង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ (ខែមករា ឆ្នាំ២០២៤) និងកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ (ខែកុម្ភៈ និងខែកញ្ញា ឆ្នាំ២០២៤)។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គមរបស់ប្រទេសនីមួយៗ ព្រមទាំងកសាងតំបន់ព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងឡាវ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ចាប់ពីដើមឆ្នាំដល់ដំណាច់ខែតុលា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១.៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសគឺមូលដ្ឋានជាប់ព្រំដែន ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់កិច្ចសហប្រតិបត្តិការរួមរវាងវៀតណាម និងឡាវ។ ភាគីទាំងពីរបានជួយគាំទ្រគ្នាប្រកបដោយប្រសិទ្ធភាពនៅវេទិកាសហប្រតិបត្តិការពហុភាគីអន្តរជាតិ និងតំបន់ គាំទ្រនិងសហការយ៉ាងជិតស្និទ្ធដើម្បីប្រទេសឡាវទទួលជោគជ័យក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៤ និងជាប្រធាននៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA)។
ដោយមានមោទនភាពចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បន្តបញ្ជាក់ពីគោលនយោបាយឥតងាករេរបស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ ផ្តល់អាទិភាពកំពូលចំពោះចំណងសាមគ្គីភាពពិសេស និងស្មោះត្រង់រវាងវៀតណាម និងឡាវ។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងមានឱកាសអភិវឌ្ឍន៍ជាច្រើនផង និងបញ្ហាប្រឈមថ្មីៗជាច្រើនផង។ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរតែងតែប្តេជ្ញាចិត្តរក្សា ការពារ និងពូនជ្រំទំនាក់ទំនងដ៏កម្រលើពិភពលោករវាងវៀតណាម និងឡាវ សក្តិសមជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន។
សូមជូនពរដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យ បង្កើតកម្លាំងចលករថ្មីដើម្បីរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវឲ្យបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយ៕
បកប្រែដោយ Thuy Anh