មតិសាធារណជនស្វីសជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនឹងពង្រីកកាលានុវត្តន៍ភាពជាអតិបរមា
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Klaus Schwab ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៥៥ របស់ WEF នៅទីរួមស្រុក Davos និងធ្វើការទ្វេភាគីនៅស្វីស។
ដំណើរទស្សនកិច្ចនៅប្រទេសស្វីសនាពេលខាងមុខ គឺជាឱកាសដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ និងធុរកិច្ចធំៗ ពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចវៀតណាមអំពីទិសដៅ អាទិភាពអភិវឌ្ឍន៍ និងឱកាសដែលវៀតណាមអាចបង្កើតសម្រាប់ធុរកិច្ច ក្នុងដំណាក់កាលផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅរបស់ពិភពលោកនាបច្ចុប្បន្ន។
លោក Ivo Sieber អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម បានវាយតម្លៃថា ការដែលនាយករដ្ឋមន្ត្រីវៀតណាមនឹងអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ WEF នៅទីរួមស្រុក Davos នាពេលខាងមុខ ជាព្រឹត្តិការណ៍ដ៏សំខាន់។ ខ្ញុំគិតថា ការចូលរួមព្រឹត្តិការណ៍នៅទីរួមស្រុក Davos របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម គឺជាការសម្រេចចិត្តដ៏សំខាន់មួយ។ ខ្ញុំជឿជាក់ថា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាមនឹងឆ្លៀតយកឲ្យបានល្អនូវឱកាសនេះ។ ក្នុងរយៈពេលធ្វើការទ្វេភាគីក្នុងប្រទេសស្វីស ខ្ញុំជឿជាក់ថាបញ្ហាសេដ្ឋកិច្ចក៏ត្រូវបានយកចិត្តទុកដាក់ដែរ។
|
|
លោក Ivo Sieber អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម ក្នុងព្រឹត្តិការណ៍មួយនៃវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF) (រូបថត៖ vnanet.vn) |
ដោយវាយតម្លៃអំពីកម្មវិធីធ្វើការនៅទីរួមស្រុក Davos របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម លោក Philippe Reich ប្រធានសភាពាណិជ្ជកម្មឥណ្ឌាស្វីសបានឲ្យដឹងថា សន្និសីទ WEF គឺជាស្ពានតភ្ជាប់ពិភពលោកជាមួយប្រទេសស្វីស។ កាលពីប៉ុន្មានឆ្នាំមុន គណៈប្រតិភូឥណ្ឌាក៏បានបំពេញទស្សនកិច្ចនៅប្រទេសស្វីស ហើយភាគីនានាមានការពិភាក្សាជាវិជ្ជមាន។ តាមគម្រោង សមាជិកទាំងអស់នៃក្រុមប្រឹក្សាសហព័ន្ធស្វីសនឹងមកទីក្រុង Davos នៅសប្តាហ៍ក្រោយ។ កិច្ចប្រជុំសំខាន់ៗជាច្រើននឹងត្រូវធ្វើឡើងនៅទីរួមស្រុក Davos និងនៅតំបន់ជិតទីរួមស្រុកនេះ។ សន្និសីទ WEF នៅទីរួមស្រុក Davos មានតួនាទីសំខាន់ ហើយលោកសង្ឃឹមថា គណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងឆ្លៀតយកឱកាសនេះឲ្យបានល្អបំផុត។
ទន្ទឹមនឹងនោះ បញ្ញវន្តវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសស្វីសក៏បានសម្តែងនូវជំនឿលើជោគជ័យនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ហើយសង្ឃឹមថា វៀតណាមនិងស្វីសនឹងពង្រឹងទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ លោកស្រី Ly Pham ប្រធានទទួលបន្ទុកអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុន JANZZ Technology បានចែករំលែកថា ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលដឹកនាំដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងស្វីស ជំរុញការពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក EFTA បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ និងអាជីវកម្ម ព្រមទាំង បង្កើនការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍រវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong