វៀតណាមតែងតែចាត់ទុកបែលហ្ស៊ិកជាដៃគូសំខាន់មួយនៅក្នុងសហភាពអឺរ៉ុប (EU)។ នេះត្រូវបានបញ្ជាក់ដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងជំនួបជាមួយលោក Karl Van Den Bossche ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម នាថ្ងៃទី២៦ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវៀតណាម-បែលហ្ស៊ិក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកានានា និងអង្គការអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា ការពារជាតិ និងសន្តិសុខ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងវិស័យទេសចរណ៍ជាដើម ហើយ​និងពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យយុទ្ធសាស្ត្រអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្ទះឈីបស៊ីមីកុងដុកទ័រ និង​ការដឹកជញ្ជូនជាដើម។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសបែលហ្ស៊ិកផ្តល់សច្ចាប័នលើ EVIPA ក្នុងពេលឆាប់ៗនេះ និងមានសំឡេង​គាំទ្រចំពោះគណៈកម្មការអឺរ៉ុប (EC) ក្នុងការដកកាតលឿង IUU លើអាហារសមុទ្រវៀតណាម លើកទឹកចិត្តអង្គភាពអាជីវកម្មបែលហ្ស៊ិកឱ្យបង្កើនការវិនិយោគនៅវៀតណាម និងបន្តផ្តល់ជំនួយឥតសំណង ជាពិសេសសម្រាប់គម្រោងនានាក្នុងវិស័យអប់រំបណ្តុះបណ្តាល បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល​ បរិស្ថាន និងការដោះស្រាយផលវិបាកនៃសង្គ្រាម។

ចំណែកលោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានបញ្ជាក់ថា ប្រទេសបែលហ្ស៊ិកតែងតែត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយប្រទេសវៀតណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន រួមទាំងការដោះស្រាយផលវិបាកនៃសង្គ្រាម និងសង្កត់ធ្ងន់ថា ប្រទេសបែលហ្ស៊ិកគឺជាប្រទេសតែមួយគត់ដែលមានសេចក្តីសម្រេចស្តីពីការជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ហើយប្តេជ្ញាគាំទ្រប្រទេសវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងបន្សាបជាតិគីមីពុលពណ៌លឿងទុំ/Dioxin ក៏ដូចជាជួយជនរងគ្រោះផងដែរ៕

បកប្រែដោយ Duy Hoan