នេះជាការអះអាងរបស់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលផ្ដល់បទសម្ភាសក្នុងឱកាសដែលលោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី បំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា។

អ្នកសារព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្ដេចចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅលេខាធិការដ្ឋានអាស៊ាន ក្នុងឱកាសរំលឹកខួបលើកទី៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន (១៩៩៥-២០២៥)?

លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស នៅប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន គឺជាដំណើរទស្សនកិច្ចមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ លោកអគ្គលេខាបក្សគឺជាមេដឹកនាំជាន់ខ្ពស់របស់វៀតណាម ដែលជាប្រទេសសមាជិកអាស៊ាន ដូច្នេះហើយអាចហៅថាជាមេដឹកនាំអាស៊ាន ក្នុងឱកាសខួបលើកទី៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន។ ដូច្នេះដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស ហើយនឹងពង្រឹងតួនាទីរបស់វៀតណាមក្នុងអាស៊ាន។

ឆ្នាំនេះ យើងកំពុងឈានដល់ដំណាក់កាលចុងក្រោយនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ហើយថ្នាក់ដឹកនាំទាំងឡាយនឹងចាប់ផ្តើមចក្ខុវិស័យសម្រាប់ ២០ ឆ្នាំខាងមុខគឺចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាមួយនឹងផែនការយុទ្ធសាស្រ្តថ្មីចំនួន៤ នៅខែឧសភា ឆ្នាំនេះ។ ដូច្នេះ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយទាន់ពេលវេលា និងមានលក្ខណៈជាយុទ្ធសាស្ត្រ។

ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស នឹងលើកកំពស់កិត្យានុភាព និងចក្ខុវិស័យរបស់អាស៊ាន មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀតផង។ ដូច្នេះខ្ញុំគិតថា នេះគឺជាការរួមចំណែកសំខាន់មួយទៀតរបស់វៀតណាមចំពោះអាស៊ាន។ ជាពិសេស សុន្ទរកថាអំពីគោលនយោបាយនឹងជួយតម្រង់ទិសសម្រាប់អាស៊ាន។

leftcenterrightdel
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់បទសម្ភាសន៍ (រូបថត៖ vnanet.vn)

អ្នកសារព័ត៌មាន៖ សូមលោកឲ្យដឹងអំពីតួនាតីនិងការរួមវិភាគទានរបស់វៀតណាមក្នុងគោលដៅរួមរបស់អាស៊ាន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ?

លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ វៀតណាមបានរួមចំណែកយ៉ាងច្រើនក្នុងការជម្រុញ និងរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងអាស៊ាន ជំរុញការពង្រីក និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពរបស់អាស៊ាន និងពង្រឹងទំនាក់ទំនងការបរទេសរបស់ប្លុក ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។ ដូច្នេះ ទំនាក់ទំនងការបរទេសត្រូវបានពង្រឹងបន្ថែមទៀត។

ខ្ញុំចាត់ទុកថា បច្ចុប្បន្ន វៀតណាមជាប្រទេសសមាជិកដ៏សំខាន់ ព្រោះវៀតណាមបានរួមចំណែកយ៉ាងសំខាន់ដល់អាស៊ានក្នុងការអភិវឌ្ឍ ការផ្លាស់ប្តូរ និងការរីកចម្រើន។ វៀតណាមក្លាយជាផ្នែកដ៏សំខាន់ក្នុងវិស័យនយោបាយ ការបរទេស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ពីនោះ ជួយអាស៊ានឲ្យកាន់តែរឹងមាំ មានភាពធន់ និងស្វាហាប់។

វៀតណាមក៏បានលើកកម្ពស់តួនាទីរបស់អាស៊ានមិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅលើសកលផងដែរ។ តួនាទីរបស់វៀតណាមក្នុងពាណិជ្ជកម្មសកល និងការរួមចំណែករបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងអាស៊ានគឺមានសារៈសំខាន់ខ្លាំងណាស់។

អ្នកសារព័ត៌មាន៖ តើវៀតណាម និងអាស៊ានគប្បីធ្វើអ្វី ហើយផ្តោតលើវិស័យអ្វីខ្លះនៃកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ជាមួយនឹងគោលដៅកសាងអាស៊ានប្រកបដោយចីរភាព ច្នៃប្រឌិត ស្វាហាប់ និងយកប្រជាជនជាស្នូល?

លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន៖ វៀតណាមមិនត្រឹមតែមានឱកាសច្រើនទេ ប៉ុន្តែក៏មានសក្តានុពលជាច្រើនផងដែរ។ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ខ្ញុំជឿជាក់ថា វៀតណាមនឹងចូលរួម និងគាំទ្រយ៉ាងសកម្ម ដើម្បីប្លុកសម្រេចបាននូវសហគមន៍អាស៊ានដែលមានភាពស្វាហាប់ ច្នៃប្រឌិត ភាពធន់ និងយកប្រជាជនជាស្នូល។ ដើម្បីសម្រេចបានគោលដៅនេះ គប្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាធានាថា អាស៊ាននឹងបន្តមានសំឡេងកាន់តែរឹងមាំ និងឯកភាពគ្នា។ ព្រោះថា អាស៊ាននៅតែអភិវឌ្ឍដោយឥតឈប់ឈរ។

ខ្ញុំជឿជាក់ថា ការរួមចំណែកយ៉ាងសកម្មសម្រាប់ប្លុកគឺដើម្បីផលប្រយោជន៍របស់ប្រទេសសមាជិកនីមួយៗ រួមទាំងវៀតណាមផងដែរ។ ដោយសារតែអាស៊ានរឹងមាំ និងមានភាពធន់គឺរឿងល្អសម្រាប់ប្រទេសសមាជិកអាស៊ានទាំងអស់ ជាពិសេសសម្រាប់ពលរដ្ឋរបស់ប្លុក។ ខ្ញុំគិតថា អ្វីដែលយើងចង់ឃើញគឺ អាស៊ានដ៏រឹងមាំមួយ។ វៀតណាមរឹងមាំមានន័យថាអាស៊ានរឹងមាំ ហើយផ្ទុយទៅវិញ។

ខ្ញុំចង់បញ្ជាក់ថា ថ្នាក់ដឹកនាំវៀតណាមមានចក្ខុវិស័យសម្រាប់រយៈពេលវេង ហើយបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមវិភាគទានរបស់ខ្លួនចំពោះអាស៊ាន។ ខ្ញុំចាត់ទុកថា អាស៊ាននឹងតែងតែជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់ប្រទេសសមាជិកនីមួយៗ រួមទាំងវៀតណាមផងដែរ។

អ្នកសារព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Thuy Anh