សូមគោរពថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន និងប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនៅសាលប្រជុំ និងទីតាំងជាច្រើននៅទូទាំងប្រទេស។
សមមិត្តជាទីគោរព!
ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងអនុវត្ដការងារឆ្នាំ ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។
សមមិត្តជាទីគោរព!
ខ្ញុំមានការចាប់អារម្មណ៍ និងរំជើបរំជួលចិត្ដចំពោះលទ្ធផលដែលយើងសម្រេចបានក្នុងឆ្នាំ ២០២៤។ តួលេខ និងលទ្ធផលគួរឱ្យកត់សម្គាល់ដែលបានលើកឡើងក្នុងរបាយការណ៍របស់រដ្ឋាភិបាល និងមតិរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានមួយចំនួនអាចបញ្ជាក់ថា យើងសម្រេចបានជោគជ័យ និងទូលំទូលាយនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៤ ក្នុងបរិបទដែលពោរពេញទៅដោយ “រលក និងខ្យល់បក់ខ្លាំង សម្បីតែជួនកាល "ព្យុះ" នៅក្នុងទិដ្ឋភាពជាតិ តំបន់និងអន្តរជាតិ។
ក្នុងនាមការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមកត់សម្គាល់ អបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាល នាយករដ្ឋមន្ត្រី គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងអង្គភាពអាជីវកម្ម កម្មាភិបាល បក្ខជន ជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេស និងអាណិកជនវៀតណាមអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ បង្កើតមូលដ្ឋានគ្រឹះ និងកម្លាំងចលករថ្មី ស្មារតីថ្មីសម្រាប់ការអនុវត្តគោលដៅ និងភារកិច្ចឆ្នាំ២០២៥ និងផែនការ ៥ ឆ្នាំ(២០២១-២០២៥) បង្កើតកម្លាំងចលករសម្រាប់សម្រេចបានគោលដៅគ្រប់ជ្រុងជ្រោយ និងលើសពីគោលដៅ និងផែនការដែលមហាសន្និបាតបក្សលើកទី១៣ បានកំណត់ ជាពិសេសគោលដៅ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស និង ១០០ឆ្នាំ នៃការបង្កើតប្រទេស។
អង្គប្រជុំនេះគឺមានសារៈសំខាន់ ព្រោះវាជាឱកាសសម្រាប់យើងវាយតម្លៃយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពីស្ថានភាព និងលទ្ធផលដែលសម្រេចបាន ក៏ដូចជាចំណុចខ្វះខាត ឧបសគ្គ និងបញ្ហាប្រឈមក្នុងវិស័យនានាក្នុងឆ្នាំ ២០២៤។ ផ្អែកលើមូលដ្ឋាននោះ យើងនឹងកំណត់ភារកិច្ច និងដំណោះស្រាយដើម្បីបំពេញគោលដៅដែលបានកំណត់ដោយមជ្ឈិម និងរដ្ឋសភា ហើយទន្ទឹមនឹងនោះមានមូលដ្ឋានបន្ថែមទៀតដើម្បីបំពេញខ្លឹមសារឯកសារនៃមហាសន្និបាតនៅគ្រប់លំដាប់ថ្នាក់នៃអាណត្តិបន្ទាប់ ដោយផ្តោតលើបញ្ហាសំខាន់ៗ ។
|
|
សុន្ទរកថារបស់អគ្គលេខាបក្ស To Lam ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងអនុវត្ដការងារឆ្នាំ២០២៥ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន |
ក្នុងបរិបទដែលជួបការលំបាក និងបញ្ហាប្រឈមជាច្រើន យើងបានសម្រេចនូវគោលដៅទូទៅដែលបានកំណត់ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើននៅក្នុងវិស័យជាច្រើន ក្នុងនោះ សម្រេចលើសពីគោលដៅ ១៥/១៥ នៃផែនការឆ្នាំ ២០២៤។ លេចធ្លោគឺការងើបឡើងវិញជាវិជ្ជមាននៃសេដ្ឋកិច្ច ជាមួយនឹងកំណើនខ្ពស់; ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព; សមតុល្យសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានាយ៉ាងរឹងមាំ។ សុខុមាលភាពសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ នយោបាយសង្គមស្ថិរភាព ការការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងឥតឈប់ឈរ បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់ និងពង្រីក ពង្រឹងជំហរ និងកិត្យានុភាពរបស់ប្រទេសក្នុងឆាកអន្តរជាតិ។ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងបង្កើនការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ។ ខ្ញុំសូមសង្កត់ធ្ងន់លើលទ្ធផលខ្លឹមសារសំខាន់ៗមួយចំនួនដូចតទៅ ៖
ទីមួយ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព ជាមួយនឹងកំណើនសេដ្ឋកិច្ចឈានដល់ ៧.០៩% ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់ក្នុងបរិបទដែលពិភពលោកជួបការលំបាក។ រចនាសម្ព័ន្ធសេដ្ឋកិច្ចបន្តផ្លាស់ប្តូរឆ្ពោះទៅរកឧស្សាហូបនីយកម្ម និងទំនើបកម្ម។ សមាមាត្រនៃឧស្សាហកម្ម សំណង់ និងសេវាកម្មបានកើនឡើង ខណៈដែលវិស័យកសិកម្មមានការថយចុះ។ អតិរេកពាណិជ្ជកម្មជាង ២០ ពាន់លានដុល្លារ។ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងបានក្លាយជាកត្តាជំរុញកំណើនថ្មី ស្របតាមនិន្នាការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅពិភពលោក។ ការធ្វើបរិវត្ដកម្មឌីជីថលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសការអនុវត្តន៍គម្រោងទី០៦។ រដ្ឋាភិបាលឌីជីថលត្រូវបានជំរុញយ៉ាងខ្លាំង កំណែទម្រង់រដ្ឋបាលមានប្រសិទ្ធភាព រួមចំណែកលើកកំពស់គុណភាពនៃការគ្រប់គ្រងរបស់រដ្ឋ និងជំរុញទំនើបកម្មវិស័យសេដ្ឋកិច្ចសង្គម។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូល ឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព លើកកំពស់កិត្យានុភាពរបស់ប្រទេសនៅក្នុងតំបន់និងអន្តរជាតិ។ ហើយការលើកសរសើរទីក្រុងធំៗ និងមូលដ្ឋានមួយចំនួនដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ... ដែលជាកត្តាជំរុញកំណើន។
ទីពីរ របកគំហើញយុទ្ធសាស្ត្រត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ជាមួយនឹងស្មារតីនៃការនវានុវត្ដន៍ និងការប្តេជ្ញាចិត្តខ្ពស់ សម្រេចបានលទ្ធផលវិជ្ជមានក្នុងវិស័យជាច្រើន។ ច្បាប់ត្រូវបានកំណត់ថាជាសំខាន់នៃកំណែទម្រង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង បង្កើតបរិយាកាសផ្លូវច្បាប់ប្រកបដោយតម្លាភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលធានាបាននូវយុត្តិធម៌ និងសិទ្ធិប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគមនាគមន៍សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ គម្រោងសំខាន់ៗដូចជាបណ្តាញផ្លូវល្បឿនលឿនត្រូវបានអនុវត្តស្របគ្នាជាមួយនឹងផ្លូវល្បឿនលឿនជាង ២,០០០ គីឡូម៉ែត្រ បង្កើនការតភ្ជាប់អន្តរតំបន់ កាត់បន្ថយថ្លៃដឹកជញ្ជូន និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។
វិនិយោគយ៉ាងខ្លាំងលើកំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងថាមពល បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនធានមនុស្ស និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្តមានវឌ្ឍនភាព។ គោលនយោបាយអប់រំ និងបណ្តុះបណ្តាលត្រូវបានកែលម្អយ៉ាងទូលំទូលាយ ដោយផ្តោតលើការលើកកម្ពស់គុណភាពនៃការបង្រៀន និងបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការអប់រំទូទៅ និងសកលវិទ្យាល័យកំពុងកែលម្អឥតឈប់ឈរ បំពេញតាមតម្រូវការនៃសេដ្ឋកិច្ចចំណេះដឹង។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ ដោយមានគំនិតផ្តួចផ្តើម និងដំណោះស្រាយបច្ចេកទេសជាច្រើនដែលបានប្រើប្រាស់ក្នុងការផលិត រួមចំណែកបង្កើនផលិតកម្ម អភិវឌ្ឍន៍ឧស្សាហកម្មទំនើប និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន។ សមិទ្ធិផលទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពរយៈពេលវែង។
ទី៣ វិស័យវប្បធម៌ សង្គម និងបរិស្ថានបន្តបានវិនិយោគ និងអភិវឌ្ឍ ដោយទទួលបានលទ្ធផលច្បាស់។ សុខុមាលភាពសង្គម ផ្លែផ្កានៃការរីកចម្រើនត្រូវតែទៅដល់មនុស្សគ្រប់រូប យុត្តិធម៌ ស្មើភាព និងលើកទឹកចិត្តការអភិវឌ្ឍន៍។ ការអភិវឌ្ឍន៍វប្បធម៌ត្រូវបានដាក់ឱ្យស្មើគ្នាជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតភាពសុខដុមរមនាក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។ តម្លៃវប្បធម៌ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ជាច្រើនរបស់ប្រទេសជាតិត្រូវបានបន្ដទទួលមរតក អភិរក្ស។ បេតិកភណ្ឌវប្បធម៌ និងរម្មណីយដ្ឋានដែលទទួលស្គាល់ដោយអង្គការ UNESCO បន្តត្រូវបានការពារ និងផ្សព្វផ្សាយ រួមចំណែកលើកកំពស់កិត្យានុភាពវប្បធម៌ និងរូបភាពទឹកដីវៀតណាម។
គោលនយោបាយជួយឧបត្ថម្ភអ្នកមានគុណូបការៈ ជំនួយសង្គម និងការកាត់បន្ថយភាពក្រីក្រពហុវិស័យបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ កម្មវិធីសាងសង់លំនៅឋានសង្គម និងការលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោមត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ដំណោះស្រាយសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ការការពារបរិស្ថាន ការការពារគ្រោះមហន្តរាយធម្មជាតិ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានដាក់ឱ្យដំណើរការយ៉ាងសកម្ម។ ជាពិសេស គម្រោងដាំដើមឈើ ការគ្រប់គ្រងទឹកសាបនៅតំបន់ដីសណ្ដ Cuu Long និងការបំប្លែងថាមពលកកើតឡើងវិញ រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ស្របតាមការប្តេជ្ញាចិត្តអន្តរជាតិរបស់វៀតណាមនៅ COP26។
ទី៤ ពង្រឹងការការពារជាតិ និងសន្តិសុខ លើកកំពស់កិច្ចការបរទេស និងសមាហរណកម្ម និងលើកកំពស់កិត្យានុភាពរបស់ប្រទេសលើឆាកអន្តរជាតិ។ កងកំលាំងប្រដាប់អាវុធបន្តកសាងក្នុងទិសដៅ “ចំណាន របៀបរៀបរយ រឹងមាំ” ទំនើប ត្រៀមប្រយុទ្ធ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់បញ្ហាប្រឈម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែធានាសន្តិសុខជាតិប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវបរិយាកាសសន្តិភាពនិងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។ ការងារធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស៊ីសង្វាក់គ្នា រួមចំណែកទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធភាព និងដោះស្រាយនូវបញ្ហាក្តៅគគុក ធានាសុវត្ថភាពសម្រាប់ប្រជាពលរដ្ឋ ធុរកិច្ច ព្រមទាំងពង្រឹងទំនុកចិត្តលើប្រព័ន្ធនយោបាយ។ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន។ ទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយបន្តបានពង្រីក និងកាន់តែស៊ីជម្រៅ ជាពិសេសជាមួយប្រទេសធំៗ និងតំបន់អាស៊ាន។ កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី និងពហុភាគីត្រូវបានលើកកម្ពស់ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងវប្បធម៌។
ការទូតសេដ្ឋកិច្ចត្រូវបានអនុវត្តយ៉ាងសកម្ម រួមចំណែកទាក់ទាញការវិនិយោគបរទេស ជំរុញការនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ។ តួនាទី និងការទទួលខុសត្រូវរបស់វៀតណាមក្នុងអង្គការអន្តរជាតិដូចជាអាស៊ាន APEC G20 និងអង្គការសហប្រជាជាតិត្រូវបានបញ្ជាក់ និងលើកកំពស់កិត្យានុភាពនិងជំហររបស់ប្រទេសលើឆាកអន្តរជាតិ។ សម្រេចបាននូវគោលដៅស្ថិរភាពដើម្បីឲ្យប្រទេសរីកចម្រើនប្រកបដោយចីរភាព។
ទី៥ ការងារកសាងប្រព័ន្ធបក្ស និងប្រព័ន្ធនយោបាយបន្តត្រូវបានជំរុញយ៉ាងខ្លាំង និងលើកកំពស់សមិទ្ធិផលសំខាន់ៗពីដំណាក់កាលមុនៗ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បក្សបានដឹកនាំការពង្រឹងអង្គការ និងសតិអារម្មណ៍ប្រយុទ្ធដើម្បីលុបបំបាត់សញ្ញាអវិជ្ជមាន។ រចនាសម្ព័នក្បាលម៉ាស៊ីនបានកាត់បន្ថយប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការត្រួតស៊ីគ្នា និងកែលម្អសមត្ថភាពគ្រប់គ្រង។ នេះគឺជាមូលដ្ឋានសម្រាប់ការកែលម្អផលិតភាពការងារ និងធនធាន និងបំពេញបានល្អនូវតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ការងារសតិអារម្មណ៍ និងនយោបាយត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសាមគ្គីភាព និងឯកភាពក្នុងបក្ស និងប្រព័ន្ធនយោបាយទាំងមូល។ សេចក្តីណែនាំ និងសេចក្ដីសម្រេចចិត្ដស្តីពីការអប់រំនយោបាយ និងសតិអារម្មណ៍ត្រូវបានអនុវត្តស្របគ្នា ដោយជួយលើកកម្ពស់ការយល់ដឹង ស្មារតីទទួលខុសត្រូវនិងភាពស្មោះត្រង់របស់កម្មាភិបាល និងបក្ខជនចំពោះបុព្វហេតុបដិវត្តន៍។ ការងារទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាននៅតែបន្តជាចំណុចភ្លឺជាមួយការដឹកនាំយ៉ាងទូលំទូលាយ ករណីពុករលួយសេដ្ឋកិច្ចធំៗជាច្រើនត្រូវបានរកឃើញ និងដោះស្រាយយ៉ាងតឹងរ៉ឹង ដោយបញ្ជាក់យ៉ាងច្បាស់ថា "គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង"។ ការដោះស្រាយករីណីបំពានត្រូវធានានូវភាពតឹងរ៉ឹងនៃច្បាប់ រួមចំណែកសម្អាតអំពើពុករលួយ អវិជ្ជភាពក្នុងប្រព័ន្ធនយោបាយ កម្មាភិបាល និងបក្ខជនគ្រប់លំដាប់ថ្នាក់ អប់រំទូលំទូលាយ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងប្រព័ន្ធនយោបាយ កែលម្អបរិយាកាសធុរកិច្ច និងសង្គម និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស។
រដ្ឋាភិបាលបានដាក់ជូនគម្រោងរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាល យោងតាមការតម្រង់ទិសរបស់មជ្ឈិម និងស្មារតីនៃសេចក្ដីសម្រេចចិត្ដលេខ 18-NQ/TW; ជំរុញវិមជ្ឈការនិងវិសហមជ្ឈការ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការដោះស្រាយការងារ ទន្ទឹមនឹងនោះលើកកម្ពស់ការទទួលខុសត្រូវ និងសិទ្ធិអំណាចរបស់ភ្នាក់ងាររដ្ឋបាល។ កាត់បន្ថយនីតិវិធីរដ្ឋបាល រៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្ដ ថ្នាក់ឃុំ ពង្រឹងការគោរពវិន័យ។ ទោះបីជាឆ្នាំ ២០២៤ ប្រទេសទទួលបានលទ្ធផលវិជ្ជមានជាច្រើន និងសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដោយក៏យើងមិនអាចបដិសេធថាមានចំណុចខ្វះខាតមួយចំនួន រួមជាមួយនឹងបញ្ហាប្រឈមធំៗដែលទាមទារឲ្យគ្រប់លំដាប់ថ្នាក់ក្នុងការកសាង និងអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
ម៉ាក្រូសេដ្ឋកិច្ចបង្ហាញសញ្ញាស្ថិរភាព ប៉ុន្តែនៅមានហានិភ័យដែលអាចកើតមានឡើង។ សកម្មភាពផលិត និងការធ្វើអាជីវកម្មប្រឈមនឹងការលំបាកជាច្រើន; ការបញ្ចេញដើមទុនវិនិយោគសាធារណៈយឺតយ៉ាវ; ខ្ជះខ្ជាយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ ដីធ្លី និងធនធាននៅមានចំនួនច្រើន។ ប្រព័ន្ធច្បាប់នៅមានចំណុចខ្វះខាតជាច្រើន ជាពិសេសបទប្បញ្ញត្តិស្តីពីដីធ្លី បរិស្ថាន និងនីតិវិធីរដ្ឋបាលដែលរារាំងដល់ការអភិវឌ្ឍន៍របស់អាជីវកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋ។ វិមជ្ឈការនិងវិសហមជ្ឈការ មិនមានប្រសិទ្ធភាពទេ ដោយអំណាចប្រមូលផ្តុំនៅថ្នាក់មជ្ឈិម ក្រសួង និងស្ថាប័ន ភ្នាក់ងាររដ្ឋបាលអនុវត្ដការងារមិនត្រឹមត្រូវដែលធ្វើឲ្យដំណើរការនៃគម្រោងសំខាន់ៗមានភាពយឺតយ៉ាវ។ គុណភាពនៃធនធានមនុស្សមិនបំពេញតម្រូវការទីផ្សារការងារ ជាពិសេសកង្វះកម្មករជំនាញខ្ពស់ក្នុងឧស្សាហកម្ម ៤.០ និងសេវាកម្មគុណភាពខ្ពស់។ ជីវភាពរស់នៅរបស់ប្រជាជនមួយផ្នែក ជាពិសេសនៅតំបន់ក្រីក្រ និងដាច់ស្រយាលនៅជួបការលំបាក។ ទោះបីជាអត្រាគ្រួសារក្រីក្រកំពុងថយចុះយ៉ាងឆាប់រហ័សក៏ដោយ គម្លាតអ្នកមាន និងអ្នកក្រមាននិន្នាការកើនឡើង។ បញ្ហាប្រឈមផ្នែកបរិស្ថានដូចជា គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ ការរអិលបាក់ដី និងគ្រោះរាំងស្ងួតបន្តបង្កឱ្យមានការខូចខាតយ៉ាងខ្លាំង។ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់មួយចំនួននៅមានភាពស្មុគស្មាញ ដូចជា ឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ការក្លែងបន្លំតាមអ៊ីនធឺណិត គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ និងការផ្ទុះដ៏ធ្ងន់ធ្ងរ។
ក្នុងបរិបទនេះ ក្នុងអង្គប្រជុំនេះ យើងត្រូវមើលការពិត វិភាគអំពីស្ថានភាព មូលហេតុ និងដកមេរៀនដ៏មានតម្លៃពីការអនុវត្តដើម្បីដាក់ចេញនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព និងទាន់ពេលវេលា។
ឆ្នាំ ២០២៥ មានសារៈសំខាន់ ជាពិសេសជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ២០២១-២០២៥ ដែលជាឆ្នាំនៃការពន្លឿន ឈានដល់គោលដៅ ជាមួយគ្នានោះគឺជាឆ្នាំរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស និងពង្រឹង និងត្រៀមរៀបចំឱ្យបានល្អនូវកត្តា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល១០ឆ្នាំ សម្រាប់ឆ្នាំ២០២១-២០៣០ ស្របពេលប្រទេសឈានចូលយុគសម័យថ្មី យុគសម័យឈានមុខ រីកចម្រើន និងវិបុលភាពរបស់ប្រទេសជាតិ។
គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សបានសន្និដ្ឋាន ហើយរដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៥។ ខ្ញុំយល់ស្របចំពោះខ្លឹមសារនៃរបាយការណ៍របស់រដ្ឋាភិបាល និងមតិរបស់ប្រតិភូលើការព្យាករណ៍ស្ថានភាព ទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងវិស័យនានា។ យើងត្រូវការឆ្លើយតបនឹងគ្រប់ស្ថានភាពទាំងអស់ ជាពិសេសនៅក្នុងបរិបទនៃការព្យាករណ៍ស្ថានភាពពិភពលោក និងតំបន់នឹងបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ការលំបាកនិងបញ្ហាប្រឈមលើសពីភាពងាយស្រួលនិងឱកាស។ ក្នុងនោះ ខ្ញុំកត់សម្គាល់ខ្លឹមសារ និងទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទីមួយ ចាំបាច់ត្រូវបានឯកភាពគ្នា និងភាពចាំបាច់ត្រូវបន្ដផ្លាស់ថ្មីនូវសេដ្ឋកិច្ច៖ យើងបានបូកសរុបការងារផ្លាស់ថ្មីក្នុងរយៈពេល ៤០ ឆ្នាំ កន្លងមក ហើយចាំបាច់ត្រូវផ្លាស់ថ្មីខ្លាំងក្លា ប្ដេជ្ញាចិត្ដ បដិវត្តន៍និងទូលំទូលាយថែមទៀត ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដើម្បីយើងអាចឈានចូលយុគសម័យនៃភាពរុងរឿង និងរីកចម្រើនខ្លាំងក្លា និងអភិវឌ្ឍន៍។ អាទិភាពកំពូលគឺការសម្រួលរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយតាមទិស "របៀបរៀបរយ រឹងមាំ ប្រសិទ្ធភាព "។ នេះមិនគ្រាន់តែជាការកាត់បន្ថយប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យមានកំណែទម្រង់យ៉ាងទូលំទូលាយនៃអភិបាលកិច្ចរដ្ឋ តម្លាភាព និងលើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ-ថវិកា និងគ្រប់គ្រងធនធាន។ ធ្វើវិសោធនកម្មច្បាប់ និងយន្តការគ្រប់គ្រង ដើម្បីផ្តល់សិទ្ធិស្វ័យភាព និងម្ចាស់ការបន្ថែមទៀតសម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទោះជាយ៉ាងណាក៏ដោយ ប្រការនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងយន្តការត្រួតពិនិត្យ និងគ្រប់គ្រប់អំណាចយ៉ាងតឹងរ៉ឹង ធានាថា មិនប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លាលើប្រព័ន្ធហិរញ្ញវត្ថុ ធនាគារ និងរូបិយវត្ថុ។ កែលំអប្រព័ន្ធច្បាប់ឲ្យមានប្រសិទ្ធភាព ធានាបាននូវតម្លាភាព ព្រមៗ យុត្តិធម៌ និងដោះស្រាយការត្រួតស៊ីគ្នា ចំណុចខ្វះខាតក្នុងប្រព័ន្ធបច្ចុប្បន្ន បង្កើតមូលដ្ឋានច្បាប់ដែលមានស្ថេរភាព និងងាយស្រួលក្នុងការអនុវត្ត។ អាជីវកម្មបានសេរីភាពក្នុងការធ្វើអាជីវកម្មលើអ្វីៗដែលមិនត្រូវបានហាមឃាត់ដោយច្បាប់។ ភ្នាក់ងាររដ្ឋអាចធ្វើអ្វីដែលច្បាប់អនុញ្ញាត។ គួរតែផ្តល់អាទិភាពដល់ការកសាងផ្លូវច្បាប់សម្រាប់ទម្រង់សេដ្ឋកិច្ចថ្មី និងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តដល់ការច្នៃប្រឌិតក្នុងសង្គម។ លទ្ធភាពសម្រេចបាននូវកំណើនពីរខ្ទង់នាពេលអនាគត អាស្រ័យទៅលើការផ្លាស់ថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង។
ទីពីរ ផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា គឺជាគោលដៅសំខាន់ក្នុងការកសាងសេដ្ឋកិច្ចរឹងមាំ និងស្ថិរភាព តាមបាវចនា "អភិវឌ្ឍន៍ដើម្បីស្ថិរភាព" ដើម្បីសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច ៨% ក្នុងឆ្នាំ ២០២៥ ដោយផ្តោតលើគុណភាពនៃកំណើន និងខិតខំសម្រេចបានកំណើនពីរខ្ទង់ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ហើយចាំបាច់ត្រូវអនុវត្តដំណោះស្រាយដែលស៊ីសង្វាក់គ្នានិងមានប្រសិទ្ធភាព។ ជាពិសេស វាចាំបាច់ដើម្បីលើកកម្ពស់ការកែសម្រួលច្បាប់ គោលការណ៍ទីផ្សារក្នុងការកៀរគរ និងការបែងចែកធនធាន ព្រមទាំងលុបបំបាត់យន្តការ "សុំ-ឱ្យ" និងផ្នត់គំនិតឧបត្ថម្ភធន។ ចាំបាច់លើកកម្ពស់ភាពកម្លាំងពីប្រជាជន និងគ្រប់អង្គភាពសេដ្ឋកិច្ច ដោយការកសាងរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ស្វាហាប់ និងបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយសុវត្ថិភាព តម្លាភាព ចំណាយទាប និងស្តង់ដារអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍន៍ ។ រដ្ឋត្រូវតែការពារសិទ្ធិស្របច្បាប់ និងសេរីភាពនៃការធ្វើអាជីវកម្ម ហើយចេញគោលនយោបាយលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ទម្រង់ធ្វើអាជីវកម្មដោយផ្អែកលើបច្ចេកវិទ្យានិងនវានុវត្ដន៍។ ការធ្វើបរិវត្ដកម្មឌីជីថលជាតិចាំបាច់ត្រូវលើកកម្ពស់ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបង្កើនការតភ្ជាប់រវាងអាជ្ញាធរ អាជីវកម្ម និងប្រជាជន។
ទី៣ ចាំបាច់ត្រូវផ្តោតលើការវិនិយោគ និងកែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិនិងសំខាន់ៗ ជាពិសេសគម្រោងលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវរថភ្លើងល្បឿនលឿន កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ថាមពល និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។ ខិតខំបញ្ចប់ផ្លូវគោកល្បឿនលឿនប្រវែង ៣,០០០ គីឡូម៉ែត្រ ផ្លូវគោកឆ្នេរសមុទ្រជាង ១,០០០ គីឡូម៉ែត្រ និងចាប់ផ្តើមសាងសង់ខ្សែផ្លូវដែកតភ្ជាប់ខេត្ដ Lao Cai- ទីក្រុង Hanoi- ទីក្រុង Hai Phong។ ចាំបាច់ត្រូវតែអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការអគ្គិសនី VIII ។ បន្តកសាង និងកែលំអយន្តការ និងគោលនយោបាយអភិវឌ្ឍអគ្គិសនី និងថាមពលកកើតឡើងវិញ ជាពិសេសថាមពលអ៊ីដ្រូសែន និងអគ្គិសនីនុយក្លេអ៊ែរ។ ផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ ហេដ្ឋារចនាសម្ព័ន្ធនវានុវត្តន៍ និងកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងវិស័យថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត ទិន្នន័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទិន្នន័យធំ កុំព្យូទ័រពពក ជួយគាំទ្រអាជីវកម្មក្នុងការអនុវត្តបច្ចេកវិទ្យាថ្មី ព្រមទាំងបង្កើតឱកាសថ្មីៗក្នុងវិស័យនានាដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក អប់រំឌីជីថល សុខាភិបាលឌីជីថល... ចាំបាច់លើកកម្ពស់ប្រព័ន្ធ 5G និងស្រាវជ្រាវលើបច្ចេកវិទ្យា 6G អភិវឌ្ឍន៍ផ្កាយរណបទូរគមនាគមន៍ និងលើកកម្ពស់ប្រព័ន្ធទូរគមនាគមន៍ជាតិ។ ជាពិសេស បង្កើនការស្រាវជ្រាវនិងអនុវត្តប្រកបដោយប្រសិទ្ធភាពលើលំហចក្រក្រវាឡ លំហសមុទ្រ ... ដើម្បីបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី និងបង្កើនសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពារធនធានធម្មជាតិ និងអធិបតេយ្យភាពជាតិ។
ទី៤ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ថ្មីនូវទម្រង់កំណើន ដើម្បីបង្កើនការប្រកួតប្រជែង។ ការអភិវឌ្ឍន៍លឿន និងនិរន្តរភាព ចាំបាច់ត្រូវផ្អែកលើមូលដ្ឋាននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្ដកម្មឌីជីថល ជាពិសេសប្រកាន់យកមនុស្សជាមជ្ឈភាព ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់។ លើកទឹកចិត្តឱ្យអាជីវកម្មវិនិយោគក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងជីវបច្ចេកវិទ្យា បង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមអាជីវកម្ម នវានុវត្ដន៍ និងបង្កើតតម្លៃសេដ្ឋកិច្ចថ្មី។ ទន្ទឹមនឹងនោះ អនុវត្តការផ្លាស់ថ្មី និងទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល អភិវឌ្ឍន៍ការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតម្រូវការទីផ្សារការងារ និងតម្រូវការការងារដែលនាំមកដោយដំណើរការធ្វើបរិវត្ដកម្មឌីជីថល។ កសាងមូលដ្ឋានឌីជីថល តភ្ជាប់និងចែករំលែកទិន្នន័យរវាងភ្នាក់ងារ និងអង្គការដើម្បីជួយបង្កើនការសម្របសម្រួលរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគមន៍ធុរកិច្ច តារយៈនោះ ជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច។
ទី៥ ផ្តោតលើការអភិវឌ្ឍន៍វប្បធម៌ សង្គម និងកសាងមនុស្សវៀតណាមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទន្ទឹមនឹងការធានាសុខុមាលភាពសង្គម កាត់បន្ថយគ្រោះមហន្តរាយ ការបន្សាំនឹងការប្រែប្រលួលអាកាសធាតុ។ ចាំបាច់ចិញ្ចឹមនិងបណ្តុះផ្នត់គំនិតរបស់កុមារចាប់តាំងពីពេលទៅសាលាមានស្មារតីសិក្សាដោយខ្លួនឯង ចេះពឹងលើខ្លួនឯង មោទនភាពជាតិ។ ការវិនិយោគអភិវឌ្ឍន៍វប្បធម៌ត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បង្កើតសង្គមស៊ីវិល័យ សាមគ្គីភាព និងវិវឌ្ឍនភាព។ ដាក់ចេញយន្តការលើកទឹកចិត្តការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ បង្កើតផលិតផលវប្បធម៌ដ៏មានតម្លៃ និងលើកកម្ពស់សក្តានុពល និងអត្តសញ្ញាណជាតិ។
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាលឆ្នាំ ២០២៥-២០៣៥ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ស្មារតី ការពារ និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ រៀបចំសកម្មភាពប្រារព្ធពិធីបុណ្យសំខាន់ៗនៅឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីរបស់ប្រទេសជាតិ។ កសាងប្រព័ន្ធគោលនយោបាយសង្គមដ៏ទូលំទូលាយ ទំនើប និងនិរន្តរភាព។ អនុវត្តបានល្អនូវគោលនយោបាយសុខុមាលភាពសង្គម ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងជួយគាំទ្រក្រុមងាយរងគ្រោះ។ ផ្លាស់ថ្មូនូវវិធានការព្យាករណ៍ និងគ្រប់គ្រងជំងឺរាតត្បាត ការពារសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាព។
គោលនយោបាយស្តីពីជាតិសាសន៍ សាសនា និងជំនឿត្រូវមានភាពយុត្តិធម៌ ប្រសិទ្ធភាព ឆ្ពោះទៅរកបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងមិត្តភាព។ លើកកម្ពស់សមភាពយេនឌ័រ ការរីកចម្រើនរបស់ស្ត្រី ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងអភិវឌ្ឍកាយសម្បទា និងកីឡា ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តនៅ COP26 ។ ចាំបាច់ដាក់ចេញ និងអនុវត្តដំណោះស្រាយកាត់បន្ថយការបំពុលខ្យល់នៅក្នុងទីក្រុងធំៗ រួមមានទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយនាំយកសន្ទស្សន៍គុណភាពខ្យល់មកកម្រិតដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាព។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ដែលមានការបញ្ចេញឧស្ម័នទាប ផ្សាភ្ជាប់ជាមួយកំណើនបៃតងនៅតំបន់ដីសណ្ត Cuu Long។ អនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយផ្តោតលើដំណោះស្រាយក្នុងការទប់ស្កាត់ការរអិលបាក់ដីនៅតំបន់ភ្នំភាគខាងជើង និងដីសណ្ដទន្លេ Cuu Long។
ទី៦ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី។ ធានាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ។ បន្តកសាងនិងពង្រឹងប្រៀងការពារជាតិដោយប្រជាជនទាំងមូល និងសន្ដិសុខប្រជាជនផ្សាភ្ជាប់ទៅនឹងប្រៀបប្រជាជន។ ជំរុញការកសាងកងកម្លាំងប្រដាប់អាវុធប្រជាជន ផ្តោតលើការលើកកម្ពស់គុណភាពហ្វឹកហ្វឺន និងត្រៀមខ្លួនជាស្រេចឆ្លើយតបគ្រប់ស្ថានភាព។ គ្រប់គ្រងយ៉ាងតឹងរឹងនូវលំហអាកាស ដែនសមុទ្រ ព្រំដែន និងបណ្ដាញអ៊ីនធឺណិត ។ បង្កើនការវិនិយោគលើប្រព័ន្ធឃ្លាំមើលទំនើប និងសម្របសម្រួលរវាងកងកម្លាំងមុខងារ ការពារអធិបតេយ្យភាព និងសិទ្ធិប្រយោធន៍ស្របច្បាប់របស់ប្រទេសជាតិ។ ផ្តោតលើការកសាងកងទ័ព "ចំណាន របៀបរៀបរយ និងរឹងមាំ" ដោយផ្តោតលើការលើកកម្ពស់គុណភាពហ្វឹកហ្វឺននិងសមត្ថភាពប្រយុទ្ធ។ បង្កើនការវិនិយោគលើវិស័យការពារជាតិ ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិទំនើប ដើម្បីធានាថា កងទ័ពមានឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីបម្រើការងារការពារប្រទេស។ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសង្គម។ អនុវត្ដព្រមៗ និងគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនូវរាល់សកម្មភាពសមាហរណកម្មអន្តរជាតិ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់ទាញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា ពង្រឹងនិងលើកកំពស់កិត្យានុភាពអន្តរជាតិរបស់វៀតណាម។
ទីប្រាំពីរ គឺផ្តោតលើការអនុវត្តដំណោះស្រាយ ដើម្បីផ្លាស់ថ្មីនូវវិធីសាស្រ្តដឹកនាំរបស់បក្ស ដោយហេតុនេះ លើកកម្ពស់ប្រសិទ្ធភាពនៃការងារកសាង និងកែតម្រូវបក្ស។ ជាបឋម គឺត្រូវលើកកម្ពស់ការយល់ដឹងក្នុងចំណោមកម្មាភិបាល និងសមាជិកបក្សអំពីតួនាទីដឹកនាំដ៏ទូលំទូលាយរបស់បក្ស ធានាការដឹកនាំដ៏រឹងមាំ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ត្រូវបង្ហាញតួនាទីដឹកនាំរបស់ខ្លួនតាមរយៈប្រព័ន្ធនយោបាយ ផ្សារភ្ជាប់ជាមួយស្មារតីត្រួសត្រាយ ស្មារតីគំរូ រិះគន់ខ្លួនឯងរបស់កម្មាភិបាល និងបក្ខជននីមួយៗ។ ទន្ទឹមនឹងនោះ ដាក់ចេញគោលនយោបាយនិងគោលការណ៍ណែនាំ បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តគោលនយោបាយ។ ការងារចលនា និងបញ្ចុះបញ្ចូលប្រជាជនត្រូវតែពង្រឹង ធានាថា អំណាចរបស់ប្រជាជន និងការកសាងរដ្ឋ “របស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន”។ ត្រួតពិនិត្យ និងឃ្លាំមើលត្រូវអនុវត្តយ៉ាងម៉ត់ចត់ និងទប់ស្កាត់ការរំលោភបានទាន់ពេល រក្សាភាពស្អាតស្អំរបស់បក្ស។ រដ្ឋាភិបាលចាំបាច់ត្រូវលើកកម្ពស់តួនាទីដោយម្ចាស់ការ និងច្នៃប្រឌិតក្នុងការគ្រប់គ្រង កសាងគោលនយោបាយ ច្បាប់ យុទ្ធសាស្ដ្រ និងផែនការដើរទន្ទឹមនឹងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។ រដ្ឋបាលបម្រើប្រជាពលរដ្ឋត្រូវកសាងឡើងដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ទំនើប តម្លាភាព និងស្អាតស្អំ។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី៤ (អាណត្តិទី ១៣) ទប់ស្កាត់ការធ្លាក់ចុះនូវសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ និងសញ្ញា "ការវិវឌ្ឍន៍ដោយខ្លួនឯង"។ កម្មាភិបាល និងសមាជិកបក្សត្រូវតែជាគំរូល្អក្នុងការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ និងសីលធម៌របស់លោកប្រធានហូជីមិញ ទន្ទឹមនឹងនោះរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ និងសីលធម៌របស់បក្ស ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ។
ទីប្រាំបី នេះជាសំណួរបើកចំហសម្រាប់ប្រតិភូទាំងអស់គ្នា។ យើងបាននិយាយច្រើនអំពីការរៀបចំ "សំបុក" សម្រាប់ "ឥន្ទ្រី" ប្រការនេះត្រឹមត្រូវ ដូច្នេះគួរតែធ្វើណាស់។ ប៉ុន្តែហេតុអ្វីបានជាយើងមិនសូវនិយាយអំពីផែនការត្រៀមរៀបចំ "ព្រៃឈើ" និង "វាលស្រែ" សម្រាប់ " សត្វឃ្មុំ" ប្រមូលផ្កា និងទឹកឃ្មុំ? ហេតុអ្វីបានជាយើងមិនកំណត់គោលដៅបង្កើតការងារថ្មីសម្រាប់ដំណាក់កាលនីមួយៗ និងវិស័យនីមួយៗ? ក្នុងរយៈពេលខាងមុខនេះ នឹងមានពលកម្មប្រហែល ១០០,០០០ នាក់ ចាកចេញពីស្ថាប័នរដ្ឋ ដោយសារតែផលប៉ះពាល់នៃការកាត់បន្ថយក្របខ័ណ្ឌក្នុងក្បាលម៉ាស៊ីនន្ធនយោបាយ ហើយយុវជន ១០០.០០០ នាក់ នឹងបញ្ចប់កាតព្វកិច្ចយោធា ហើយត្រឡប់មកមូលដ្ឋានវិញ។
ដូច្នេះ តើរដ្ឋាភិបាលមានគោលនយោបាយអ្វីខ្លះ ដើម្បីវិស័យឯកជនអាចទទួលកម្លាំងទាំងនេះ? តើគោលនយោបាយអ្វីខ្លះ ដើម្បីអភិវឌ្ឍទីផ្សារពលកម្ម និងទីផ្សារការងារ? ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវតែមានរចនាសម្ព័ន្ធការងារ។ ចាប់ពីឆ្នាំ ២០២១ ដល់បច្ចុប្បន្ន យើងមានការព្រមព្រៀង និងគម្រោងសហប្រតិបត្ដិការចំនួន ៥៧៩ 579 ដែលបានចុះហត្ថលេខាតាមរយៈសកម្មភាពកិច្ចការបរទេសជាមួយដៃគូចំនួន ៦៩។ ដូច្នេះ តើអ្នកណាជាអ្នកតាមដានការអនុវត្ត ឬ ជំរុញកិច្ចព្រមព្រៀង និងកិច្ចសន្យាទាំងនេះ? ប៉ះពាល់យ៉ាងដូចម្តេច? ឬ គ្រាន់តែចុះហត្ថលេខា។
ហើយនៅសំណួរស្រដៀងគ្នាជាច្រើនទៀតកំពុងមករកយើង។
សមមិត្តជាទីគោរព!
ក្នុងរយៈពេលកន្លងមក បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលបានរួបរួម និងខិតខំជំនះការលំបាក និងបញ្ហាប្រឈមជាច្រើន ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗ។ ការពិតបានបង្ហាញឱ្យឃើញថា កាន់តែលំបាក យើងកាន់តែបង្ហាញសាមគ្គីភាព ការតាំងចិត្ត រួមសុខរួមទុក្ខ និងក្រោកឡើងយ៉ាងខ្លាំង។ ហើយអាចបញ្ជាក់បានថា នាពេលបច្ចុប្បន្ននេះ យើងមានកិត្យានុភាព និងកម្លាំងគ្រប់គ្រាន់ តាំងចិត្តឈានចូលយុគសម័យថ្មី យុគសម័យឈានមុខ រីកចម្រើនខ្លាំងក្លា និងវិបុលភាពរបស់ប្រទេសជាតិ។
ក្នុងបរិយាកាសនៃការត្រៀមចូលឆ្នាំថ្មី ២០២៥ និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំ កម្មាភិបាល បក្ខជនសនីមួយៗ និងបុគ្គលិកនឹងយល់ច្បាស់នូវយុគសម័យថ្មី យុគសម័យឈានមុខ ការរីកចម្រើនខ្លាំងក្លានិងវិបុលភាព”។ ចាត់ទុកថានេះជាគោលការណ៍ណែនាំសម្រាប់រាល់សកម្មភាព និងការសម្រេចចិត្ត និងជាអណ្ដាតភ្លើងបំភ្លឺផ្លូវសម្រាប់បុព្វហេតុអភិវឌ្ឍប្រទេសក្នុងដំណាក់កាលខាងមុខ។ ដើម្បីសម្រេចបាននូវសតិអារម្មណ៍នេះ យើងត្រូវខិតខំ ប្ដេជ្ញាចិត្ដ ប្រែការយល់ដឹងទៅជាសកម្មភាពជាក់ស្តែង និងឆន្ទៈក្លាយជាការពិត។ រាល់ឱកាសដែលមក យើងត្រូវតែចាប់យកទាន់ពេល ព្រោះបើយើងមិនចាប់យកឱកាស យើងនឹងមានកំហុសចំពោះប្រវត្តិសាស្ត្រ និងប្រជាជន។
ខ្ញុំសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន នឹងរួមជាមួយនឹងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបន្តសាមគ្គីភាព និងខិតខំជាបន្តបន្ទាប់ ប្តេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចបាននូវគោលដៅ និងភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំ ២០២៥ និងឆ្នាំបន្ដបន្ទាប់។
ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ២០២៥ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំ សូមជូនពរមហាប្រសើរដល់រដ្ឋាភិបាល និងស្ថាប័នគ្រប់លំដាប់ថ្នាក់ មូលដ្ឋាននានា ខ្ញុំសូមជូនពរឱ្យប្រតិភូទាំងអស់គ្នារក្សានូវស្មារតីច្នៃប្រឌិត សាមគ្គីភាព និងប្ដេជ្ញាចិត្ដក្នុងការដឹកនាំ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការងារ សម្រេចបានល្អនូវរាល់ភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។ ជោគជ័យនីមួយៗរបស់អស់លោកគឺជាជំហានដ៏រឹងមាំក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេស ហើយជាកម្លាំងចលករដ៏ធំធេងសម្រាប់យើងរួមដៃគ្នាកសាងប្រទេសវៀតណាមរីកចម្រើនខ្លាំងក្លា អរិយធម៌ និងសុភមង្គល។
សូមជូនពរមហាប្រសើរជូនចំពោះអស់លោក លោកស្រីក្នុងឱកាសចូលឆ្នាំថ្មី ជួបតែសេចក្ដីសុខ សុខភាពល្អបរិបូរ សុភមង្គល និងជោគជ័យគ្រប់ប្រការ៕
សូមអរគុណច្រើន!
បកប្រែដោយ DIEP HOAN