ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥ អគ្គលេខាបក្សទាំងពីរ បានផ្ញើសារជូនពរឆ្នាំថ្មីជូនបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ជូនពរឲ្យបុព្វហេតុកសាងសង្គមនិយមរបស់ប្រទេសនីមួយៗ ទទួលបានជោគជ័យកាន់តែធំធេង ប្រជាជននៃប្រទេសទាំងពីរមានសុភមង្គល និងវិបុលភាព ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរបន្តអភិវឌ្ឍប្រកបដោយសុខសន្តិភាព និងស្ថិរភាព រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងបរិយាកាសនៃភាពស្មោះត្រង់ បើកចំហ និងមិត្តភាព អគ្គលេខាបក្សទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិនក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ដែលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសពីរ។ នៅឆ្នាំ ២០២៤ ការផ្លាស់ប្តូរជាន់ខ្ពស់ជាច្រើនបានប្រព្រឹត្តក្នុងបរិយាកាសនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើកគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង និងទស្សនៈរួមជាន់ខ្ពស់ជាច្រើន រួមទាំងសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិននាខែសីហា ឆ្នាំ២០២៤ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។

leftcenterrightdel
លោក To Lam មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Xi Jinping (រូបថត៖ vnanet.vn)

លោក To Lam បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលប្រទេសចិនសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលដឹកនាំដោយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ហើយជឿជាក់ថា ប្រទេសចិននឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោក Xi Jinping បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនបក្សកុម្មុយនិស្តវៀតណាម និងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥) និងវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមសម្រេចបាននាពេលកន្លងមក ហើយជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស នឹងដឹកនាំប្រជាជនវៀតណាមអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យ និងអនុវត្តប្រកបដោយជោគជ័យនូវ “គោលដៅក្នុងរយៈពេល ១០០ ឆ្នាំ” ស្ដីពីការបង្កើតបក្ស និងបង្កើតប្រទេស ឆ្ពោះទៅរកសម័យថ្មីនៃ "ការឈានទៅមុខ" របស់ប្រជាជាតិនៅលើផ្លូវទៅកាន់សង្គមនិយម។

ក្នុងឱកាសនេះ លោក To Lam និងលោក Xi Jinping បានប្រកាសអំពីការចាប់ផ្តើមនៃឆ្នាំផ្លាស់ប្ដូរមនុស្សធម៌វៀតណាម - ចិន ២០២៥ ហើយឯកភាពសហការឲ្យបានល្អក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម - ចិន ២០២៥ ជំរុញការផ្សព្វផ្សាយ និងអប់រំដល់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងវៀតណាម និងចិន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន

អគ្គលេខាបក្សទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ និងប្រទេសទាំងពីរ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការលើគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ស្របតាមតួនាទីជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ បង្កើតរបកគំហើញថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តល់អាទិភាពលើការជម្រុញការតភ្ជាប់ផ្លូវដែកស្ដង់ដារចំនួន ៣ ខ្សែរវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងលើវិស័យដែលកំពុងរីកចម្រើន។

ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកព័ត៌មានអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ហើយឯកភាពបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងទ្រឹស្តីស្តីពីការកសាងសង្គមនិយម សហការលើបញ្ហាអន្តរជាតិ និងតំបន់ រួមចំណែកជម្រុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thanh Cong