អ្នកយកព័ត៌មាន៖ សូមលោកចែករំលែកអំពីសារៈសំខាន់ និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលត្រូវបានធ្វើឡើងនៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ទោះបីជាកិច្ចប្រជុំប្រព្រឹត្តទៅត្រឹមតែក្នុងមួយថ្ងៃក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសទាំងឡាយបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាជាច្រើន និងបានឯកភាពលើខ្លឹមសារសំខាន់ៗជាច្រើន។ លទ្ធផល និងសារៈសំខាន់នៃកិច្ចប្រជុំនេះ អាចបុកសរុបជាបីចំណុចខាងក្រោម៖

ទីមួយ កិច្ចប្រជុំបានចុចប៊ូតុងជាផ្លូវការដើម្បីចាប់ផ្តើមឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ានដ៏រស់រវើក។ កិច្ចប្រជុំបានឯកភាពលើទិសដៅ និងការផ្តោតជាអាទិភាព ក៏ដូចជាគំនិតផ្តួចផ្តើមលើសសរស្តម្ភសហប្រតិបត្តិការ ដើម្បីអនុវត្តប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព”។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ានវៀតណាម (រូបថត៖ ក្រសួងការបរទេស)

ទី២ កិច្ចប្រជុំបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់អាស៊ានក្នុងរយៈពេលវែង។  ប្រទេសទាំងឡាយកំពុងបូកសរុបដំណើរការកសាងសហគមន៍ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ខណៈពេលដែលកំពុងបំពេញជាបន្ទាន់នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងផែនការយុទ្ធសាស្រ្តស្តីពីនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការតភ្ជាប់ដែលត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៦។

ជាចុងក្រោយ កិច្ចប្រជុំបានអះអាងសារជាថ្មីអំពីសារនៃអាស៊ានរួបរួម ដែលដើរតួនាទីជាមជ្ឈភាពនៅក្នុងពិភពលោកដែលមានការប្រែប្រួលជាច្រើន។ កិច្ចប្រជុំបានទទួលស្គាល់ការផ្លាស់ប្តូរដោយស្មោះត្រង់របស់ប្រទេសនានាលើបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ស្ថានភាពនៅសមុទ្រខាងកើត មីយ៉ាន់ម៉ា ជម្លោះរុស្ស៊ី-អ៊ុយក្រែន មជ្ឈិមបូព៌ា ដំណើរការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)... ត្រូវបានយកមកពិភាក្សាក្នុងស្មារតីបើកចំហ បរានុម័ត និងស្ថាបនា។ ទោះបីជាប្រទេសសមាជិកនីមួយៗមានការវាយតម្លៃ ឬគោលជំហររៀងៗខ្លួនក៏ដោយ ជាទូទៅ ប្រទេសទាំងឡាយចែករំលែកសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីការរួមចំណែករបស់វៀតណាមនៅក្នុងកិច្ចប្រជុំ?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ ក្នុងស្មារតីម្ចាស់ការ វិជ្ជមាន និងច្នៃប្រឌិត គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានចូលរួម និងរួមចំណែកជាវិជ្ជមានជាច្រើនក្នុងជោគជ័យនៃកិច្ចប្រជុំ។ ការរួមចំណែកទាំងនោះត្រូវបានបង្ហាញក្នុងវិស័យដូចខាងក្រោម៖

ទីមួយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានអះអាងការគាំទ្រយ៉ាងមុតមាំរបស់វៀតណាមចំពោះតួនាទីជាប្រធានរបស់ម៉ាឡេស៊ី និងប្រធានបទឆ្នាំ ២០២៥ ក៏ដូចជាកិច្ចសន្យាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសនានា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអាទិភាពដែលបានលើកឡើង ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវសាមគ្គីភាព និងការស្រុះចិត្តគំនិតអាស៊ាន លើកកម្ពស់ឯករាជ្យភាព និងស្វ័យភាពជាយុទ្ធសាស្ត្រ ក្នុងការប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពពិភពលោក និងតំបន់។

ទីពីរ អំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានចែករំលែកអំពីកាលានុវត្តភាព គុណសម្បត្តិ ក៏ដូចជាបញ្ហាប្រឈមដែលកើតឡើងនៅពេលដែលអាស៊ានប្រឈមនឹងការទាក់ទាញការយកចិត្តទុកដាក់ដែលកាន់តែកើនឡើងពីដៃគូខាងក្រៅ។ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្មី ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក ជាក់ស្តែង និងលើកកម្ពស់សាមគ្គីភាព និងតួនាទីជាមជ្ឈភាព។

ជាចុងក្រោយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានចែករំលែកដោយស្មោះត្រង់ វាយតម្លៃជាបរានុម័ត និងលើកសំណូមពរជាក់ស្តែងលើបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា។ អំពីបញ្ហាសមុទ្រខាងកើត វៀតណាមអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងគោលជំហរជាគោលការណ៍របស់អាស៊ាន ដោយអំពាវនាវឱ្យប្រទេសនានាបន្តសហប្រតិបត្តិការអនុវត្ត DOC យ៉ាងពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជំរុញការចរចារ COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ១៩៨២។

ការចូលរួមយ៉ាងសកម្មពីដំណាក់កាលរៀបចំ និងការរួមចំណែកក្នុងកិច្ចប្រជុំរបស់គណៈប្រតិភូវៀតណាមត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីប្រទេសនានា។ ប្រការនេះកាន់តែមានអត្ថន័យក្នុងបរិបទដែលឆ្នាំ ២០២៥ គឺខួបលើកទី ៣០ នៃការចូលរួមរបស់វៀតណាមក្នុងអាស៊ាន ដោយហេតុនោះបានបញ្ជាក់ពីគោលនយោបាយឥតងាករេរបស់យើងលើកិច្ចការបរទេសពហុភាគី ក្នុងនោះ អាស៊ានគឺជាយន្តការសហប្រតិបត្តិការពហុភាគីដែលភ្ជាប់យ៉ាងជិតស្និទ្ធដោយផ្ទាល់បំផុត និងសំខាន់បំផុត។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang