ការរួមចំណែកជាមួយសហគមន៍អន្តរជាតិ លើកកំពស់កិត្យានុភាពរបស់វៀតណាម
កប.អនឡាញ - ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានរួមចំណែកប្រកបដោយប្រសិទ្ធភាពជាច្រើនទៅក្នុងការងាររួមរបស់អង្គការក្នុងតំបន់ និងអន្តរជាតិ រួមចំណែកដោះស្រាយរាល់បញ្ហា ប្រឈមជាសកល។ សកម្មភាពនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពនិងទំនួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទី កិត្យានុភាពអន្តរជាតិរបស់ប្រទេសជាតិកាន់តែកើនឡើង។
ពីគំនិត និងគំនិតផ្តួចផ្តើម...
ការរួមចំណែករបស់វៀតណាមត្រូវបានបង្ហាញតាមរយៈការចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងការស្វែងរកដំណោះស្រាយចំពោះរាល់បញ្ហាដែលអង្គការសហប្រជាជាតិ (UN) ជាអង្គការពហុភាគីធំបំផុតនៅលើភពផែនដី ក៏ដូចជាបណ្តាអង្គការក្នុងតំបន់ និងអន្តរជាតិមានការយកចិត្តទុកដាក់។
មកទល់ពេលនេះ វៀតណាមបានបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយជោគជ័យពីរលើក ដោយបង្ហាញនូវទំនួលខុសត្រូវខ្ពស់ និងរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងតំបន់។ សមិទ្ធផលទាំងឡាយដែលវៀតណាមបន្សល់ទុកក្នុងអាណត្តិដំបូង (២០០៨-២០០៩) ក្នុងតួនាទីនេះ គឺរួមចំណែកដល់ការសម្រេចចិត្តលើបញ្ហាជាច្រើនដែលទាក់ទងនឹងជម្លោះក្នុងតំបន់ ការស្ដារឡើងវិញក្រោយជម្លោះ និងប្រយុទ្ធប្រឆាំងភេរវកម្ម លើកកម្ពស់តម្លាភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ ជាពិសេសក្នុងការបង្កើនទំនុកចិត្ដ និងកិច្ចសន្ទនា ការទប់ស្កាត់និងដោះស្រាយជម្លោះ និងបញ្ហាប្រឈមនៅសកលលោក។
|
|
នាយទហានមានកិត្តិយសនិងមោទនភាពដែលបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូង និងតំបន់ Abyei |
ក្នុងអាណត្តិ ២០២០-២០២១ វៀតណាមបន្តបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកបដោយជោគជ័យ តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។ ផ្ដល់គំនិតផ្តួចផ្តើមជាច្រើននិងរួមចំណែកយ៉ាងសំខាន់ក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខ។ ជាពិសេសក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមករា ឆ្នាំ២០២០ វៀតណាមបានជំរុញក្រុមប្រឹក្សាសន្តិសុខដើម្បីអនុម័តសេចក្តីប្រកាសប្រធានដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ រួមចំណែកលើកកម្ពស់តម្លៃ គោលការណ៍ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ហើយនៅពេលទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមេសា ឆ្នាំ២០២១ វៀតណាមបានជំរុញការអនុម័តសេចក្តីប្រកាសប្រធានរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីរួមគ្នាដោះស្រាយផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីនក្រោយសង្គ្រាមដើម្បីសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងសហគមន៍។
ក្នុងកម្រិតតំបន់ ក្នុងអំឡុងរួមដំណើរជាមួយអាស៊ាន វៀតណាមបានរួមចំណែកយ៉ាងសំខាន់ជាច្រើនចំពោះកិច្ចសហប្រតិបត្តិការក្នុងប្លុក ក៏ដូចជារវាងអាស៊ាន និងដៃគូនានា។ ជាពិសេស ក្នុងតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០១០ និង ២០២០ វៀតណាមបានបង្ហាញពីតួនាទីដឹកនាំក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពក្នុងប្លុក។ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ជំរុញការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។ នៅពេលទទួលតួនាទីជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៧ វៀតណាមជាប្រទេសមួយដែលបានលើកសំណើ និងអនុវត្ដគំនិតផ្ដួចផ្ដើមជាច្រើនដែលទាក់ទងនឹងវិស័យផ្សេងៗគ្នាដូចជា ពាណិជ្ជកម្ម វិនិយោគ សុខាភិបាលការប្រយុទ្ធ និងប្រឆាំងភេរវកម្ម...
សកម្មភាពជាក់ស្ដែង
ក្រៅពីការផ្ដល់គំនិតផ្តួចផ្តើម វៀតណាមក៏អនុវត្តសកម្មភាពជាក់លាក់ដើម្បីគាំទ្រសហគមន៍អន្តរជាតិ និងប្រទេសជាមិត្ត និងដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនទៀតផង។
ជាក់ស្ដែងគឺការរួមចំណែករបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសកល។ ពីឆ្នាំ ២០១៤ មក វៀតណាមបានបញ្ជូននាយទាហានទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំមកទល់ពេលនេះ វៀតណាមបានបញ្ជូនយោធិននិងប៉ូលីសជាង ៩០០ នាក់ រួមទាំងកងពេទ្យកម្រិត ២ និងក្រុមវិស្វកម្មទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងតំបន់ Abyei។ កម្មាភិបាលនិងនាយទាហានរបស់វៀតណាមតែងតែបំពេញបានល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ បង្ហាញពីសមត្ថភាពវិជ្ជាជីវៈ ហើយត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីអង្គការសហប្រជាជាតិកោតសរសើរ និងវាយតម្លៃខ្ពស់។ ប្រការនេះបានរួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អរបស់ទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាម។
នៅពេលដែលទួរគី រងការរញ្ជួយដីកម្រិតធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់បានបញ្ជូនកងកម្លាំងទៅស្វែងរក និងជួយសង្គ្រោះគ្រោះមហន្ដរាយនៅទួរគី។ ក្នុងលក្ខណៈលំបាក ជាពិសេសអាកាសធាតុដ៏អាក្រក់ យោធិននាយទាហាន នៃកងទ័ពប្រជាជនវៀតណាមបានសហការជាមួយកងកម្លាំងនៃបណ្ដាប្រទេស ដើម្បីស្វែងរកជនរងគ្រោះ។ គួរកត់សម្គាល់ថា នេះជាលើកដំបូងដែលកងទ័ពប្រជាជនវៀតណាមបានចាត់បញ្ជូនកងកម្លាំងជួយសង្គ្រោះមនុស្សធម៌ និងសង្គ្រោះគ្រោះរញ្ជួយដីនៅឯបរទេស។ ភាគីទួរគីបានសង្កត់ធ្ងន់ថា ទង្វើដ៏ថ្លៃថ្នូនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ជាសកល។
បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺរាតត្បាត Covid-19 ក្នុងសកលលោកទាំងមូល វៀតណាមមិនត្រឹមតែចូលរួមយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតជាមួយសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងប្រទេសផ្សេងទៀតក្នុងតំបន់ ក៏ដូចជាពិភពលោក; ឧបត្ថម្ភថវិកាដល់មូលនិធិដើម្បីឆ្លើយតបនឹង Covid-19 របស់អង្គការសហប្រជាជាតិ និងយន្តការ COVAX; ទន្ទឹមនឹងនោះ ចាត់បញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដដើម្បីជួយប្រទេសអាស៊ានមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
ស្ថានភាពក្នុងតំបន់ និងអន្តរជាតិកំពុងមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែជាមួយនឹងលទ្ធផលដែលសម្រេចបាន និងជាមួយនឹងគោលនយោបាយការបរទេសបើកទូលាយ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មនៃទំនាក់ទំនងអន្តរជាតិ វៀតណាមរំពឹងថានឹងបន្តរួមចំណែកបន្ថែមទៀតដល់គោលដៅដែលទាក់ទងនឹងសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕
បកប្រែដោយ Pham Diep